Cambodia
ទំនាស់ដីធ្លីនៅស្រុកគាស់ក្រឡ
អង្គការសង្គមស៊ីវិលរិះគន់និងប្រតិកម្មទៅនិងចំណាត់ការដោះស្រាយដីធ្លីថ្នាក់ខេត្តថាមានភាពលំអៀង
ទៅលើភាគីមន្ត្រីយោធាក្នុងការដោះស្រាយទំនាស់ដីធ្លីមួយក្នុងស្រុកគាស់ក្រឡខេត្តបាត់ដំបង។លោក
សុខ សាវី ធ្វើសេចក្តីរាយការណ៍ពិស្តារពីខេត្តបាត់ដំបង

ការប្រតិកម្មនេះនិងការរិះគន់នេះបានធ្វើឡើងបន្ទាប់ពីគណៈកម្មាការដោះស្រាយដីធ្លីថ្នាក់ខេត្តបានសម្រេច
យកគោលការណ៍អោយភាគីយោធាលោក លឹម ទាឡេងជាអ្នកសម្បទានដីអោយ ប្រជាពលរដ្ឋក្នុងមួយ
គ្រួសារពីរហិចតា។

មន្រ្តីស៊ើបអង្កេតសមាគមន៍អាដហុកខេត្តបាត់ដំបង លោក យិន ម៉េងលីមានប្រសាសន៍ថា ការប្រគល់
សិទ្ធិអោយលោកលឹម ទាឡេងជាអ្នកសម្បទានដីអោយប្រជាពលរដ្ឋនេះ គឺផ្ទុយទាំងស្រុងទៅនិងនិតិវិធី
ច្បាប់ ព្រោះទំនាស់ដីធ្លីវាងប្រជាពលរដ្ឋនិងមន្រ្តីយោធានេះពុំទាន់មានសម្រចណាមួយអោយភាគីណា
ឈ្នះនោះទេ។
សម្លេង
សូមបញ្ជាក់ថាទំនាស់ដីធ្លីខាងលើរវាងប្រជាពលរដ្ឋជាងមួយរយគ្រួសារនិងមន្រ្តីយោធា ដែលមានលោក
លឹម ទាឡេង អួនគន់និងលើក ហែន ហឿន លើផ្ទៃដីទំនាស់ចំនួន១១០០ហិចតា នៅចំណុចឃុំព្រះផុស
ស្រុកគាស់ក្រឡខេត្តបាត់ដំបង បានកើតឡើងជាយូរណាស់មកហើយ ដែលមកទល់ពេលនេះមានតែប្រជា
ពលរដ្ឋ៦៣គ្រួសារប៉ុណ្ណោះ ទទួលយកតាមគោលការណ៍របស់ខេត្តក្នុងមួយគ្រួសារទទួលបានពីរហិចតា
ចំណែកប្រជាពលរដ្ឋជាង៨០គ្រួសារទៀតនោះមិនទាន់ព្រមយកគោលការណ៍នេះនៅឡើយ។

លោក ស្វាយ យន តំណាងប្រជាពលរដ្ឋដែលមិនព្រមយកដីតាមគោលការខេត្តនោះបានបញ្ជាក់ពី មូលហេតុ
ថា ពួកគាត់ចង់បានដីដែលខំរុករានតាំងពីឆ្នាំ១៩៩៩និងដីដែលទិញតពីប្រជាពលរដ្ឋមកវិញទាំងអស់ គឺមិន
ត្រូវការដីសម្បទាននោះទេ ដែលពួកគាត់ខ្លះមានដីរហូតដល់១០ទៅជាង២០ហិចតាឯណោះ ។
សម្លេង
វិទ្យុអូស្រ្តាលីមិនអាចទំនាក់ទំនងជាមួយមន្រ្តីយោធាខាងលើបាននោះទេកាលពីម្សឹលមិញ។លោកអ៊ុក វង្ស
អភិបាលរងខេត្តបាត់ដំបងនិងជាអនុប្រធានការិយាល័យដោះស្រាយដីធ្លីថ្នាក់ខេត្តមានប្រសាសន៍ថាអជ្ញាធរ
ស្រុកខេត្តសម្រេចយកគោលការណ៍អោយភាគីលឹម ទាឡេងសម្បទានដីអោយប្រជាពលរដ្ឋមួយ គ្រួសារ
ពីរហិចតានេះគឺដើម្បីបញ្ចប់បញ្ហាទំនាស់ដីធ្លីស្មុគស្មាញរវាងលោក មន្រ្តីយោធានិងប្រជាពលរដ្ឋ ។

ចំណែកប្រជាពលរដ្ឋដែលមិនទាន់ព្រមទទួលយកដីតាមគោលការណ៍ខេត្តនោះគឺខេត្តក៏បានទុកពេលអោយ
១៥ថ្ងៃដើម្បីសម្រេចចិត្តដែរ តែមកទល់ពេលនេះវាហួសពេលកំណត់ទៅហើយ ។
សម្លេង
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ឧសភា២០០៨ប្រជាពលរដ្ឋទាំង៨៩គ្រួសារដែលមិនព្រមទទួលយកតាម
គោលកាណ៍ខេត្តនេះ បានធ្វ្ើលិខិត ឆ្លើយតបនិងជំទាស់មួយទៅកាន់គណៈកម្មាធិការ ដោះស្រាយដីធ្លី
ថ្នាក់ខេត្តតាមរយៈអាជ្ញាធរឃុំ ស្របពេលដែលគណៈកម្មាធិការថ្នាក់ស្រុកចុះ មកធ្វើការបែងចែក ដី
សម្បទានអោយប្រជាពលរដ្ឋដែលព្រមទទួល ។

រៀបរៀងរបាយការណ៍ដោយលោក សុខ សាវី