Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

វិទ្យុ​អូស្ដ្រាលី​ខេមរភាសា​ (១៩៩២ - ថ្ងៃសុក្រ ទី​២ធ្នូ ឆ្នាំ​២០១៦)

វិទ្យុ​អូស្ដ្រាលី​ខេមរភាសា​ (១៩៩២ - ថ្ងៃសុក្រ ទី​២ធ្នូ ឆ្នាំ​២០១៦)

វិទ្យុ​អូស្ដ្រាលី​ខេមរភាសា​ (១៩៩២ - ថ្ងៃសុក្រ ទី​២ធ្នូ ឆ្នាំ​២០១៦)

ដាក់បញ្ចូលថ្ងៃ 5 December 2016, 12:18 AEDT

មុន​នឹង​ជម្រាប​លា​ប្រិយមិត្ដ​វិទ្យុ​អូស្ដ្រាលី​ជា​រៀង​រហូត​នោះ ខ្ញុំ​បាទ ឃុន អាឡិច សូម​ជូន​ប្រវត្ដិ​សង្ខេប​បន្ដិច​នៃ​ការ​កកើត​វិទ្យុ​អូស្ដ្រាលី​ភាសា​ខ្មែរ​នេះ​ឡើង។

មុន​នឹង​ជម្រាប​លា​ប្រិយមិត្ដ​វិទ្យុ​អូស្ដ្រាលី​ជា​រៀង​រហូត​នោះ ខ្ញុំ​បាទ ឃុន អាឡិច សូម​ជូន​ប្រវត្ដិ​សង្ខេប​បន្ដិច​នៃ​ការ​កកើត​វិទ្យុ​អូស្ដ្រាលី​ភាសា​ខ្មែរ​នេះ​ឡើង។

​តាម​ពិត​ទៅ​ប្រទេសអូស្រ្តាលី​មាន​ទំនាក់​ទំនង​ការ​ទូត​ល្អ​ជា​មួយ​កម្ពុជាអស់​ជាង៦០​ឆ្នាំ​ហើយ ប៉ុន្ដែ​ការ​ពាក់ព័ន្ធ​យ៉ាង​សំខាន់​ជា​ប្រវត្ដិ​សាស្ដ្រ​ ដែល​ពលរដ្ឋ​ខ្មែរ​គួរ​ចាំ​ទុក​គឺ​តួនាទី​របស់​អូស្ដ្រាលី​នៅក្នុង​​ដំណើការ​ជួយ​ស្វែង​រកកិច្ច​ព្រម​ព្រៀង​សន្តិភាព​ជូន​ប្រជា​ជន​​កម្ពុជា ដែល​មាន​ការ​ចុះ​ហត្ថលេខា​ពហុភាគី​នៅ​ឆ្នាំ​១៩៩១ នៅ​ក្រុង​ប៉ារីស​ប្រទេស​បារាំង ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋមន្ដ្រី​ការ​បរទេស​អូស្ដ្រាលី​លោក Gareth Evans សម័យ​នោះ​ រួម​ជា​មួយ​បណ្ដា​មេដឹកនាំ​ខ្មែរ​សំខាន់ៗ​ទៀត​។

នៅ​ក្នុង​ការ​បញ្ជូន​កង​រក្សា​សន្តិភាព​នៃ​អង្គការ​សហប្រជាជាតិ​ចំនួន​ប្រមាណ​២២​០០០​នាក់​ទៅ​ប្រទេស​កម្ពុជា​នា​សម័យ​អ៊ុនតាក់ (UNTAC), លោក​ឧត្តមសេនីយ៍​អូស្រ្តាលី John Sanderson បាន​ទទួល​ការ​តែង​តាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​នៃកង​រក្សា​សន្តិភាព​របស់ UN ដើម្បី​មើល​ការ​គ្រប់​គ្រង​ដំណើរ​ការ​បោះ​ឆ្នោត​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​លើក​ដំបូង​នៅ​កម្ពុជា​ឆ្នាំ១៩៩៣។ 

