កិច្ច​ការ​សប្បុរស​ធម៌​របស់​លោក​យាយ Dame Elisabeth Murdoch

កិច្ច​ការ​សប្បុរស​ធម៌​របស់​លោក​យាយ Dame Elisabeth Murdoch

កិច្ច​ការ​សប្បុរស​ធម៌​របស់​លោក​យាយ Dame Elisabeth Murdoch

ដាក់បញ្ចូលថ្ងៃ 7 December 2012, 17:19 AEDT

លោក​យាយ Elisabeth Murdoch គឺជា​ពល​រដ្ឋ​អូស្រ្ដាលី​ដ៏​ឆ្នើម​ម្នាក់ សឹង​ថា គ្មាន​ពល​រដ្ឋ​អូស្រ្ដាលី​ណា​ប្រៀប​ដល់​បើ​និយាយ​អំពី​កិច្ច​ការ​ងារ​របស់​ លោក​យាយ​បម្រើ​សង្គម​អស់​ពេល​រាប់​ទស​វត្សរ៍​កន្លង​ទៅ​នេះ។ នៅ​សប្ដាហ៍​នេះ អូស្រ្ដាលី​បាន​បាត់​បង់​ពល​រដ្ឋ​ឆ្នើម​រូប​នេះ ដោយ​សារ​លោក​យាយ​មាន​វ័យ​ចាស់​ជរា។ លោក​យាយ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ពុធ ទី​៥ ធ្នូ ក្នុង​ជន្មាយុ​១០៣​ឆ្នាំ។

លោក​យាយ​គឺជា​ជន​ម្នាក់​ដែល​បាន​ទទួល​ការ​គោរព​ស្រឡាញ់​ពី​ប្រជា​ពល​រដ្ឋ​អូស្រ្ដាលី​រាប់​មិន​អស់​ទាំង​ប្រុស​ទាំង​ស្រី​ទាំង​ក្មេង​ទាំង​ចាស់​។ លោក​យាយ​មិន​គ្រាន់​តែ​ជា​ម្ដាយ​របស់​មហា​សេដ្ឋី​ពិភព​លោក Rupert Murdoch នោះ​ទេ ប៉ុន្ដែ​តាំង​ពី​ពេល​លោក​យាយ​នៅ​វ័យ​ក្មេង​លោក​យាយ​បាន​បម្រើ​ការ​ងារ​ស្ម័គ្រ​ចិត្ដ​ដល់​សង្គម​យ៉ាង​ច្រើន​ទាំង​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី និងនៅ​បរទេស​។ លោក​យាយ​មាន​កូន​៤​នាក់ ហើយ​មាន​ចៅ​ និង​ចៅទូត​ដល់​ទៅ​៧៧​នាក់។ ប្ដី​របស់​លោក​យាយ​ឈ្មោះ Keith Murdoch បាន​ស្លាប់​កាល​ពី​ឆ្នាំ​១៩៥២ ហើយ​លោក​យាយ​បាន​ទទួល​កេរ​មរតក​យ៉ាង​ច្រើន​ពី​ស្វាមី​របស់​លោក​យាយ​ដែល​ជា​ចាងហ្វាង​កាសែត​មួយ​កាល​ពី​ជំនាន់​មុន​។

ការ​ងារ​សប្បុរស​ធម៌​នៅ​ក្នុង​សង្គម​របស់​លោក​យាយ​ Elisabeth Murdoch ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​មហាក្សត្រិយានី​អង់គ្លេស ហើយ​បាន​ទទួល​ងារ​​ពី​ស្ដេច​អង់គ្លេស​ហៅ​ថា​ Dame ដែល​គេ​ហៅ​លោក​យាយ​ថា Dame Elisabeth Murdoch ។ គោរម​ងារ Dame នេះ​គឺ​ស្ដេច​អង់គ្លេស​កម្រ​នឹង​ប្រគល់​ឲ្យ​រាស្រ្ដ​ណាស់ ហើយ​គឺ​សម្រាប់​តែ​ស្រ្ដី​ភេទ ដែល​ស្មើ​នឹង​គោរម​ងារ Sir សម្រាប់​បុរស។ យើង​ខ្ញុំ​មិន​ដឹង​ច្បាស់​ថា តើ​គោរម​ងារ​ទាំង​នេះ ស្មើ​នឹង​ពាក្យ​ខ្មែរ​គេ​ហៅ​ថា​ អ្វី​នោះ​ទេ។ ប៉ុន្ដែ​គឺជា​គោរម​ងារ​មួយ​សម្រាប់​តែ​បុគ្គល​ឆ្នើម​បំផុត​ដែល​បាន​បម្រើ​សង្គម​ បម្រើ​ប្រជា​ពល​រដ្ឋ​ ឬ​ស្នាដៃ​ធំធេង​សំខាន់​សម្រាប់​មនុស្ស​ជាតិ។ នៅ​ពេល​ដែល​លោក​យាយ​ទទួល​មរណភាព​ភ្លាម​រដ្ឋាភិបាល​រដ្ឋ​វិចថូរៀ​បាន​ស្នើ​ផ្ដល់​ធ្វើ​បុណ្យសព​ថ្នាក់​រដ្ឋ​ដល់​ក្រុម​គ្រួសារ​លោក​យាយ​ដើម្បី​ជា​ការ​ថ្លែង​អំណរគុណ​ដល់​ស្នាដៃ​របស់​លោក​យាយ​ដល់​សង្គម​អូស្រ្ដាលី។

