Cambodia
ការហាមមិនឲ្យមានសុរានៅមុនពេលបោះឆ្នោតមួយថ្ងៃ និងនៅថ្ងៃបោះឆ្នោតនៅកម្ពុជា
ព្រមគ្នានេះដែរ អាជ្ញាធរក្រុងភ្នំពេញ ក៏ដូចជាអាជ្ញាធរថ្នាក់ខេត្ត បានប្តេជ្ញាអនុវត្តតាម
សេចក្តីណែនាំរបស់ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាស្តីពីការផ្អាកមិនឲ្យលក់ដូរ និង
ទទួលទានគ្រឿងស្រវឹង១ថ្ងៃមុនថ្ងៃបោះឆ្នោត និងនៅក្នុងថ្ងៃបោះឆ្នោតជ្រើសរើស
តំណាងរាស្ត្រអាណត្តិទី៤ ដោយបានដាក់បទបញ្ជា និងសេចក្តីជូនដំណឹងទៅ ម្ចាស់
ហាងលក់ទំនិញទាំងអស់ មិនឲ្យលក់គ្រឿងស្រវឹងនៅមុន១ថ្ងៃនៃថ្ងៃបោះឆ្នោត
និងនៅថ្ងៃបោះឆ្នោតឡើយ ហើយបើម្ចាស់ហាងលក់ទំនិញណាមិនគោរពតាមការ
ជូនដំណឹងនេះទេ អាជ្ញាធរ និងចាត់វិធានការផាកពិន័យ ។ លោកដែន សីម៉ា ជូន
របាយការណ៍ពិស្តារពីទីក្រុងភ្នំពេញ ៖

លោកម៉ាន់ ឈៀន អភិបាលរងក្រុងភ្នំពេញមានប្រសាសន៍ថា សេចក្តីណែនាំរបស់រាជ
រដ្ឋាភិបាលដែលផ្អាកមិនឲ្យលក់ដូរ និងទទួលទានគ្រឿងស្រវឹង មុន១ថ្ងៃមុនថ្ងៃ បោះ
ឆ្នោត និងនៅថ្ងៃបោះឆ្នោតនាថ្ងៃទី២៦ និង២៧នេះ សាលាក្រុងបានចាត់វិធានការរួច
ហើយ ដោយបានដាក់បទបញ្ជាទៅកាន់ខណ្ឌទាំង៧ និង៧៦សង្កាត់ នៅទូទាំង រាជ
ធានីភ្នំពេញ ដើម្បីឲ្យអាជ្ញាធរទាំងនោះយកសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល
យកទៅផ្សព្វផ្សាយបន្តទៅកាន់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់ហាងលក់ទំនិញ
និងភោជនីយដ្ឋានជាដើម ត្រូវតែអនុវត្តឲ្យបានហ្មត់ចត់ទៅតាមសេចក្តីជូនដំណឹង
នេះ ។ (សំឡេងលោកម៉ាន់ ឈៀន)

ជាមួយការប្តេជ្ញា និងយកចិត្តទុកដាក់អនុវត្តឲ្យខាងតែបាន ទៅតាមសេចក្តីណែនាំ
របស់ប្រមុខដឹកនាំរដ្ឋាភិបាលស្តីពីការផ្អាកការលក់ដូរគ្រឿងស្រវឹងនេះ ថ្នាក់ដឹកនាំ
នៅតាមមូលដ្ឋានមួយចំនួនអះអាងថា នឹងខិតខំអនុវត្តឲ្យមានប្រសិទ្ធិភាព ។
លោកឃ្លាំង ហួត អភិបាលខណ្ឌឬស្សីកែវ មានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថា ការណែនាំ
របស់ប្រមុខរដ្ឋាភិបាលនេះ លោកបានដាក់បញ្ជានេះជូនទៅអាជ្ញាធរមូលដ្ឋានមាន
ចៅសង្កាត់ និងនគរបាលជាដើម ធ្វើការណែនាំទៅម្ចាស់ភោជនីយដ្ឋាន ហាងលក់
ទំនិញ និងប្រជាពលរដ្ឋត្រូវគោរពទៅតាមសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល
ធ្វើយ៉ាងណាឲ្យការបោះឆ្នោតប្រព្រឹត្តទៅ ដោយរលូនស្របតាមច្បាប់ដែលបាន
កំណត់ ។ បើតាមលោកឃ្លាំង ហួត អាជ្ញាធរ និងធ្វើការផាកពិន័យទៅលើម្ចាស់ហាង
លក់ទំនិញទាំងឡាយណាដែលមិនគោរពតាមសេចក្តីណែនាំរបស់ប្រមុខដឹកនាំ
រដ្ឋាភិបាលនេះ។
(សំឡេងលោកឃ្លាំងហួត)

ឃ្លាតឆ្ងាយពីទីក្រុងភ្នំពេញបន្តិច នៅខេត្តកំពង់ចាមឯណោះវិញថ្នាក់ដឹកនាំខេត្តនេះ
ក៏បានណែនាំទៅដល់អ្នកធ្វើអាជីវកម្មលក់ដូរទាំងអស់ឲ្យផ្អាកការលក់ដូរគ្រឿងស្រវឹង
នេះផងដែរ ។ លោកហ៊ុន ណេង អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថាអាជ្ញា​ធរ​
ខេត្តបានចុះណែនាំដល់ម្ចាស់អាជីវកម្មទាំងអស់នៅគ្រប់ស្រុកនៅទូទាំងខេត្តកំពង់ចាម
ដើម្បីកុំឲ្យធ្វើអាជីវកម្មលក់ដូរគ្រឿងស្រវឹងនេះ នៅមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត​
រួចអស់ហើយ ។ ប៉ុន្តែត្រង់ថា សេចក្តីណែនាំនេះមានអ្នកធ្វើតាម ឬមិនធ្វើតាមវា​ជា​
សិទ្ធិរបស់មនុស្សម្នាក់ៗ ។

(សំឡេងលោកហ៊ុនណេង)
សម្រាប់លោកស្រីវេជ្ជបណ្ឌិតពុង ឈីវកេក នាយិកាអង្គការការពារសិទ្ធិមនុស្ស លីកាដូ
មានប្រសាសន៍ដោយបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលចេះពិសា
សុរាសូមអត់ធ្មត់កុំពិសារសុរា ឬគ្រឿងស្រវឹងផ្សេងៗនៅមុនថ្ងៃបោះឆ្នោត និងថ្ងៃ​
បោះឆ្នោត បើអាចអត់ទ្រាំបានវាជាការប្រសើរបំផុត ។ ដោយឡែកលោកអ៊ឹម សួស្តី
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានសម្តែងការអបអរ​សាទរ
ចំពោះសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលដែលតម្រូវឲ្យហាងលក់ដូរទាំងអស់ផ្អាក​​​
ការ​លក់ដូរគ្រឿងស្រវឹងរយៈពេលពីរថ្ងៃនេះ ៕

( របាយការណ៍ដោយលោកដែន សីម៉ា )