កម្មវិធីខេមរភាសា​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩២ នៅ​ពេល​ដែល​រដ្ឋាភិបាល​អូស្រ្តាលី​ចាប់​ផ្ដើម​ផ្ដល់​ជំនួយ​ទ្វេ​ភាគី​ទៅ​ប្រទេស​កម្ពុជា​ឡើង​វិញ ហើយ​ក៏​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​ខិត​ខំ​ស្វែង​រក​សន្តិភាព​ ដើម្បី​បាន​ចូល​ទៅ​ក្នុង​ឆាក​អន្តរជាតិ​វិញ​ដោយ​បញ្ចប់​នូវ​ភាព​ឯកោ​ក្រោយ​ពី​មាន​ភ្លើង​សង្រ្គាម​ស៊ីវិលរ៉ាំរ៉ៃ បាន​ឆាប​ឆេះ​អស់ពេល​ជា​ច្រើន​ឆ្នាំ​ និង​ក្រោយ​របប​ខ្មែរ​ក្រហម​ដ៏ឃោរ​ឃៅ​មក​នោះ។ 

នៅឆ្នាំ១៩៩៥​កម្មវិធី​ខេមរភាសា​បាន​ទទួល​ឥស្សរិយយស United Nations Peace Prize Award for Special Citation ចំពោះ​ការ​រួម​ចំណែក​របស់វិទ្យុ​អូស្ដ្រាលី​ក្នុង​ការ​ប្រឹង​ប្រែង​ចូល​រួម​ជួយ​ស្ដារ​ប្រទេស​ឡើង​វិញ។

តាំង​ពី​កកើត​រហូត​ដល់​ឆ្នាំ​២០១៤​វិទ្យុ​អូស្ដ្រាលី​ខេមរភាសា​នេះ​មាន​បុគ្គលិក​អចិន្រ្ដៃយ៍​នៅ​ក្រុង​មែលប៊ិន​៤នាក់​ដែល​មាន​ប្រវត្ដិ​ការងារ​, ជំនាញ និង​បទ​ពិសោធន៍​ផ្សេងៗ​គ្នា​ដែល​បាន​មក​បម្រើការ​នៅ​វិទ្យុ​អូស្ដ្រាលី​ក្នុង​គោល​បំណង​តែ​មួយ​គត់​គឺ​ជួយ​ផ្ដល់​ព័ត៌មាន​សេរី​អំពី​ការ​វិវឌ្ឍ​ស្រុក​ទេស និង​ការ​រីក​ចម្រើន​ក្នុង​តំបន់​ និង​លើ​ឆាក​អន្ដរជាតិ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្ទ​។

ប្រិយមិត្ដ​ប្រហែល​ជា​ចាំ​ហើយ​បុគ្គលិក​ទាំង​នោះ​គឺ​មាន​លោក រ័ត្ន ញាតា, អ្នក​ស្រី អ៊ុច មន្ថា, លោក​ សូ លឹមសេង និង​អ្នក​ស្រី​ ប៊ុន ឡឺវីសីដា។ ហើយ​ក្រោយ​មក​បន្ទាប់​ពី​បុគ្គលិក​ខ្លះ​ចូលនិវត្ដន៍ និង​ផ្លាស់​ការ​ងារ​ថ្មី​ទៅ គឺ​មាន​បុគ្គលិក​ថ្មី​ដូច​ជា​រូប​ខ្ញុំ​បាទ​​ ឃុន អាឡិច, លោក យុទ្ធ ឈាង និង​កញ្ញា យឹម វីម៉ាល៉ា រួម​ទាំង​បុគ្គលិក​មិន​អចិន្ដ្រៃយ៍​ជា​ច្រើន​រូប​ទៀត​ដែល​បាន​មក​ជួយ​ជំនួស​ការងារ​ម្ដង​ម្កាល​។ ក្នុង​ឱកាស​នេះ​ដែរ​សូម​អរគុណ​អតីត​បុគ្គលិក​វិទ្យុ​អូស្ដ្រាលី​ភាសា​ខ្មែរ​ទាំង​អស់​ដែល​បាន​បម្រើការ​ងារ​ដល់​ប្រិយមិត្ដ។

