ទំនាក់ទំនងវប្បធម៌កម្ពុជាជាមួយវប្បធម៌បរទេស

ទំនាក់ទំនងវប្បធម៌កម្ពុជាជាមួយវប្បធម៌បរទេស

ទំនាក់ទំនងវប្បធម៌កម្ពុជាជាមួយវប្បធម៌បរទេស

ដាក់បញ្ចូលថ្ងៃ 14 January 2013, 11:28 AEST

វប្បធម៌​របស់​ជាតិ​សាសន៍​ទាំង​ឡាយ​លើ​លោក​សុទ្ធ​តែ​បង្កប់​នូវ​តម្លៃ​និង​លក្ខណៈ​ពិសេស​រៀងៗ​ខ្លួន។ កម្ពុជា​ក៏​មាន​វប្បធម៌​ដ៏រុង​រឿង​ដែល​ដូន​តា​បាន​បន្សល់​ទុក​ដើម្បី​ភាព​ថ្លៃ​ថ្នូរ និង​កិត្ត​យស​ជាតិ​ខ្មែរ។ នៅ​ក្នុង​សម័យ​សាកល​ភាវូប​នីយ​កម្ម ការ​ផ្សារ​ភ្ជាប់​វប្បធម៌​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត តែង​តែ​កើត​មាន​ដោយ​ខាន​មិន​បាន។ ដូច្នេះ​ហើយ ទើប​គេ​ទាម​ទារ​ឲ្យ​មាន​ការ​ស្វែង​យល់​ពី​តម្លៃ​របស់ វប្បធម៌​ជាតិ​ខ្លួន​ឯង​ផង​និង​វប្បធម៌​ជាតិ​សាសន៍​ដទៃ​ផង ដើម្បី​ការ​រស់​នៅ​ដោយ​សុខ​សន្តិភាព​លើ​សកល​លោក។

វប្បធម៌​គឺ​ជា​សញ្ញាណ​មួយ​ដ៏​ទូលំ​ទូ​លាយ​ក្តោប​ក្តាប់​គ្រប់​តម្លៃ​ច្នៃ​ប្រឌិត​របស់​មនុស្ស​តាម​រយៈ​ពល​កម្ម​ក្តី ឬ​កាយ​ពល​កម្ម​ក្តី​ទៅ​លើ​បាតុ​ភូត​ផ្សេងៗ​នៃ​ធម្មជាតិ។ អ្នក​ប្រាជ្ញ​ទាំង​ឡាយ​បាន​និយាយ​ថា​វប្បម៌​មិន​មែន​​កើត​ឡើង​ដោយ​សារ​អាទិ​ទេព​ឬ​ដោយ​សារ​បុគ្គល​ណា​មួយ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​វប្បធម៌​កើត​ឡើង ដោយ​សារ​មនុស្ស​ដែល​បាន​បញ្ចេញ​ពលកម្ម​ដើម្បី​សម្រប​ខ្លួន​ទៅ​តាម​តម្រូវ​ការ​នៃ​ធម្មជាតិ។

ដើម្បី​បញ្ជាក់​លើ​ការ​អះ​អាង​ទាំង​នេះ អ្នក​វប្បធម៌​បាន​លើក​ឡើង​ពី​ប្រាសាទ​អង្គរ​វត្ត​ដែល​បាន​កើត​ឡើង ដោយ​បាត​ដៃ​ទទេ និង​ចេញ​ពី​គំនិតច្នៃ​ប្រ​ឌិត​ដ៏​មហស្ចារ្យ​របស់​ដូន​តា​ខ្មែរ។ ដូច្នេះ​គេ​ចាត់​ទុក​ថា​វប្បធម៌ របស់​ជាតិ​សាសន៍​នីមួយៗ​មិន​មែន​កើត​ឡើង​ដោយ​ឯក​ឯង​នោះ​ទេ គឺ​កើត​ឡើង​ដោយ​សារ​ឥទ្ធិពល​នៃ គំនិត​គិត​គូរ​របស់​មនុស្ស​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ដើម្បី​សម្រប​ខ្លួន​តាម​ធាតុ​អាកាស ក៏​ដូច​ជា​សាសនា និង​របប​សង្គម។

