Burma
ជំនួយសំរាប់ជនរងគ្រោះនៅភូមា
ជំនួយសំរាប់ជនរងគ្រោះដោយសារខ្តល់ព្យុះNargis បានចាប់ផ្តើមចូល
ទៅដល់ប្រទេសភូមាហើយ ដោយយន្តហោះដឹកគ្រឿងសម្ភារៈជំនួយ៣
គ្រឿងបានទទួលការអនុញ្ញាតឲ្យចុះចតនៅភូមានិងរថយន្តកាំមីញ៉ុងជា
ច្រើនគ្រឿងបានបើកឆ្លងកាត់ព្រំដែនពីប្រទេសថៃ។

យ៉ាណាមិញ អង្គការសហប្រជាជាតិ និយាយថា មានតែជនរងគ្រោះមួយភាគ៤
នៃជនរងគ្រោះ១លាន៥សែននាក់ប៉ុណ្ណោះ ដែលបានទទួលជំនួយមនុស្សធម៌។

កម្មវិធីស្បៀងអាហារពិពភលោកនៃអង្គការសហប្រជាជាតិ និយាយថា
យន្តហោះ៣គ្រឿង ដែលមានដឹកស្បៀងអាហារ ឧបករណ៍សំរាប់សង់
ទីជំរក និងគ្រឿងសម្ភារៈសំរាប់ទូរគមនាគមន៍ និងការិយាល័យ នោះបានទៅ
ដល់ប្រទេសភូមាកាលពីថ្ងៃសៅរ៍។ អាជ្ញាធរភូមាបានចែកចាយគ្រឿងសម្ភារៈ
ទាំងនោះទៅឲ្យជនរងគ្រោះ។

មានការសង្ឃឹមថា យន្តហោះដឹកគ្រឿងសម្ភារៈ២គ្រឿងផ្សេងទៀត
ដែលទៅដល់ប្រទេសភូមាកាលពីថ្ងៃសុក្រនឹងបានទទួលការអនុញ្ញាត
ពីមន្រ្តីគយឲ្យយកគ្រឿងសម្ភារៈទាំងនោះទៅចែកចាយដល់ជនរងគ្រោះ។

រថយន្តជាច្រើនគ្រឿងរបស់ស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួន ដែលដឹកសំពត់កៅស៊ូបានទទួលការអនុញ្ញាតឲ្យឆ្លងកាត់ព្រំដែនពីប្រទេស
ថៃនៅថ្ងៃម្សិលមិញនេះ បន្ទាប់ពីមានការពន្យារពេលអស់២ថ្ងៃមកនោះ៕

(ប្រែសម្រួលដោយ សូ លឹមសេង)