អស់​ពេល​ច្រើន​ឆ្នាំ​មក​នេះ​ជា​មួយ​នឹង​ការ​ផ្ដល់​ព័ត៌មាន​ឯករាជ្យ, ត្រឹម​ត្រូវ និង​ទាន់​ហេតុការណ៍​ជា​រៀង​រាល់​ថ្ងៃ​អ្នក​ស្ដាប់ Radio Australia ក៏​មាន​ឱកាស​ចូល​រួម​វេទិកា​ឆ្លើយ​ឆ្លង និង​សន្ទនាមតិ ក៏​ដូច​ជា​ចែក​រំលែក​ព័ត៌មាន និង​បញ្ចេញ​មតិ​គំនិត​ផ្សេងៗ​តាម​វ៉ិបសាយថ៍ និង​លើ​ទំព័រ Facebook របស់​យើង​ នៅ​ក្នុង​ខណៈ​ដែល​ពួក​លោក​នាំ​គ្នា​ខំ​ពង្រីក​ចំណេះ​ដឹង និង​ភ្ជាប់​ទំនាក់ទំនង​នៅ​ក្នុង​ពិភពលោក។ 

តាមរយៈ​ការ​ផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​អ៊ិនធើរណិត និង​តាម​ប៉ុស្តិ៍វិទ្យុ​ FM ពាស​ពេញ​ប្រទេស​កម្ពុជា​ អ្នក​ស្ដាប់​គ្រប់​មជ្ឈដ្ឋាន​អាច​ស្ដាប់​ឮ​កម្មវិធី​ភាសា​ខ្មែរ​នៃ Radio Australia ដែល​ផ្ដល់​នូវព័ត៌មាន​កើត​ឡើង​នៅ​ក្នុង​​ពិភពលោក ដោយ​មាន​ការ​ផ្សំ​បន្ថែម​គ្រឿង​ជា​មួយ​នឹង​ទស្សនៈ​ផ្នត់​គំនិត​ និង​យល់​ឃើញ​របស់​ពលរដ្ឋ​អូស្ដ្រាលី​ផង​លើ​ព្រឹត្ដិការណ៍​ទាំង​នោះ​។

ក្រៅពីនេះ Radio Australia ក៏​មាន​ផ្ដល់​ព័ត៌មាន និង​ការ​អប់រំ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម, សង្គម, វប្បធម៌, ប្រវត្ដិ​សាស្ដ្រ, យុវជន, សុខភាព, វិទ្យាសាស្រ្ត, បច្ចេក​វិទ្យា រួម​ជា​មួយ​នឹង​ការ​បង្រៀន​ភាសាអង់គ្លេស និង​បទ​វិភាគ​ស៊ី​ជម្រៅ​ដទៃ​ទៀត​ស្ដី​ពីប្រទេស​អូស្រ្តាលី និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ម្រិយមិត្ដ​ជា​ទីមេត្រី! ក្រោយ​ពី​ការ​ផ្សាយ​៥​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​សម្រាប់​រយៈ​ពេល​៣០​នាទី​ជា​រៀង​រាល់​ថ្ងៃ​មក​កម្មវិធី​ខេមរ​ភាសា​បាន​ពង្រីក​ទៅ​៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​សម្រាប់​រយៈ​ពេល​មួយ​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ឆ្នាំ២០០៦​ដើម្បី​សម្រេច​ទៅ​តាម​បំណង​មិត្ត​អ្នក​ស្ដាប់​តាម​វិទ្យុ និង​តាម​អ៊ិនធើរណិត នៅ​ក្នុង​ខណៈ​ដែល​បណ្តាញ​ព័ត៌មាន​ជុំវិញ​សកល​លោក​បន្ត​ការ​ផ្លាស់​ប្ដូរ​ជាប់​រហូត​មក និង​នៅ​ពេល​ដែល​ធន​ធាន​កាល​នោះ​នៅ​សម្បូរ​។

