សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់ប្រសូតនៅថ្ងៃអង្គារ ទី១១ ខែ មីនា គ.ស.១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ដេចមានព្រះជាតិក្នុងត្រកូលកសិករ ព្រះមាតានៃសម្ដេចនាម យក់ ព្រះបិតានាម ព្រហ្ម ជួន។ គ្រួសារនេះមានបុត្រតែពីរនាក់គឺ អង្គសម្ដេចព្រះសង្ឃរាជ និងលោកឧកញ៉ាសោភណ្ឌមន្ត្រី ជួន នុត ជាព្រះអនុជនៃ សម្ដេចព្រះសង្ឃរាជ។
សម្ដេចកាលឋិតនៅក្នុងកុមារភាព មានព្រះជន្មាយុរវាង១២ឆ្នាំ ព្រះមាតាបិតាបាននាំយកទៅផ្ទុកផ្ដាក់ឲ្យរៀនសូត្រអក្សរសាស្ត្រ របស់ជាតិក្នុងសំណាក់លោកគ្រូសូត្រស្ដាំនាម កែ ម៉ម វត្តពោធិព្រឹក្ស ហៅវត្តពោល្យំ សង្កាត់រលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ឯកសារជាច្រើនដែលបានចងក្រងពីជីវប្រវត្តិសម្តេចសង្ឃរាជជួនណាតបានបញ្ជាក់ដូចគ្នាថា លុះសម្ដេចមានព្រះជន្មាយុ១៤ឆ្នាំ បានបួសជាសាមណេរ ក្នុងថ្ងៃ១៥កើត គ.ស.១៨៩៧ នៅបំពេញកិច្ចសិក្សានាវត្តពោធិព្រឹក្ស អស់រយៈកាលពីរឆ្នាំ ទើបចេញអំពីវត្តពោធិព្រឹក្សទៅរៀនសូត្រព្រះបរិយត្តិធម៌ ឯវត្តឧណ្ណាលោម ក្រុងភ្នំពេញ ។
សម្ដេច លុះបានព្រះជន្មាយុគម្រប់២១ព្រះវស្សាបានទ្រង់និមន្តត្រឡប់ទៅសូម ឧបម្បទាជាភិក្ខុ ក្នុងវត្តពោធិព្រឹក្សដែលជាវត្តដើមវិញ។
សម្ដេចទ្រង់ទទួលព្រះនាមប្បញ្ញត្តិថា ជោតញ្ញាណោ លុះទ្រង់បំពេញឧបសម្បទាជាភិក្ខុភាពរួចហើយ ទ្រង់ក៏និមន្តត្រឡប់មកគង់នៅវត្តឧណ្ណាលោម ទទួលការសិក្សាគន្ថធុរៈវិញទៀត។
សម្ដេចព្រះសង្ឃរាជ មានសេចក្ដីព្យាយាមប្រកបដោយថាមពលដ៏ក្លៀវក្លាក្នុងការសិក្សា ទាំងផ្នែកភាសាបាលី ទាំងផ្នែកភាសាឯទៀតៗ មានភាសាបារាំង ជាដើម។ ការសិក្សារបស់សម្ដេចព្រះសង្ឃរាជ មានជោគជ័យប្រសើរណាស់។
សម្ដេចព្រះសង្ឃរាជ ដែលទ្រង់ចាប់រៀនវិជ្ជាណាមួយ មានវិជ្ជាបាលីជាដើម គឺរៀនដោយយកព្រះទ័យទុកដាក់ ខិតខំប្រឹងប្រែង ឥតមានបន្ធូរបន្ថយក្នុងការសិក្សានោះឡើយ។
សម្ដេចទ្រង់ទទួលការសិក្សានោះគឺ សិក្សាដោយឆន្ទៈដ៏មានកម្លាំងមែនទែន ពុំមែនសិក្សាវិជ្ជាណាមួយដោយលេងៗ ទេ។ វិជ្ជាខាងភាសាបាលី ភាសាសំស្ក្រឹត និងភាសាបារាំង សុទ្ធតែវិជ្ជាដែលប្រដាប់ដោយវេយ្យាករណ៍ហ្មត់ចត់ ជ្រាលជ្រៅលំបាករៀន លំបាកយល់ជាទីបំផុត ប៉ុន្តែសម្ដេចអាចរៀន អាចយល់ច្បាស់លាស់ ដោយឆាប់រហ័សគួរឲ្យកោតសរសើរពន់ពេកណាស់។
សម្ដេចទ្រង់ចេះដឹងយល់ធ្លុះធ្លាយចំពោះវេយ្យាករណ៍គ្រប់ភាសា ដែលសម្ដេចបានរៀន មានវេយ្យាករណ៍បាលីសំស្ក្រឹតជាដើម ទាំងអក្សរសាស្ត្ររបស់ជាតិ និងពាក្យពេចន៍ក្នុងផ្នែកវប្បធម៌បុរាណក៏សម្ដេចចេះចាំយល់ហេតុផល ជាច្រើនណាស់។ ភាសាសៀម ភាសាលាវ និងភាសាបារាំង ដែលសម្ដេចបានរៀន អាចនិយាយប្រាស្រ័យទាក់ទងនឹងជនជាតិសៀម ជាតិលាវ និងជាតិបារាំងបាន។ សម្ដេចឈ្លាសវៃប្រសព្វយកតម្រាប់តាមសំឡេងភាសាជាតិដទៃៗឲ្យស្រដៀង ឬដូចភាសាជាតិដទៃបាន។ ភាសាអង់គ្លេស និងភាសាវៀតណាម ក៏សម្ដេចបានរៀន អាចមើល សរសេរនិយាយ ប្រាស្រ័យបានដែរ។
