សិល្បៈ​នៃ​ការ​រស់​នៅ​

សិល្បៈ​នៃ​ការ​រស់​នៅ​

សិល្បៈ​នៃ​ការ​រស់​នៅ​

ដាក់បញ្ចូលថ្ងៃ 19 January 2013, 15:31 AEST

សិល្បៈ​នៃការ​រស់នៅ​ គឺ​ជាវិធីសាស្ត្រ ឬរបៀបនៃការ​រស់នៅដោយភ្លឺស្វាង និង​ប្រកប​ដោយ​ភាព​ថ្លៃ​ថ្នូរ​។ លោក កុក រស់ ផ្តល់ការ​អត្ថា​ធិប្បាយ​អំ​ពីសិល្បៈ​នៃការរស់នៅ​នេះ​តាមរយៈបទសម្ភាសន៍​ជា​ មួយ​អ្នកស្រី មានសួស្តី អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អូស្រ្ដាលី​នៅ​ក្រុង​ភ្នំពេញ​។

សិល្បៈ​នៃការ​រស់​នៅ​គឺ ជា​មុខ​វិជ្ជា​ថ្មី​មួយ​ដែល​មិន​ត្រូវ​បាន​លើក​យក​មក​បង្រៀន​ជា​ទូទៅ នៅ​តាម​បណ្តា​មហា​វិទ្យាល័យ​​នោះ​ទេ។ ការ​រស់​នៅ​ក្នុង​គ្រួសារ ឬ​ក្នុង​សង្គម​តែង​តែ​ទាម​ទារ​ ការ​ប្រា​ស្រ័យ​ទាក់​ទង និង​ត្រូវ​ចេះ​រស់​នៅ​ប្រកប​ដោយ​សិល្បៈ ដើម្បី​ភាព​ថ្លៃថ្នូរ និង​កិត្តិយស​ជា​មនុស្ស។

លោក កុក រស់ មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ហើយ​ក៏​ជា​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​​បៀល​ប្រាយ​បាន​ថ្លែង​ថា ការ​រស់​នៅ, ​ការ​ប្រកប​ការងារ, របរ​ចិញ្ចឹម​ជីវិត, ការ​ធ្វើ​នយោបាយ, ការ​គ្រប់​គ្រង ​ត្រូវ​តែ​ផ្សារ​ភ្ជាប់​ទៅ​នឹង​សិល្បៈ​ជានិច្ច​ពី​ព្រោះ​ដើម្បី​ជំរុញ​ឲ្យ​ការ​ងារ​ទាំង​នោះ​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ។

ជាទូទៅ​សិល្បៈ​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ គឺ​សិល្បៈ​ក្នុង​សិល្បៈ និង​សិល្បៈ​ក្នុង​ការ​រស់​នៅ។ សិល្បៈ​នៃ​ការ​រស់​នៅ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ដំណើរ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ចាប់​តាំង​ពី​ចំពោះ​ខ្លួន​ឯង, មិត្ត​ភក្តិ, ក្រុម​គ្រួសារ, សង្គម​ជាតិ និង​រាល់​សកម្មភាព​ទំនាក់​ទំនង​ទាំង​ឡាយ​ដូច​ជា​ការ​និយាយ, ការ​បរិភោគ និង ការ​រៀប​ចំ​កិច្ច​ប្រជុំ និង​ពិធី​នានា​ជា​ដើម។

(សំឡេង)

ដោយឡែកចំពោះ​សិល្បៈ​ក្នុង​សិល្បៈ​វិញ គឺ​ផ្តោត​ទៅ​លើ​សិល្បៈ​សម្ដែង​ដែល​ខ្លឹម​សារ​នៃ​សាច់​រឿង​កើត​ចេញ​ពី​ការ​តែង​និពន្ធ។ លោក​សាស្ត្រាចារ្យ​ កុក រស់ បាន​ថ្លែង​ថា នៅ​ក្នុង​ដំណើរ​ជីវិត​ ក្រៅ​ពី​សិល្បៈ​នៃ​ការ​រស់​នៅ​មនុស្ស​ក៏​ត្រូវ​ការ​សិល្បៈ​ក្នុង​សិល្បៈ​នេះ​ដែរ។

សិល្បៈ​ក្នុងសិល្បៈ​ផ្តល់​នូវ​ចំណី​អារម្មណ៍​ និង​ការ​កំសាន្ត​ដែល​ជា​ផ្នែក​មួយ​ត្រូវ​មាន​ទន្ទឹម​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកប​កិច្ចការ​ទាំង​ឡាយ​ទៅ​បាន​ដោយ​រលូន។

(សំឡេង)