កាល​ពី​សម័យ​ដើម សង្គ្រាម និង​វិវាទ​ជា​ច្រើន​បាន​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រកាន់​នូវ​ប្បធម៌ ឬ​ជាតិ​សាសន៍ ខុសៗ​គ្នា។​ ដូច្នេះ​ហើយ​ទើប​អ្នក​ប្រាជ្ញ​ខាង​វប្បធម៌​បាន​ជំរុញ​ឲ្យ​យុវជន​ទាំង​ឡាយ​ស្វែង​យល់​ពី​តម្លៃ​និង​កិត្តិយស របស់​វប្បធម៌​ជាតិ​សាសន៍​ដទៃ​ដើម្បី​សម្រប​ខ្លួន​និង​បត់​បែន​ទៅ​តាម​កាលៈទេសៈ។

លោក បណ្ទិត កង ឱម សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​អប់រំ និង ចិត្ត​វិទ្យា​នៃ​រាជ​បណ្ឌិត្យ​សភាកម្ពុជា​បាន​ថ្លែង​ថា វប្បធម៌​របស់​ជន​ជាតិ​នីមួយៗ​លើ​លោក​មិន​អាច​កាត់​ផ្តាច់​ពី​គ្នា​បាន​ទេ។ ជា​មួយ​គ្នានេះ​ដើម្បី អភិ​វឌ្ឈន៍​វប្បធម៌​របស់​ខ្លួន​ឲ្យ​រីក​ចម្រើន​គេ​ក៏​ត្រូវ​ទាម​ទារ​សិក្សា​ពី​វប្បធម៌​បរទេស ដើម្បី​ស្វែង​​យល់​ពី​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​ដើម្បី​យក​មក​ធ្វើ​ឲ្យ​វប្បធម៌​ជាតិ​កាន់​តែ​ល្អ​ប្រសើរ។

(សំឡេង)

ជន​ជាតិ​ខ្មែរ មាន​ប្រភព​កំណើត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​និង​វប្បធម៌​របស់​ខ្លួន​ជា​យូរ​ណាស់​មក​ហើយ មុន​ការ​ចូល​មក​ដល់​នៃ​វប្បធម៌​បរទេស។ ក៏​ប៉ុន្តែ​ប្រ​វត្តិ​សាស្ត្រ​បញ្ជាក់​ថា ការ​ទំនាក់​ទំនង​ផ្នែក​សេដ្ឋកិច្ច ការ​ទូត​និង​នយោបាយ​ក្តី ជា​មួយ​បរទេស សុទ្ធ​តែ​អាច​ឲ្យ​មាន​ការ​ឆ្លង​នៃ​វប្បធម៌​ពី​ប្រទេស​នានា​មក លើ​កម្ពុជា។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា​វប្បធម៌​បរទេស​ដែល​ខ្មែរ​បាន​ទទួល​ទោះ​តិច​ក្តី ច្រើន​ក្តី​មាន​ដូច​ជា វប្បធម៌​​ឥណ្ឌា ចិន ជ្វា និង​​អ៊ឺរ៉ុប​ជា​ដើម ហើយ​ទន្ទឹម​នឹង​នេះ​វប្បធម៌​ខ្មែរ​ក៏​បាន​ជះ ឥទ្ធិពល​​ទៅ​​លើ​​វប្បធម៌​ជន​បរទេស​មួយ​ចំនួន​វិញ​ដែរ។

វប្បធម៌​បរទេស​ដែល​ជះ​ឥទ្ធិ​ពល​មក​លើ​កម្ពុជា​ច្រើន​ជាង​គេ គឺ​វប្បធម៌​ឥណ្ឌា ។ ក្នុង​ប្រវត្តិ​សាស្ត្រ​ខ្មែរ គេ​បានរក​ឃើញ​វត្ថុ​បុរាណ​មក​ពី​ឥណ្ឌា​ដូច​ជា ត្រា​ឆ្លាក់  ត្រា​អក្សរ សំ​ស្រ្កឹត​និង​ព្រះ​ពុទ្ធ​បដិមា​ជាដើម។

ជា​មួយ​គ្នា​នេះ​វប្ប​ធម៌​ឥណ្ឌា​ដែល​បាន​ជះ​ឥទ្ធិពល​ដល់​កម្ពុជា​នៅ​បុព្វកាល​ក៏​អាច​ដោយ​សារ​តែ​ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ​សាសនា ការ​ធ្វើ​ជំនួញ ឬ ការ​ផ្សង​ព្រេង​របស់​អ្នក​មានវណ្ណៈ​ខ្ពស់​ដែល​ចង់​ស្វែង​រក​ភោគ​ទ្រព្យ​នៅ​តំបន់​អាស៊ី​អគ្នេយ៍​ជា​ដើម។

