ប្រវត្តិ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក, អក​អំបុក, សំពះ​ព្រះខែ និង​ បណ្តែត​ប្រទីប

ប្រវត្តិ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក, អក​អំបុក, សំពះ​ព្រះខែ និង​ បណ្តែត​ប្រទីប

ប្រវត្តិ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក, អក​អំបុក, សំពះ​ព្រះខែ និង​ បណ្តែត​ប្រទីប

ដាក់បញ្ចូលថ្ងៃ 1 December 2012, 15:27 AEST

ជា​រៀង​រាល់​ឆ្នាំ​ប្រជា​ពល​រដ្ឋ​ខ្មែរ​តែង​តែ​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​ នៅ​ថ្ងៃ​ទី ១៤, ១៥ កើត និង​១​រោជ ខែ​កក្ដិក។ ព្រះរាជ​ពិធី​នេះ​មាន​រយៈ​ពេល​បី​ថ្ងៃ​រួម​មាន​ពិធី​ធំៗ​ទាំង​បី គឺ​ពិធី​ប្រណាំង​ទូក, បណ្តែត​ប្រទីប, សំពះ​ព្រះខែ និង​អក​អំបុក។

ព្រះរាជពិធីទាំងបីនេះ​ត្រូវ​បាន​ប្រារព្ធ​ជា​ធម្មតា​នៅ​ទន្លេ​ចតុមុខ​នា​ព្រះ​រាជ​តំណាក់​ផែ​ខាង​មុខ​ព្រះ​បរម​រាជវាំង។​ ទាក់ទង​ទៅ​នឹង​ប្រវត្តិ​នៃ​ពិធី​បុណ្យ​អុំ​ទូក​ ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ដើម្បី​ជា​ការ​គោរព​ដឹង​គុណ​ដល់​បុព្វ​បុរស​ខ្មែរ​ដែល​បាន​រក្សា​បាន​នូវ​បូរណភាព​ទឹកដី ក្នុង​ការ​ប្រើ​ប្រាស់​កង​ទ័ព​ជើង​ទឹក​បង្រ្កាប​ដល់​ការ​ឈ្លាន​ពាន​របស់​បច្ចា​មិត្ត។

ដូច្នេះ​ហើយ​ទើប​គេ​បាន​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​ដើម្បី​រំលឹក​ឡើង​វិញ​នូវ​អនុស្សាវរីយ៍​នៃ​ការ​រៀប​ចំ​ក្បួន​សម​យុទ្ធ​កង​ទ័ព​ជើង​ទឹក​ដ៏​អង់​អាច​ក្លាហាន​របស់​កម្ពុជា​កាល​ពី​សម័យ​នោះ។

លោក សាន សម្ផស្ស ទី​ប្រឹក្សា​ក្រសួង​ធម្មការ និង​សាសនា​បាន​ថ្លែង​ថា ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ស្ដេច​ចេញ​ធ្វើ​សង្គ្រាម​ជើង​ទឹក​បង្ក្រាប​ជាតិ​បរទេស​ចាម​ដោយ​កង​ទ័ព​ប្រើ​ទូក​ធ្វើ​ចម្បាំង​ ដើម្បី​រំដោះ​ក្រុង​កម្ពុជា​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ​ពី​ គ.ស. ១១៧៧ ដល់ ១១៨១។

រឿងចម្បាំងទាំង​នេះ​ត្រូវ​បាន​បុព្វ​បុរស​ខ្មែរ​ឆ្លាក់​ទុក​លើ​ជញ្ជាំង​ប្រាសាទ​បាយ័ន និង ប្រាសាទ​បន្ទាយ​ឆ្មារ ដែល​មាន​រូប​ព្រះ​ឆាយា​លក្ខណ៍​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ទ្រង់​ឈរ​លើ​នាវា​ចម្បាំង​ ទ្រង់​កាន់​ធ្នូ​ដំបង ដែល​មាន​កង​ទ័ព​យ៉ាង​ច្រើន​មហិមា។ រីឯ​នៅ​សម័យ​លង្វែក​វិញ​​ព្រះ​អង្គ​ច័ន្ទ​ទី​១ ទ្រង់​តាំង​ពញា​តាត​ ជា​ស្ដេច​ត្រាញ់​នៅ​កម្ពុជា​ក្រោម​ស្រុក​បាសាក់​ឲ្យ​រៀប​ចំ​កង​ទ័ព​ជើង​ទឹក​ចែក​ចេញ​ជា​បី​ក្រុម។