នៅក្នុងមូលដ្ឋានគ្រឹះ​ដ៏​សំខាន់​មួយ​នៃ​សិល្បៈ​ក្នុង​ការ​រស់​នៅ​លោក​សាស្ត្រាចារ្យ កុក រស់ បាន​បញ្ជាក់​ថា មនុស្ស​ត្រូវ​មាន​គុណធម៌​សំខាន់ៗ​មួយ​ចំនួន​ផ្សេង​ទៀត​គឺ សីលធម៌, សុជីវធម៌, សង្គ​ហធម៌, ព្រហ្ម​វិហារ​ធម៌, អហិង្សាធម៌, សច្ចៈធម៌, ​សាមគ្គីធម៌, សុច្ចរិត​ធម៌ និង​សប្បុរសធម៌​ជាដើម។

លោកសាស្ត្រាចារ្យ កុក រស់ បាន​បន្ថែម​ថា នៅ​ក្នុង​គោលការណ៍​ដែល​បាន​រៀង​រាប់​ខាង​លើ ​យ៉ាង​ហោច​ណាស់​ក្នុង​សិល្បៈ​នៃ​ការ​រស់​នៅ​គេ​តម្រូវ​ឲ្យ​មាន​គុណ​តម្លៃ​សំខាន់​ចំនួន​៣​គឺ សីលធម៌, សុជីវធម៌, និង​សង្គ​ហ​ធម៌។ លោក​សាស្ត្រា​ចារ្យ​បាន​ពន្យល់​លម្អិត​យ៉ាង​ដូច្នេះ​ថា៖

(សំឡេង)

ដើម្បីសម្រចបានជោគ​ជ័យ​ពី​សិល្បៈ​នៃ​ការ​រស់​នៅ​របស់​មនុស្ស​លោក​សាស្ត្រា​ចារ្យ កុក រស់ ​បាន​ថ្លែង​ថា​ក្រៅ​ពី​ចំណុច​មួយ​ចំនួន​ខាង​លើ សិល្បៈ​នៃ​ការ​រស់​នៅ​ត្រូវ​ទាម​ទារ​ឲ្យ​មាន​ធាតុ​ផ្សំ​ផ្សេង​ទៀត ដូច​ជា ​សិល្បៈ​នៃ​ការ​សាង​ខ្លួន​ឲ្យ​ក្លាយ​ជា​ឧត្តមជន សិល្បៈ​ក្នុង​ការ​គ្រប់​គ្រង, ការ​ចេះ​ពិធី​ការ និង​សិល្បៈ​នៃ​ការ​ហាត់​ហ្វឹក​ហ្វឺន​ចិត្ត​ជា​ដើម។

(សំឡេង)

នៅក្នុងសង្គមសព្វ​ថ្ងៃ​យុវជន​ទទួល​បាន​ចំណេះ​ដឹង​ពី​សិល្បៈ​នៃ​ការ​រស់​នៅ​ទៅ​តាម​គ្រួសារ​ និង​ការ​ស្វែង​យល់​ដោយ​ខ្លួន​ឯង ហើយ​ភាគ​ច្រើន​បាន​យល់​ដឹង​តែ​ទៅ​លើ​សុជីវធម៌​ និង​គុណធម៌​ប៉ុណ្ណោះ។

(សំឡេង)

សិល្បៈ​នៃ​ការ​រស់​នៅ​នា​ពេល​បច្ចុប្បន្ន​កំពុង​ទទួល​នូវ​ការ​ចាប់​អារម្មណ៍​សិក្សា និង​ស្វែង​យល់​យ៉ាង​ខ្លាំង​ ពី​សិស្ស​និស្សិត និង​យុវជន​ទាំង​ឡាយ​ដោយ​សារ​រាល់​ការ​ប្រកប​របរ​រក​ស៊ី​ក្តី, ការ​ធ្វើ​ការងារ​ក្តី និង​ការ​រស់​នៅ​ក្នុង​សង្គម​តូច​ធំ​នានា​តែង​តែ​ទាម​ទារ​ឲ្យ​មនុស្ស​ត្រូវ​រស់​នៅ​ប្រកប​ដោយ​សិល្បៈ ដើម្បី​ភាព​សុខ​សាន្ត​ ការ​អនុ​គ្រោះ, ថ្លៃថ្នូរ និង​កិត្តិយស៕

អ្នក​ចូល​រួម​ចំណែក

មាន សួស្ដី

អ្នក​យក​ព័ត៌មាន​

នាង មាន សួស្តី បាន​ចូល​បម្រើ​ការ​ងារ​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​វិទ្យុ​អូស្រ្តាលី​នៅ​ឆ្នាំ​២០០៦។ នាង​បាន​បញ្ចប់​មហាវិទ្យាល័យ​ច្បាប់​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​នៅ​ឆ្នាំ ២០០២ ហើយ​បច្ចុប្បន្ន​កំពុង​បន្ត​រៀន​អនុ​បណ្ឌិត​ច្បាប់​នៅ​ទី​ក្រុង​ភ្នំពេញ។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​