Cambodia
គ្រោះថ្នាក់ផ្ទុះគ្រាប់នៅខេត្តបាត់ដំបងសម្លាប់យុវជនពីរនាក់
មានករណីផ្ទុះគ្រាប់ជាថ្មីម្តងទៀតហើយក្នុងខេត្តបាត់ដំបងដែលបានបណ្តាលឲ្យក្មេង
ជំទង់ពីនាក់បងប្អូនបង្កើតបាត់បង់ជីវិតនិងពីរនាក់ទៀតរងរបួសធ្ងន់ធ្ងរ ។ លោក សុខ
សាវី ធ្វើសេចក្តីរាយការណ៍ពិស្តារពីខេត្តបាត់ដំបង៖

យ៉ាងហោចណាស់មានក្មេងប្រុសជំទង់បួននាក់ទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដោយ
សារ អំបែងគ្រាប់ផ្ទុះដែលបណ្តាលអោយពីរនាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មក្នុង
ថ្លុកឈាមភ្លាមៗ និងពីរនាក់ទៀតរងរបួសធ្ងន់នៅវេលាម៉ោង១១និង២០នាទីថ្ងៃច័ន្ទ
ម្សិលមិញនេះ ។

ការទទួលរងគ្រោះថ្នាក់ដូច្នេះបន្ទាប់ពីពួកគេទាំងបួននាក់បានយកគ្រាប់កាំភ្លើងត្បាល់
មួយគ្រាប់ដែលគេទុកចោលក្នុង បង្គាបឈើយកមកដំលេងលើផ្ទាំងថ្ម ស្ថិតនៅចំណុច
ជើងភ្នំតាំងយូ ក្នុង ឃុំអូរដាស្រុកកំរៀងខេត្តបាត់ដំបង នេះបើតាមសេចក្តីរាយការណ៍
របស់សមត្ថកិច្ចមូលដ្ឋាន ។

នាយរងប៉ុស្ដតិ៍រដ្ឋបាលឃុំអូរដា លោក ពេជ្យ គីន បានបន្តឲ្យដឹងថា ខណៈពេលសំឡេង
គ្រាប់ផ្ទុះនោះ បានធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្បែរនោះ និង ព្រះសង្ឃ
ដែលគង់លើភ្នំតាំងយូ បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ហើយក្រុមគ្រួសារជន​
រងគ្រោះបាននាំអ្នករបួសធ្ងន់ទៅកាន់មន្ទីរពេទ្យនៃប្រទេសថៃភ្លាមៗដើម្បីសង្គ្រោះបន្ទាន់ ។

លោក ឈឹម គឹមហុង អធិការប៉ូលិសស្រុកកំរៀង បានមានប្រសាសន៍អោយដឹងថា គ្រាប់
មិនទាន់ផ្ទុះខាងលើនេះ បានបន្សល់ទុកតាំងពីសម័យសង្គ្រាមមកម្ល៉េះ ហើយកន្លងមក​
គេក៏បានរាយការណ៍ប្រាប់មន្រ្តីស៊ីម៉ាក់ដែរ តែមន្រ្តីស៊ីម៉ាក់នៅមិនទាន់មកយកចេញនៅ
ឡើយ ដោយសារហេតុផលរដូវភ្លៀងគេទុករហូតទាល់តែមានគ្រោះថ្នាក់ដូច្នេះ។

(សំឡេង)

លោកអធិការបន្តឲ្យដឹងទៀតថា ជនរងគ្រោះខាងលើនេះមានម្នាក់ឈ្មោះ គ្រុយ ឆានី អាយុ
១៣ឆ្នាំ និងគ្រុយ រស្មី អាយុ១១ឆ្នាំ គេទាំងពីរនាក់បាត់បង់ជីវិតភ្លាមៗ និងឈ្មោះ គ្រុយ នាគ
អាយុ១៤ឆ្នាំរងរបួសដែលជនរងគ្រោះទាំងបីនាក់ជាបងប្អូនបង្កើតនិងគ្នា និងម្នាក់ទៀតឈ្មោះ
គឹម នុត សៀវ អាយុ១៣ឆ្នាំ រងរបួសធ្ងន់ដោយសារអំបែងគ្រាប់បណ្តាលឲ្យដាច់ដៃម្ខាងនិង
ខ្វាក់ភ្នែកម្ខាង ត្រូវយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យនៃប្រទេសថៃ ដោយ សារភ្លៀងធ្លាក់​
ខ្លាំងផ្លូវរអិលពិបាកនឹងដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ Emengency Battambang។


សូមបញ្ជាក់ថាបើតាមសេចក្តីរាយការណ៍ពីមន្រ្តីជំនាញបានឲ្យដឹងថា ក្នុងឆ្នាំ២០០៨នេះក្នុង
ខេត្តបាត់ដំបងមានករណីរងគ្រោះដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះចំនួនប្រហែលជាង
ដប់ករណីបណ្តាលឲ្យមនុស្សក្មេងចាស់ស្លាប់បាត់បង់ជីវិតកើនឡើង១០នាក់និងរងរបួស​
កើនឡើងជាងដប់នាក់ហើយ ៕

(រៀបរៀងរបាយការណ៍ដោយ សុខ សាវី )