ក្រុមទី១ ជាទ័ព​ស្រួច​ហាត់​ច្បាំង​ដោយ​ទូក​អុំ​មាន​ទំនង​ដូច​ទូ​កង​ខ្មែរ​សព្វ​ថ្ងៃ​នេះ។ ក្រុម​ទី​២ ​ជា​ទ័ព​ជំនួយ​ហាត់​ច្បាំង​ដោយ​ទូក​ចែវ​ពីរ​ជួរ​មាន​ទំនង​ដូច​ទូក​ចែវ​ប្រណាំង​សព្វ​ថ្ងៃ និង​ក្រុម​ទី​៣​ ទ័ព​បាសាក់​ជា​ទូក​ធំ​មាន​ដំបូល​មួយ​កាត់​មាន​ក្ដោង​ដូច​ទូក​ប៉ុក​ចាយ​​តែ​រាង​ស្ដួច​វែង​សម្រាប់​ផ្ទុក​ស្បៀង​កង​ទ័ព។

(សំឡេងលោក សាន សម្ផស្ស)

ចំណែក​ពិធី​អក​អំបុក គឺ​ធ្វើ​ឡើង​នៅ​រាត្រី​ពេញ​បូរមី​ថ្ងៃ​១៥​កើត ខែ​កក្តិក​រៀង​រាល់​ឆ្នាំ។ ខ្មែរ​យើង​យក​នំ​ចំណី​មាន​អំបុក​ចេក​ជា​ដើម​មក​បូជា​ព្រះ​ច័ន្ទ​ហៅ​ថា ពិធី​បុណ្យ​សំពះ​ព្រះ​ខែ ​អក​អំបុក​នេះ​ឯង។ នៅ​ក្នុង​ពិធី​សំពះ​ព្រះ​ខែ​នេះ គឺ​មាន​សម្រក់​ទៀន​លើ​ស្លឹក​ចេក​ស្រស់​ ដើម្បី​ផ្សង​មើល​ទឹក​ភ្លៀង​ក្នុង​ឆ្នាំ​បន្ទាប់​នៃ​ឆ្នាំ​នេះ។ បន្ទាប់​ពី​សម្រក់​ទៀន​មក​គេ​នាំ​គ្នា​អក​អំបុក​ ដែល​ធ្វើ​ក្នុង​វេលា​យប់​នៃ​ខែ​កត្តិក​នោះ។ ពេល​សំពះ​ខែ និង​អក​អំបុក​នេះ​ដែរ ពួក​ខ្មែរ​អ្នក​ស្រុក​តែង​តែ​សូម​សុខ​សួស្ដី​តាម​ប្រពៃណី បុរាណ​ព្រេង​ព្រឹទ្ធ។

ពិធីនេះគេធ្វើ​ឡើង​ដើម្បី​ថ្វាយ​សក្ការៈ​បូជា​ចំពោះ​ទន្សាយ​ព្រះ​ពោធិ​សត្វ​ ដែល​រូប​ព្រះ​ឆាយា​លក្ខណ៍​របស់​ព្រះ​អង្គ​ផ្ដិត​ជាប់​នឹង​ព្រះ​ខែ ដើម្បី​បំភ្លឺ​សត្វ​លោក​រៀង​មក​ក៏​ដូច​ជា​ឧទ្ទិស​ថ្វាយ​ព្រះ​ពោធិ​សត្វ​នូវ​ផល្លា​នុផល ដែល​ជា​ចំណី​របស់​ព្រះ​អង្គ​ក្នុង​វេលា​យប់​ពេញ​បូរមី​នៃ​ខែ​កក្ដិក​ជា​ពេល ​ព្រះខែ​លេច​រូប​រាង​ច្បាស់។ ហេតុ​នេះ គេ​ក៏​ថ្វាយ​ត្រាវ, ដំឡូង, ដូង, ចេក, អំបុក ដែល​ជា​ចំណី ទន្សាយ​ពោធិ​សត្វ។

(សំឡេង)

រីឯប្រវត្តិនៃ​ពិធី​សំពះ​ព្រះ​ខែ​វិញ លោក​ឧទ្ទេ​សាចារ្យ សាន សម្ផស្ស បាន​រំលឹក​ថា តាម​ដំណាល​និទាន​ថា ព្រះ​បរម​ព្រះ​ពោធិសត្វ​ក្នុង​កាល​ដែល​ព្រះ​អង្គ​យោង​ចាប់​កំណើត​ជា​សត្វ​ទន្សាយ​ ព្រះ​អង្គ​បាន​អធិដ្ឋាន​រក្សា​សីល និង​បំពេញ​បារមី​ដើម្បី​បាន​ត្រាស់​ជា​ព្រះពុទ្ធ។ ព្រះ​ឥន្ទ​ទ្រង់​បាន​ក្រឡា​ខ្លួន​ជា​ព្រាហ្ម​ចាស់​ម្នាក់​មក​សុំ​មំសះ ឬ​សាច់​ទន្សាយ​ដើម្បី​បរិភោគ​ជា​អាហារ។

