Cambodia
ថ្ងៃធ្វើយុទ្ធនាការបោះឆ្នោតចុងក្រោយនៅបាត់ដំបង
នៅក្នុងថ្ងៃចុងក្រោយនៃការធ្វើយុទ្ធនាការបោះឆ្នោតជាតិនៅខេត្តបាត់ដំបងវិញ មាន
គណបក្សនយោបាយធំៗមួយចំនួនបានធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតជាចុង
ក្រោយរបស់ខ្លួនដើម្បីបញ្ចប់យុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិ​​ទី៤
​នេះ ។ លោក សុខ សាវី ធ្វើសេចក្តីរាយការណ៍ពិស្តារពីខេត្តបាត់ដំបង៖

ថ្ងៃទី២៥កក្កដាជាថ្ងៃចុងក្រោយនៃថ្ងៃធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង
តំណាងរាស្រ្តអាណត្តិទីបួន ។

នៅឯខេត្តបាត់ដំបងគេសង្កេតឃើញមានគណបក្សនយោបាយធំៗមួយចំនួនបានរៀប
ចំដង្ហែក្បួនយុទ្ធនាការចុងក្រោយរបស់ខ្លួន ក្នុងនោះគេឃើញមានគណបក្សប្រជាជន
កម្ពុជា រៀបចំក្បួនយុទ្ធនាការធំជាងគេ ដែលមានសមាជិកគាំទ្រគណបក្ស​របស់ខ្លួន​
ចូលរួមជិតពីរម៉ឺននាក់ ។

ក្បួនយុទ្ធនាការគណបក្សប្រជាជនដែលដឹកនាំដោយលោកសរ ខេង តំណាងរាស្រ្ត
មណ្ឌលបាត់ដំបង បានជួបជុំគ្នានៅសួនច្បារនាគបាញ់ទឹក រួចបានបន្តដង្ហែទៅកាន់ទី​
ប្រជុំ​ជន​ក្រុងនិងទីប្រជុំជនតាមបណ្តាស្រុកនានា ។ លោក សរខេង បានថ្លែងទៅ​
កាន់អ្នកគាំទ្រគណបក្សប្រជាជនជិតពីរម៉ឺននាក់នាឱកាសនោះដោយមោទនភាព
ថា គណបក្សប្រជាជននិងមានសំឡេងគាំទ្រដ៏លើសលប់ពីប្រជាពលរដ្ឋ ។
(សម្លេងលោកសរខេង)
ដោយឡែកនៅថ្ងៃចុងក្រោយនៃថ្ងៃធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនេះដែរគណបក្ស
សមរង្សី ក៏បានរៀបចំក្បួនដង្ហែចុងក្រោយរបស់ខ្លួនផងដែរ។ លោក សរចាន់ដេត
តំណាង​គណបក្សសម រង្សីខេត្តបាត់ដំបង បានអោយដឹងថា គណបក្សសមរង្សីបាន​
រៀបចំក្បួនម៉ូតូចំនួន៤០០គ្រឿងដើម្បីធ្វើការដង្ហែក្បួនឃោសានា នាព្រឹកនេះ ។
(សម្លេងលោកសរចាន់ដេត)
ថ្ងៃចុងក្រោយនេះដែរគែពុំឃើញមានវត្តមាន ក្បួនយុទ្ធនាការឃោសនាបោះឆ្នោតរបស់​
គណបក្សសិទ្ធិមនុស្ស នៅទីប្រជុំជនក្រុងបាត់ដំបងនោះទេ ដោយគណបក្សនេះ​
បានរៀបចំក្បួនយុទ្ធនាការចុងក្រោយរបស់ខ្លួនដ៏ធំរួចទៅហើយកាលពីថ្ងៃព្រហស្បតិ៍
ម្សិលមិញដែលមានសមាជិករាប់រយនាក់ ចូលរួមដង្ហែតាមរថយន្តនិងម៉ូតូដ៏វែង ។

ដោយឡែកលោក ស៊ុត ឌីណា តំណាងគណបក្សនរោត្តមរណឫទ្ធិខេត្តបាត់ដំបងបាន​
អោយដឹងថាគណបក្សនរោត្តមរណឫទ្ធិមិនធ្វើការដង្ហែក្បួនឃោសនាចុងក្រោយនៅ
តាមទីប្រជុំជនក្រុងនោះទេ ដោយគេបានធ្វើរួចទៅហើយនាថ្ងៃព្រហស្បតិ៍ម្សិលមិញ
ហើយថ្ងៃនេះគណបក្សនរោត្តមរណឫទ្ធិប្តូរយុទ្ធសាស្រ្តដង្ហែក្បួនជាក្រុម តាមបណ្តា​
ស្រុកចំនួន៩ នៅក្នុងខេត្ត។
(សម្លេងលោកស៊ុតឌីណា)
នៅថ្ងៃចុងក្រោយនេះដែរគណបក្សសង្គមយុត្តិធម៌ ក៏បានរៀបចំក្បួនយុទ្ធនាការ​
ឃោសនា​បោះឆ្នោតរបស់ខ្លួនផងដែរ ដោយគណបក្សនេះបានជ្រើសរើស​យក​​ម៉ូតូ​
កង់បីរឺធុកៗ រាប់សិបគ្រឿងមកដង្ហែក្បួនឃោសនានាថ្ងៃបញ្ចប់នេះនៅតាម​បណ្តាទី​
ប្រជុំជន។

សូមបញ្ជាក់ថារយៈពេលនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាង
រាស្រ្ត អាណត្តិទីបួន ចាប់ផ្តើមពីថ្ងៃទី២៦មិថុនា និងបញ្ចប់នៅយប់ម៉ោងដប់ថ្ងៃទី២៥
កក្កដានេះ ។

ថ្ងៃទី២៦កក្កដា ស្អែកនេះជាថ្ងៃស ហើយ ថ្ងៃរៀបចំការបោះឆ្នោតនិងប្រព្រឹត្តទៅនៅថ្ងៃ
អាទិត្យទី២៧កក្កដា ខាងមុខនេះ ដែលមានគណបក្សនយោបាយចូលរួមប្រកួតប្រជែង​
ចំនួន១១ ៕

(រៀបរៀងរបាយការណ៍ដោយលោក សុខ សាវី )