នៅ គ.ស.១៩១៣ សម្ដេចទ្រង់បានចូលប្រឡងដេញប្រយោគក្នុងព្រះឧបោសថរតនារាម វិហារព្រះកែវមរកត ចំពោះព្រះភ័ក្ត្រព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិបាន៤ប្រយោគ ដែលជាប្រយោគជាន់ខ្ពស់បំផុតក្នុងសម័យនោះ។
នៅឆ្នាំ១៩១៥ សម្ដេចទ្រង់បានប្រឡងជាប់លេខ២ បានទទួលការតែងតាំងជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ ដែលសព្វថ្ងៃមានឈ្មោះជាពុទ្ធិកវិទ្យាល័យសុរាម្រឹត។
លោក ទូច គន់ ពលរដ្ឋម្នាក់និងជាអ្នកស្រាវជ្រាវដែលបានប្រើប្រាស់ជាប្រចាំនូវវចនានុក្រមសម្តេច ជួន ណាតបានថ្លែងកោតសរសើរដល់វីរភាពនិងស្នាដៃមិនអាចកាត់ថ្លៃដែលសម្តេចសង្ឃរាជជួន ណាតបានបន្សល់ទុកមកដល់សព្វថ្ងៃ។
(សំឡេង)
ស្នាព្រះហស្ថខាងអក្សរសាស្ត្រនៃសម្ដេចព្រះសង្ឃរាជ ព្រះអង្គបានកសាងគម្ពីរដីកាជាច្រើនណាស់ ទាំងគម្ពីរស្លឹករឹត ទាំងសៀវភៅ ជាពិសេស គឺសៀវភៅដែលសម្ដេចប្រមូលរៀបរៀង និងសៀវភៅដែលទ្រង់ប្រែពីបាលីមកជាភាសាខ្មែរ សម្រាប់ពុទ្ធបរិស័ទរៀនសូត្រ។ សៀវភៅទាំងនោះជាសៀវភៅដែលកម្រនឹងមានអ្នកប្រាជ្ញឯណានឹងអាចធ្វើកើត។ ស្នាព្រះហស្ថដែលព្រះអង្គបានបន្សល់ទុកមានដូចជា វចនានុក្រមខ្មែរ មាន២ភាគ។ វេយ្យាករណ៍បាលី មាន២ភាគ គហិបដិបត្តិ សាមណេរវិន័យ និងស្នាព្រះហស្ថជាច្រើនអនេកផ្សេងទៀត ដែលមិនអាចរៀបរាប់អស់បាន។
និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រមួយរូបបានថ្លែងថា យុវជនខ្មែរជំនាន់ក្រោយគួរតែប្រឹងប្រែង ស្វែងយល់ពីស្នាព្រះហស្ថរបស់ព្រះអង្គដើម្បីបង្ហាញពីកត្តញ្ញូតាធម៌ដល់អ្នកប្រាជ្ញខ្មែរអង្គនេះ។
(សំឡេង)
លោកសំបូ ម៉ាណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យបញ្ញាសាស្ត្របានថ្លែងថា ស្នាព្រះហស្ថដែលជាតិខ្មែរមិនអាចបំភ្លេចបាននោះ គឺគ្រឹះអក្សរសិល្ប៍ជាតិដែលព្រះអង្គបានបន្សល់ទុករហូតមកទល់បច្ចុប្បន្ននិងទៅអនាគតកាល។
(សំឡេង)
សម្តេចសង្ឃរាជជួន ណាត បានចាប់ផ្តើមធ្លាក់ឈឺ និងបានសោយទិវង្គតនៅឆ្នាំ១៩៦៩។ ព្រះអង្គបានសោយទិវង្គតនៅព្រះជន្ម៨៦ព្រះវស្សា វេលាម៉ោង ៨និង២០នាទីយប់។
ឯកសារបានបញ្ជាក់ថា ការចូលទិវង្គតនេះបានធ្វើឲ្យពលរដ្ឋនិងមន្ត្រីរាជការនិងព្រះរាជវង្សានុវង្ស យំយែកស្តាយស្រណោះចំពោះការបាត់បង់ព្រះអង្គ។
សម្ដេចព្រះសង្ឃរាជ ដែលព្រះអង្គបានយាងមកសោយ ព្រះជាតិក្នុងប្រទេសកម្ពុជាយើងនេះ ព្រះអង្គបានធ្វើប្រយោជន៍ ទាំងផ្លូវព្រះពុទ្ធសាសនា ទាំងផ្លូវលោក ទុកឲ្យពុទ្ធបរិស័ទជាច្រើនណាស់ ដោយព្រះអង្គបានលើកព្រះពុទ្ធសាសនា លើកប្រទេសជាតិឲ្យបានថ្កុំថ្កើងរុងរឿង ដោយព្រះមធ្យោបាយដ៏ខ្ពង់ខ្ពស់បំផុត ឲ្យប្រទេសជាតិមានឯកភាព សាមគ្គីភាព សន្តិភាព បានឯករាជ្យដ៏បរិបូរណ៍ ដូចសេចក្ដីប្រាថ្នា ហើយសម្ដេចព្រះសង្ឃរាជមានព្រះរាជជីវប្រវត្តិជាគំរូដល់សម្រាប់ជាតិខ្មែរ៕