ចិត្តសាស្ត្រពលរដ្ឋខ្មែរចំពោះរាជានិយម

ចិត្តសាស្ត្រពលរដ្ឋខ្មែរចំពោះរាជានិយម

ចិត្តសាស្ត្រពលរដ្ឋខ្មែរចំពោះរាជានិយម

ដាក់​បញ្ចូល​ពេល 9 February 2013, 18:19 AEST

ទឹក​ចិត្ត​ពលរដ្ឋខ្មែរ​ដែលជា​អ្នកស្រឡាញ់​ព្រះរាជា​និងរបប​រាជា​និយម​បាន​​ស្ដែង​​ចេញ​​ឡើង​យ៉ាង​​ជាក់​​ច្បាស់​​នៅក្នុង​​រវាង​ពេល​​ប៉ុន្មាន​​ខែ​ថ្មីៗ តាំង​ពី​​ព្រះ​​មហា​វីរ​ក្សត្រ​​ខ្មែរ​​​យាង​​សោយ​​ទិវង្គត​​កាល​ពី​ថ្ងៃទី​​១៥​ខែ​​តុលា​ឆ្នាំ​​២០១២។ អ្នកប្រវត្តិសាស្ត្រ អ្នកស្រាវជ្រាវ និង​អ្នកចិត្តសាស្ត្រ​បានលើក​ឡើង​ថា ពលរដ្ឋ​កម្ពុជា​​ទូទាំង​ប្រទេស នៅតែគោរព​ស្រឡាញ់​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះរបប​រាជា​និយម។ 

បើទោះណា​ជាព្រះរាជ​ពិធីថ្វាយ​ព្រះភ្លើង​ព្រះមហា​វីរក្សត្រ​បានបញ្ចប់​ទៅ​ហើយ​ក្តី ក៏​ប្រជា​ពលរដ្ឋ​នៅតែ​សម្ដែង​សមាន​ទុក្ខសោក​ស្តាយ​ចំពោះការ​បាត់​ព្រះមហា​វីរក្សត្រ។

លោក​កង ឱម សាស្រ្តាចារ្យ​វិទ្យាសាស្ត្រ​អប់រំ​នៃរាជ​បណ្ឌិត​សភា​កម្ពុជា​បាន​ថ្លែងថា ដោយសារ​តែ ចាប់តាំង​ពីការ​កកើត​ទឹក​​ដីមក ព្រះ​មហាក្សត្រ​គឺជា​ព្រះអាទិទេព​របស់​ប្រជា​រាស្ត្រ។ ប្រវត្តិសាស្ត្រ​បាន បញ្ជាក់​ថា ព្រះមហាក្សត្រ​គឺជា​អ្នក​បង្កើត​នគរ ការពារ​ប្រជារាស្ត្រ និង គ្រប់គ្រង​ប្រជា​រាស្ត្រ។ ប្រជារាស្ត្រ​បានគោរព​​ស្រឡាញ់​ព្រះរាជា​គឺជា​អ្នក​ដឹកនាំ​របស់ខ្លួន។

ព្រះមហាក្សត្រ​គ្រប់ជំនាន់ សុទ្ធតែ​ប្រឹងប្រែង​ដើម្បី​បង្កើត​ស្នា​ព្រះហស្ថ​ទុកជា​មរតក​សម្រាប់​ជាតិ​និង រាស្ត្រ​ជំនាន់​ក្រោយ។

ព្រះ​មហាវីរក្សត្រ​សម្តេច​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ​ព្រះអង្គ​បាន​បន្សល់​ទុក​សមិទ្ធិផល ស្នា​ព្រះហស្ថ​និង​ព្រះគុណូបការៈ​ច្រើន​មហិមា​​ចំពោះ​ជាតិ ។ បើទោះ​ណាជា​ព្រះអង្គ​បាន​យាង សោយ​ទិវង្គត​ទៅហើយ​ក៏ដោយ ក៏​ប្រជារាស្ត្រ​នៅតែ​គោរព​ស្រឡាញ់​ព្រះអង្គ​ជាដរាប។

លោក​សាស្ត្រាចារ្យ​កង ឱម​បានថ្លែងថា​មិនថាតែ​ពលរដ្ឋ​ក្នុងប្រទេស​នោះទេ  សូម្បី​ពលរដ្ឋ​រស់នៅ
ក្រៅ​ប្រទេស និង ជន​បរទេស​ដែលធ្លាប់​ដឹង​ឮ​ប្រវត្តិសាស្ត្រខ្មែរ​ក៏មាន​ចិត្ត​កោត​ស្ងប់ស្ងែង​ចំពោះ
ព្រះអង្គ​ដែរ។