ប្រ​វត្តិ​សាស្ត្រ​បាន​បង្ហាញ​ថា កម្ពុជា​ក៏​មាន​ទំនាក់​ទំនង​រង​ឥទ្ធិពល​វប្បធម៌​ពី​ប្រទេស​ចិន​តាម​រយៈ ការ​ចូល​មក​ដល់​របស់​ជន​ជាតិ​ចិន​តាំង​ពី​ការ​កកើត​នៃ​ទឹក​ដី​មក​ម្ល៉េះ។ ជា​ពិសេស អ្នក​ប្រវត្តិសាស្ត្រ​ចិន លោក​ជីវ តាក្វាន់​​ដែល​បាន​មក​ស្រាវ​ជ្រាវ​នៅ​កម្ពុជា​ក៏​បាន​ពង្រឹង​ទំនាក់​ទំនង​និង​ផ្សារ​ភ្ជាប់​វប្បធម៌ នេះ​ថែម​ទៀត។

បើ​ទោះ​ជា​ខ្មែរ​ទទួល​រង​នូវ​វប្បធម៌ ឥណ្ឌា ចិន និង​ប្រទេស​មួយចំ​នួន​ទៀត​ក្តី ក៏​ប៉ុន្តែ​ខ្មែរ​មិន​ដែល​ចម្លង យក​វប្បធម៌​គេទាំង​ដុល​នោះ​ទេ។ ខ្មែរ​បាន​ច្នៃ​ប្រឌិត​ដើម្បី​យក​ទៅ​ពង្រឹង​ផ្សំ​និង​វប្បធម៌​ជាតិ​ខ្លួន​ទៅ​តាម ទឹក​ដី ប្រជាជន និង សង្គម។

រហូត​មក​ទល់​បច្ចុប្បន្ន ជន​ជាតិ​ខ្មែរ​នៅ​តែ​អាច​រក្សា​បាន​នូវ​តម្លៃ និង​អត្តសញ្ញាណ​នៃ​វប្បធម៌​របស់​ខ្លួន យ៉ាង​ខ្ជាប់​ខ្ជួន។ បើ​ទោះ​ជា​យ៉ាង​ណា​ក្តី​លោក​សាស្ត្រាចារ្យ​បណ្ឌិត កង ឱម​បាន​ថ្លែង​ថា ទន្ទឹម​នឹង​ការ​ថែ​រក្សា​នូវ​តម្លៃ នៃ​វប្បធម៌​ជាតិ គេ​ក៏​មិន​អាច​បន្ទាប​បន្ថោក​​វប្បធម៌​សាសន៍​ដទៃ​នោះ​ទេ។

(សំឡេង)

​ទំនាក់​ទំនង​​ប្រចាំ​ថ្ងៃ ការ​ងារ​ក្តី ជំនួញ​ក្តី ឬ​ការ​សិក្សា​ក្តី​​តែង​តែ​ត្រូវ​ធ្វើ​ឡើង​ជា​មួយ​មនុស្ស​ច្រើន​គ្នា រវាង​តំបន់​មួយ​ទៅ​តំបន់​មួយ ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។ លោក​សាស្ត្រាចារ្យ​កង ឱម​បាន​ថ្លែង​ថា យុវជន​ភាគ​ច្រើន​ដែល​ទទួល​ការ​សិក្សា​នៅ​បរទេស ត្រូវ​ព្យាយាម​ទទួល​យក​នូវវប្បធម៌​ថ្មី​មួយ និង​ត្រូវ​សម្រប​ខ្លួន​ទៅ​តាម​កាលៈទេសៈ នៃ​ប្រទេស​នោះ។

(សំឡេង)

ការ​ការ​ពារ​វប្បធម៌​គឺ​ជាតួ​នាទី​របស់​ពល​រដ្ឋ​ខ្មែរ​រាល់​រូប។ ក្នុង​ការ​កសាង​វប្បធម៌​ជាតិ គេ​ត្រូវ​ពង្រីក​វប្បធម៌​គ្រប់​ផ្នែក​របស់​ពល​រដ្ឋ​ទូទៅ គួប​ផ្សំ​នឹង​លក្ខណៈ​វិទ្យាសាស្ត្រ​ទំនើប ត្រូវ​មាន​ការ​ជ្រើស​រើស​វប្បធម៌​បរទេស​ជឿន​លឿន​ដែល​ខ្មែរ​អាច​ទទួល​យក​បាន​ដើម្បី​ច្នៃ​ឲ្យ​​សម​នឹង​វប្បធម៌​ជាតិ​ឲ្យ​កាន់​តែ​រុង​រឿង៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​