Cambodia
កម្ពុជានឹងបើកផ្សារភាគហ៊ុននៅចុងឆ្នាំ២០០៩
ប្រទេសកម្ពុជាគ្រោងនឹងបើកឲ្យប្រើប្រាស់ទីផ្សារភាគហ៊ុនដំបូងរបស់ខ្លួន ព្រមទាំងផ្ដើម
ឲ្យមានដំណើរការទីផ្សារប័ណ្ណក្រុមហ៊ុន នៅក្នុងត្រីមាសទីបួនឆ្នាំក្រោយ ដើម្បីទាក់
ទាញការបណ្ដាក់ទុនបរទេស។

លោក កែវ ថាច់ ប្រធានផ្នែកទីផ្សារហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា
មានប្រសាសន៍ថា នឹងមានក្រុមហ៊ុនពី ៦ ទៅ១០ក្រុមហ៊ុន ចូលរួមដែលមានតម្លៃទឹក
ប្រាក់សរុបប្រមាណពី២០០ ទៅ ៤០០លានដុល្លារអាម៉េរិក នៅឆ្នាំទីមួយនៃការចាប់
បើកឲ្យមានទីផ្សារភាគហ៊ុនដំបូងនេះ។

បណ្ដាក្រុមហ៊ុនទាំងនោះ រួមមានក្រុមហ៊ុន ស៊ូគីម៉ិច ដែលជាក្រុមហ៊ុនប្រេងធំជាងគេ
បំផុតនៅក្នុងប្រទេសកម្ពុជា ព្រមទាំងធនាគារ Acleda ដែលជាធនាគារធំជាងគេ
របស់កម្ពុជាផងដែរ។

តម្រូវការសម្រាប់ក្រុមហ៊ុនមុននឹងគេអាចចុះឈ្មោះចូលទៅក្នុងបញ្ជីក្រុមហ៊ុនដំណើរការ
នៅលើទីផ្សារនេះ នឹងមានម៉ូដែលស្រដៀងគ្នាទៅនឹងទីផ្សារភាគហ៊ុនទីពីររបស់កូរ៉េខាង
ត្បូង ដែលគេបានបង្កើតឡើងកាលពីពេល១២ឆ្នាំមុនសម្រាប់ឲ្យក្រុមហ៊ុនខ្នាតតូច និង
មធ្យម និងក្រុមហ៊ុនថ្មីថ្មោង ចុះឈ្មោះចូលរួម។

បើតាមបណ្ដាញព័ត៌មាន Bloomberg ជាភាសាអង់គ្លេសបានឲ្យដឹងថាប្រទេសកម្ពុជា
កំពុងតែស្វះស្វែងទាក់ទាញទុនបរទេស នៅក្នុងខណៈពេលដែលអត្រាកំណើនសេដ្ឋ
កិច្ចកម្ពុជាមានការស្រុតចុះបន្ដិច ក្រោយពីបានកើនឡើងដល់ទៅ១៣.៥% កាលពី
ឆ្នាំ២០០៥៕

(ប្រែសម្រួលដោយ ឃុន អាឡិច)