Thailand
បាតុកម្មនៅប្រទេសថៃពាក់ព័ន្ធនឹងក្រុមហ៊ុនប្រេងឥន្ធនៈ
បាតុករថៃរាប់ពាន់នាក់បាននាំគ្នាធ្វើដំណើរជាក្បួន ដើម្បីតវ៉ាប្រឆាំងនឹងក្រុមប្រេង
P-T-T ដែលរដ្ឋាភិបាលថៃមានភាគហ៊ុនខ្លះនៅក្នុងក្រុមហ៊ុននោះដែរ។ បាតុករ
បានអំពាវនាវសុំឲ្យរដ្ឋាភិបាលធ្វើការគ្រប់គ្រងក្រុមហ៊ុនប្រេងនេះ ផ្តាច់មុខតែម្តង។

នៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលលោកថាក់ស៊ីន ស្ហ៊ីណាវ៉ាត្រ ដែលជានាយក
រដ្ឋមន្រ្តីខ្ទាតពីតំណែងនោះ រដ្ឋាភិបាលបានលក់ចំណែកហ៊ុនមួយភាគបីនៃក្រុម
ហ៊ុននេះ ទៅឲ្យវិស័យឯកជន។

បាតុករទាំងនោះ ដែលដឹកនាំដោយសម្ព័ន្ធភាពប្រជាជនដើម្បីប្រជាធិបតេយ្យ
ជាក្រុមប្រឆាំងនឹងរដ្ឋាភិបាល បានរារាំងពាំងមាត់ទ្វារច្រកចូលធំ របស់ទីស្នាក់ការ
ក្រុមហ៊ុន PTT នៅក្នុងក្រុងបាងកក។

បណ្តាមេដឹកនាំក្រុមបាតុករនេះ និយាយថា លោកថាក់ស៊ីន ស្ហ៊ីណាវ៉ាត្រ និងសម្ព័ន្ធមិត្ត
របស់លោក គឺជាអ្នកដែលបានទទួលផលកម្រៃធំអំពីការលក់ក្រុមហ៊ុននេះ។

បាតុករទាំងនោះក៏បានវែកញែកផងដែរថា ការបន្ថយនូវសិទ្ធិគ្រប់គ្រងរបស់រដ្ឋ មាន
ន័យថា ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ត្រូវតែចំណាយប្រាក់កាន់តែច្រើន
សម្រាប់បង់ថ្លៃប្រេងដែលកាន់តែឡើងខ្ពស់។

ប៉ូលិសរាប់រយនាក់បានឈរជើងនៅទៅនោះ ដើម្បីរារាំងកុំឲ្យមានការប៉ះទង្គិចថែម
ទៀត ដែលបានកើតមានឡើង រវាងបណ្តាក្រុមប្រឆាំងនឹងរដ្ឋាភិបាល ជាមួយនឹងក្រុម
គាំទ្ររដ្ឋាភិបាល នៅកន្លែងផ្សេងៗទៀតនៅក្នុងប្រទេស៕

(ប្រែសម្រួលដោយប៊ុន ឡឺវីសីដា)