ប៉ុន្ដែ​នៅ​ឆ្នាំ​២០១៤​ដោយ​សារ​តែ​បញ្ហា​កាត់​ថវិកា​ពី​រដ្ឋាភិបាល​ដល់​ស្ថាប័ន​សោតទស្សន៍​ ABC អូស្ដ្រាលី​ ចំនួន​បុគ្គលិក​វិទ្យុ​អូស្ដ្រាលី​ត្រូវ​គេ​បញ្ចុះ​ពី​៤នាក់​ឲ្យ​មក​នៅ​ត្រឹម​១​នាក់​គត់ ​ហើយ​ក៏​គ្មាន​អ្នក​រាយការណ៍​ផ្ទាល់​ពី​ប្រទេស​កម្ពុជា​ដូច​មុន​ដែរ ធ្វើ​ឲ្យ​កម្មវិធី​ខេមរភាសា​មិន​មាន​ធន​ធាន​គ្រប់​គ្រាន់​សម្រាប់​បំពេញ​បំណង​ប្រិយមិត្ដ​ដែល​តែង​តែ​ស្រេក​ឃ្លាន​ចង់​បាន​នូវ​ព័ត៌មាន​កាន់​តែ​ច្រើន, កម្មវិធី​កាន់​តែ​ចម្រុះ ក៏​ដូច​ជា​ការ​ចង់​បន្ថែម​ម៉ោង​ផ្សាយ។ អាស្រ័យ​ហេតុ​ទាំង​នេះ ធ្វើ​ឲ្យ​កម្មវិធី​យើង​អាច​ផ្សាយ​តែ​កន្លះ​ម៉ោង​ក្នុង​មួយ​ថ្ងៃ, ៥​ថ្ងៃ​ក្នុង​មួយ​អាទិត្យ​។

ដូច​ប្រិយ​មិត្ដ​បាន​ជ្រាប​ហើយ​ថា ការ​សម្រេច​បិទ​កម្មវិធី​ផ្សាយ​ខេមរភាសា​នេះ គឺជា​ការ​សម្រេច​ចិត្ដ​របស់​ថ្នាក់​ដឹក​នាំ​អង្គភាព ABC International ដែល​ជា​អង្គភាព​អន្ដរជាតិ​នៃ​ស្ថាប័ន​សោតទស្សន៍​អូស្ដ្រាលី​ក្រោយ​ពី​ការ​ពិនិត្យ​ឡើង​វិញ​លើ​ទិស​ដៅ​យុទ្ធ​សាស្ដ្រ និង​អាទិភាព​របស់​អង្គភាព​ ABC International។ ហើយ​យុទ្ធ​សាស្ដ្រ​ថ្មី​គឺ​ផ្ដោត​តែ​លើ​ភាសា​៤​ធំៗ​ប៉ុណ្ណោះ​ដែល​ផ្សាយ​ទៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺ​ភាសា​អង់គ្លេស, ភាសា​ចិន​កុក​ងឺ, ភាសា​ឥណ្ឌូណេស៊ី និង​ភាសា​ប៉ាពួនូវ៉ែលហ្គីណេ។ ចំណែក​ភាសា​តូចៗ​ចំនួន​៤ គឺ​ភាសា​ខ្មែរ, ភាសា​ភូមា, វៀតណាម ផ្សាយ​ទៅ​អាស៊ី​ ​ដែល​មាន​បុគ្គលិក​ធ្វើ​ការ​តែ​ម្នាក់​គត់​សម្រាប់​ភាសា​នីមួយៗ​នោះ នឹង​ត្រូវ​បិទទ្វារ​លែង​ដំណើរការ​ពី​ថ្ងៃ​២ធ្នូ​២០១៦​។ ចំណែក​ឯភាសា​បារាំង​ដែល​ផ្សាយ​ទៅ​ប៉ាស៊ីហ្វិក​នឹង​បិទ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៧។