ទន្សាយ​ព្រះ​ពោធិសត្វ​បាន​ឲ្យ​ព្រាហ្ម​នោះ​បង្កាត់​ភ្លើង​ឲ្យ​ឆេះ​សន្ធោ​សន្ធៅ ហើយ​ ទន្សាយ​ជា​ព្រះ​ពោធិសត្វ​បាន​រលាស់​ខ្លួន​បី​ដង ដើម្បី​ឲ្យ​សត្វ​ល្អិត​ដែល​នៅ​ជាប់​នឹង​រោម​ជ្រុះ​អស់​ រួច​ហើយ​ក៏​បាន​លោត​ចូល​ទៅ​ក្នុង​ភ្លើង។ ក៏​ប៉ុន្តែ​ភ្លើង​នោះ​ក៏​ប្រែ​ទៅ​ជា​ពុំ​ឆេះ​សន្ធោ​សន្ធៅ​ទៅ​វិញ​។

ទតឃើញ​ដូច្នេះ​ ព្រាហ្ម​ដែល​ជា​ព្រះ​ឥន្ទ​ក៏​បាន​ពាំ​នាំ​យក​សត្វ​ទន្សាយ​ជា​ពោធិ​សត្វ​នោះ​ហោះ​ឡើង​ទៅ​កាន់​មណ្ឌល​ព្រះ​ចន្ទ និង​បាន​អធិដ្ឋាន​ឲ្យ​រូប​ទន្សាយ​នោះ ​នៅ​ជាប់​នឹង​ព្រះ​ចន្ទ​ជា​រៀង​រហូត​ដើម្បី​បាន​ផ្តិត​រូប​ព្រះ​ឆាយា​លក្ខណ៍​របស់​ទន្សាយ​ព្រះ​ពោធិសត្វ​បំភ្លឺ​សត្វ​លោក។

(សំឡេង)

ជាមួយគ្នានេះ​ទាក់​ទង​ទៅ​នឹង​អត្ថន័យ និង​ខ្លឹម​សារ​នៃ​ពិធី​បណ្តែត​ប្រទីប​វិញ គឺ​ជា​ការ​បង្ហាញ​ពី​ការ ​គោរព​ដឹង​គុណ​ដល់​ព្រះ​ចង្កូម​កែវ​ដែល​ប្រតិ​ស្ថាន​នៅ​ពិភព​នាគ​ ព្រម​ទាំង​ស្នាម​ព្រះ​បាទ​របស់​ព្រះអង្គ​ដែល​បាន​ប្រតិ​ស្ថាន​នៅ​ស្ទឹង​នម្មទា និង​ទី​កន្លែង​ផ្សេង​ទៀត។ ពិធីបណ្តែតប្រទីបក៏ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើង​ដើម្បី​ដឹង​គុណ​ដល់​ព្រះ​គង្គារ និង​ព្រះ​ធរណី​ ដែល​បាន​ផ្តល់​នូវ​ជីវ​ភាព​រុង​រឿង​ដល់​ពល​រដ្ឋ​កម្ពុជា។ ពិធី​នេះ​ក៏​ជា​ការ​ដឹង​គុណ​ដល់​ទន្លេ​មេគង្គ និង​ទន្លេ​សាប​ដែល​ បាន​ផ្តល់​នូវ​ជី​ជាតិ​យ៉ាង​សំខាន់​សម្រាប់​បំរើ​វិស័យ​កសិកម្ម។

(សំឡេង)

លោកសាស្ត្រាចារ្យ សំបូរ ម៉ាណារ៉ា អនុ​ប្រធាន​ផ្នែក​ប្រវត្តិ​សាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ភ្នំពេញ និង​ជា​សាស្ត្រា​ចារ្យ​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​បាន​ថ្លែង​ថា ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ ដែល​ធ្វើ​ព្រម​គ្នា​ជាមួយ​នឹង​ពិធី​សំពះ​ព្រះ​ខែ និង​អកអំបុក​ជា​មរតក​វប្បធម៌​ដូន​តា​ខ្មែរ​សុទ្ធ​សាធ។ លោកសាស្ត្រាចារ្យ​បញ្ជាក់​ថា ព្រះ​រាជ​ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​ភាព​ដឹង​គុណ និង​កតញ្ញូ​តា​ធម៌​ដល់​ព្រះ​គង្គារ​ដែល​បាន​ផ្តល់​ឲ្យ​មនុស្ស​ និង​សត្វ​មាន​ជីវិត។

(សំឡេង)

ពិធី​បុណ្យ​អក​អំបុក និង​សំពះ​ព្រះ​ខែ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្គម​ខ្មែរ​ ពី​ព្រោះ​ឥទ្ធិពល​នៃ​ព្រះ​ពុទ្ធ​សាសនា​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ នៅ​ក្នុង​ដួង​ចិត្ដ និង​ព្រលឹង​របស់​ពលរដ្ឋ​ខ្មែរ​ដែល​តែង​តែ​គោរព​បូជា​ដល់​ព្រះ​សម្មា​សម្ពុទ្ធ​ជា​អង្គ​ម្ចាស់៕

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​