លោក​យាយ​បាន​មាន​ការ​ពាក់​ព័ន្ធ​ចូល​រួម​សកម្មភាព​សង្គម ដោយ​បង្កើត​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ឧបត្ថម្ភគាំ​ទ្រ​ដល់​អង្គការ​ជាង​១០០​ដែល​ធ្វើ​ការ​ខុស​ៗ​គ្នា​បម្រើ​សង្គម​អូស្រ្ដាលី​ និង​បរទេស​។ ​​លោក​យាយ​បាន​ចូល​រួម​នៅ​ក្នុង​ការ​ងារ​ច្រើន​ផ្នែក​ធំៗ​នៅ​ក្នុង​សង្គម​មាន​ដូច​ជា​ផ្នែក​សុខាភិបាល, សិក្សា​អប់រំ, សិល្បៈ, កុមារ, ការ​ថែ​រក្សា​ព្រៃ​ឈើ និង​សត្វ, ផ្នែក​ស្រាវជ្រាវ​វេជ្ជសាស្រ្ដ, ផ្នែក​អភិរក្ស​បេតិកភណ្ឌ រួម​ទាំង​វិស័យ​សុខុមាល​ភាព​សង្គម​ទៀត​ផង​។ កិច្ច​ការ​ងារ​របស់​លោក​យាយ​ក៏​ជួយ​ដល់​អ្នក​ញៀន​គ្រឿង​ញៀន និង​ពិរុទ្ធជន​ដែល​ជាប់​គុក​ផង​ដែរ​។

ក្រៅ​ពី​នេះ លោក​យាយ​ក៏​បាន​ទទួល​រង្វាន់​កតិ្ដយស​ជា​ច្រើន​ផង​ដែរ រហូត​ដល់​សកល​វិទ្យា​ល័យ Melbourne ដ៏​ល្បី​របស់​អូស្រ្ដាលី​បាន​ផ្ដល់​បណ្ឌិត​កិត្ដិយស​ដល់​លោក​យាយ​ផ្នែក​ច្បាប់​ទៀត​ផង។ ក្រៅពី​នេះ​មាន​ស្ថាប័ន និង​សាលា​ជា​ច្រើន​ត្រូវ​បាន​គេ​ផ្ដល់​កិត្ដិយស​ដល់​លោក​យាយ​ដោយ​ប្ដូរ​ឈ្មោះ​ស្ថាប័ន ឬ​សាលា​រៀន​ទៅ​ជា​ដាក់​តាម​ឈ្មោះ​លោក​យាយ​វិញ​។ កាល​ពី​លោក​យាយ​អាយុ​៩៦​ឆ្នាំ លោក​យាយ​បាន​ទទួល​រង្វាន់​ជា​ពល​រដ្ឋ​អូស្រ្ដាលី​ឆ្នើម​ជាង​គេ​នៅ​ឆ្នាំ​២០០៥ ដែលគេ​ហៅ​ថា Australian of the Year។

លោក​យាយ​ជា​បុគ្គល​ដែល​រស់​នៅ​ជីវិត​ដ៏​សាមញ្ញ​ថ្វី​ត្បិត​តែ​លោក​យាយ​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​ ហើយ​មាន​កូន​ជា​មហាសេដ្ឋី​ពិភព​លោក​ដែល​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​យ៉ាង​ណា​ក្ដី។ គេហដ្ឋាន​របស់​លោក​យាយ គឺ​នៅ​កសិដ្ឋាន​មួយ​ដែល​មាន​ឈ្មោះ​ថា Cruden Farm នៅ​តំបន់ Langwarrin។ ផ្ទះ​របស់​លោកយាយ​នៅ​ចម្ការ​នោះ​មាន​លក្ខណៈ​សាមញ្ញ​ធម្មតា ដែល​គេ​បាន​សាង​សង់​តាំង​ពី​យូរ​ឆ្នាំ​ហើយ ហើយ​មាន​សួន​ច្បារ​ដ៏ល្អ​ ដែល​លោក​យាយ​តែង​បើក​ឲ្យ​សាធារណ​ជន​ចូល​មើល​លំហែកាយ​លេង​។ លោក​យាយ​ចូល​ចិត្ដ​រុក្ខជាតិ, ផ្កា​ និង​ព្រៃ​ប្រឹក្សា​។

នៅ​ថ្ងៃ​អង្គារ​ ទី​១៨ ខែ​ធ្នូ នេះ​នឹង​មាន​រៀប​ចំ​ពិធី​បុណ្យ​សព​លោក​យាយ​ជា​សាធារណៈ​នៅ​វិហារ​គ្រិស្ដ​សាសនា​ St. Paul Cathedral នៅ​កណ្ដាល​ក្រុង​មែលប៊ិន។ មាន​ការរំពឹង​ថា នឹង​មាន​មន្រ្ដី​អ្នក​មុខ​អ្នក​ការ​, ឥស្សរជន, អ្នក​ជំនួញ​ធំៗ និង​ពល​រដ្ឋ​រាប់​ពាន់​រាប់​ម៉ឺន​នាក់​ចូល​រួម​នៅ​ក្នុងពិធី​បុណ្យ​សព​លោក​យាយ៕

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។