សម្រាប់​រូប​ខ្ញុំបាទ ឃុន អាឡិច ជា​បុគ្គលិក​ចុង​ក្រោយ​គេ​ ដែល​បាន​ចូល​បម្រើ​ការងារ​ជា​មួយ​វិទ្យុ​អូស្ដ្រាលី​តាំងពី​នៅ​ជា​និស្សិត​​សិក្សា​សកល​វិទ្យាល័យ​នៅ​ឆ្នាំ​២០០៤​មក​ម្ល៉េះ និង​ក្រោយ​ពី​បាន​ធ្វើការ​ងារ​យកបទ​ពិសោធន៍​អស់​មួយ​រយៈ​ខ្លី​នៅ​ទី​នេះ ហើយ​មក​ទល់​ពេល​នេះ គឺជាង​១០​ឆ្នាំ​ហើយ ប៉ុន្ដែ​ខ្ញុំ​តាំង​ពី​ដើម​ទី​មក​ គឺ​តែង​តែ​ពេញ​ចិត្ដ​រីករាយ​ជាប់​ជានិច្ច​មក​ធ្វើ​ការ​រាល់​ថ្ងៃ​ដើម្បី​នាំ​ព័ត៌មាន និង​ព្រឹត្ដិការណ៍​នានា​មក​ជូន​ប្រិយមិត្ដ​​​រហូត​ដល់​ថ្ងៃ​បញ្ចប់​។

ខ្ញុំ​សូម​អរគុណ​ប្រិយមិត្ដ​ទាំង​អស់​ជា​អនេក​កប្បការ​ទាំង​នៅ​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ដែល​បាន​ផ្ដល់​កម្លាំង​ចិត្ដ, តែង​តែ​បើក​ស្ដាប់​​​តាម​វិទ្យុ និង​តាម​អ៊ីនធើរណិត​ និង​រៀន​ភាសា​អង់គ្លេស​ជា​មួយ​យើង​ខ្ញុំតាំង​ពី​ដើម​ទី​រហូត​ដល់​២ធ្នូ​២០១៦​នេះ​។

យើង​ខ្ញុំ​ក៏​សូមថ្លែង​អំណរ​គុណ​ផង​ដែរ​ដល់​បណ្ដា​វាគ្មិន​ជាតិ​ និង​អន្ដរជាតិ ក៏​ដូច​ជា​ប្រិយមិត្ដ​ជិត​ឆ្ងាយ​ចំពោះ​ការ​គាំទ្រ​, ការ​ចូល​រួម​ចំណែក​ផ្ដល់​មតិ​យោបល់​ទោះ​តិច​ក្ដី​ច្រើន​ក្ដី, វិជ្ជមាន​ក្ដី មិន​វិជ្ជមាន​ក្ដី​ ទាក់​ទង​នឹង​​ការ​ផ្សាយ​របស់​យើង​រយៈពេល​២​៤​ឆ្នាំ​ ដើម្បី​ឲ្យ​កម្មវិធី​កាន់​តែ​ល្អ​ប្រើសើរ និង​បាន​ការ​គាំទ្រ​ពី​ពល​រដ្ឋ​ខ្មែរ​រាល់​លាន​នាក់ និង​ធ្វើ​ឲ្យ​កម្មវិធី​បាន​ជោគ​ជ័យ​។

ដូច​ប្រិយមិត្ដ​ដែរ ទោះ​បី​ជា​មាន​ការ​សោក​ស្ដាយ​មិន​ចង់​ឲ្យ​មាន​ការ​បិទ​កម្មវិធី​នេះ​យ៉ាង​ណា​ក៏​ដោយ ក៏​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​​ពលរដ្ឋ​អូស្ដ្រាលី​ម្ចាស់​ទឹក​ម្ចាស់​ដី, ស្ថាប័ន​សោតទស្សន៍ ABC អូស្ដ្រាលី និង​ថ្នាក់​ដឹក​នាំ​គ្រប់​ជំនាន់​ ដែល​បាន​គាំទ្រ​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អូស្ដ្រាលី​អស់​ពេល​ជាង​២ទសវត្សរ៍​នេះ។

ខ្ញុំសូម​ជូន​ពរ​ឲ្យ​ប្រិយមិត្ដ​ទាំង​អស់​បាន​ជួប​ប្រទះ​តែ​នឹង​សេចក្ដី​សុខ​, មាន​សុ​ខភាព​ល្អ, បវរសួស្ដី, ជួប​តែ​សុភមង្គល​, ពុទ្ធពរ​ទាំង​បួន​ប្រការ ហើយ​រក​ទទួល​ទាន​ល្អៗ​យ៉ាង​ណា​សូម​បាន​សម​ប្រកប​ជាប់​ជានិច្ច។

សូម​អរគុណ និង​សូម​លំអោន​កាយ​ជម្រាប​លា!

---

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​