(សំឡេង)

លោកសឹង គារ អ្នកស្រាវជ្រាវ​ផ្ទះជ័យ​ភូមិ​បានថ្លែងថា​​មាន​ព្រះមហា​វីរក្សត្រខ្មែរ​ជាច្រើន​ព្រះអង្គ​ណាស់ ដែល​មួយ​ព្រះជន្ម​ព្រះអង្គ​បានធ្វើ​ដើម្បី​ជាតិ។ គេ​អាចមើល​ឃើញថា ប្រាសាទ​អង្គវត្ត និង​សំណង់​ប្រាសាទ​បុរាណ​រាប់ពាន់​សុទ្ធតែ​ត្រូវបាន​សាងសង់​ដោយ​ព្រះមហាក្សត្រ​ខ្មែរ។ ព្រះរាជា​ខ្មែរ​ជាច្រើន​បាន​បន្សល់​ទុកកេរ​ដំណែល​ដើម្បី​ជាតិ​មាតុភូមិ​ច្រើន​មិនអាច​គណនាបាន។

(សំឡេង)

បាតុភូត​ផ្សែង​អណ្តែតឡើង​ជា​ព្រះភ័ក្រ្ត​របស់​ព្រះអង្គ​ចំនួនពីរ​លើក​គឺនៅ​ថ្ងៃថ្វាយ​ព្រះភ្លើង និង​ក្នុង​ពិធីបុណ្យ​គម្រប់​៧ថ្ងៃ  និង រូប​ព្រះអង្គ​នៅក្នុង​ព្រះចន្ទ ដែល​បានកើត​ឡើង​ជា​បន្ត​បន្ទាប់​កាលពីពេល​កន្លង​ទៅ ត្រូវបាន​លោក​សាស្ត្រាចារ្យ​សំបូ ម៉ាណារ៉ា អនុប្រធាន​ផ្នែក​ប្រវត្តិសាស្ត្រ​នៃសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ថ្លែងថា នេះដោយសារ​តែទឹក​ចិត្ត ស្រឡាញ់ជា​ពន់ពេក​របស់​ប្រជារាស្ត្រ​ចំពោះ​ព្រះអង្គ។

(សំឡេង)

លោកសាស្ត្រា​ចារ្យ​សំបូ ម៉ាណារ៉ា​បាន​ថ្លែងថា ប្រជា​ពលរដ្ឋខ្មែរ​មានមូល​ហេតុដ៏​ត្រឹមត្រូវ​បំផុត ក្នុងការ​ដាក់ចិត្ត​ស្រឡាញ់​ព្រះមហា​វីរក្សត្រ។ ព្រះអង្គ​បានដឹកនាំ​ក្នុងលក្ខណៈ​ទំនើប​និង​ស៊ីវិល័យ។ ព្រះអង្គ​គឺជា​ព្រះរាជា​ដែល​បានផ្តល់​តម្លៃ​ដល់​ស្រ្តី និង​បាន​ធ្វើការ​អភិវឌ្ឍ​ប្រទេស​ឲ្យរីក​ចម្រើនគ្រប់​វិស័យ។

(សំឡេង)

លោកសាស្ត្រា​ចារ្យបាន​បន្ថែមថា​ព្រះអង្គ​មិនត្រឹម​តែ​ដឹកនាំ​ប្រទេស​ឲ្យមាន​ការរីក​ចំរើន​ផ្នែក​សេដ្ឋកិច្ច ប៉ុណ្ណោះ​ទេ ព្រះអង្គ​ក៏បាន​បើក​ទូលាយ​ឲ្យមាន​សវនាការ​ដោយ​បើក​ចំហ​ជាមួយ​ប្រជា​ពលរដ្ឋ
ទៀតផង។

(សំឡេង)

លោកសាស្ត្រាចារ្យ​បានបន្ត​ថា លំអាន​នៃការ​ដឹកនាំ​របស់​សម្តេច​នរោត្តម សីហនុគឺ​ដូចជានឹ​ង  ព្រះម​ហាវីរក្សត្រ​ខ្មែរ​ ព្រះបាទ​ជ័យវរ្ម័ន​ទី៧។

(សំឡេង)

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​