Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ខ្ញុំត្រូវការការងារ!

ខ្ញុំត្រូវការការងារ!

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​សិក្សា​អំពី​របៀប​ស្វែង​រក​ការ​ងារ​មិន​ពេញ​ពេលធ្វើ ឬ​ការងារ​ម្ដង​ម្កាល​ ប្រសិន​បើ​លោក​អ្នក​ចង់​រក​ការងារ​ធ្វើ។ លោក​អ្នក​នឹង​បាន​យល់​អំពី​បំណិន​ភាសា​សម្រាប់​ប្រើ​ក្នុង​ការ​សន្ទនា​ជា​ភាសា​អង់គ្លេសនៅ​ពេល​ពិភាក្សា​អំពី​ការ​បង់​ថ្លៃ​វិក្កយបត្រ​ទឹក/​ភ្លើង ជា​ដើម​ជា​មួយ​នឹង​មិត្ដ​រួម​ផ្ទះ។ លោក​អ្នកក៏​នឹង​បាន​ដឹង​នូវ​របៀប​រក​ព័ត៌មាន​អំពី​ការងារ​​ដែល​គេ​ត្រូវ​ការ​បុគ្គលិក​​ផង​ដែរ។

នៅ​ក្នុង​មេរៀន​នេះ លោក​អ្នក​នឹង​បាន​ដឹង​អំពី​របៀប​ដាក់​ពាក្យ​សុំ​ច្បាប់​ធ្វើ​ការងារ​ និង​វិធី​ទូរស័ព្ទ​ទៅ​តាម​ក្រុមហ៊ុន​/អង្គការ​ ដើម្បី​ស្វែង​រក​ការងារ​ធ្វើ រួម​ទាំង​ទទួល​បាន​ឱវាទ​ល្អ​ៗ​មួយ​ចំនួន​សម្រាប់​ការ​រក​ការ​ងារ​ធ្វើ​មិន​ពេញ​ពេល​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។ យើង​ខ្ញុំ​ក៏​មាន​ផ្ដល់​ជូន​ព័ត៌មាន​អំពី​ការ​ងារ​មិន​ពេញ​ពេល​ធម្ម​តា​មួយ​ចំនួន​សម្រាប់​សិស្ស/និស្សិត​​ និង​របៀប​រៀប​ចំ​ប្រវត្ដិរូប​សង្ខេប​សម្រាប់​ដាក់​ពាក្យ​រក​ការងារ​ធ្វើ។ លើស​ពី​នេះ លោក​អ្នក​ក៏​នឹង​បាន​ដឹង​អំពី​សំនួន​វោហារស័ព្ទ​ដែល​គេ​និយម​ប្រើ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ផង​ដែរ ដូច​ជា​ពាក្យ “kitty money”។

នៅ​ក្នុង​សាច់​រឿង​នៃ​​ការ​សន្ទនា​នេះ នាង អែនជល មាន​អារម្មណ៍​ស្រឡាំងកាំង​​នៅ​ពេល​ដែល​នាង​ដឹង​ថា នាង​ត្រូវ​បង់​ថ្លៃ​វិក្កយបត្រ​បន្ថែម​ទៀត។ នាង​សម្រេច​ចិត្ដ​ថា នាង​ត្រូវ​តែ​រក​ការងារ​ធ្វើ​ខ្លះ​ហើយ​​ទើប​បាន​ដើម្បី​ជួយ​ទប់​ចំណាយ​​។

ឯកសារ​ជំនួយ​មេរៀន​

ឯកសារ​ជំនួយ​មេរៀន​ជា​ទម្រង់​ PDF សម្រាប់​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នេះរួម​មានសេចក្ដី​សង្ខេប​នៃ​តួអង្គ និង​ដំណើរ​សាច់​រឿង​ដែល​មាន​នៅ​ក្នុង​មេរៀន។ លោក​អ្នក​នឹង​បាន​ដឹង​អំពី​សំណាក/គំរូ​នៃ​ប្រវត្ដិរូប​សង្ខេប​​សម្រាប់​ដាក់​ពាក្យ​រក​ការ​ងារ​ធ្វើ​។ ​លោក​អ្នក​ក៏​នឹង​ទទួល​បាន​នូវ​ពាក្យ​ពេចន៍ និង​ឃ្លា​ប្រយោគ​​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍ ដែល​គេ​ច្រើន​ប្រើ​នៅ​ក្នុង​​មេរៀន​ផងដែរ​​​។ លោក​អ្នក​ក៏​មាន​​​ឱ​កាស​ហាត់​ធ្វើ​លំហាត់​សម្រាប់​ការ​​ត្រៀម​ធ្វើ​តេស្ដ​សមត្ថភាព​ភាសា​អង់គ្លេស (English Placement Test) ដើម្បី​ជួយ​លោក​អ្នក​ហាត់​បញ្ចេញ​សំឡេង​ពាក្យ​ពេចន៍​ភាសា​​អង់គ្លេស​។