វិបត្តិ​ដណ្តើម​ស្រូវ​នៅ​ឃុំបឹង​ប្រាំ​ខេត្ដ​បាត់​ដំបង​

វិបត្តិ​ដណ្តើម​ស្រូវ​នៅ​ឃុំបឹង​ប្រាំ​ខេត្ដ​បាត់​ដំបង​

វិបត្តិ​ដណ្តើម​ស្រូវ​នៅ​ឃុំបឹង​ប្រាំ​ខេត្ដ​បាត់​ដំបង​

ដាក់បញ្ចូលថ្ងៃ 10 December 2012, 17:42 AEST

រដូវច្រូតកាត់បាន​មក​ដល់​ ហើយ​ប្រជា​ពលរដ្ឋ​រស់​នៅ​ភូមិ​បឹងពីរ, ឃុំបឹងប្រាំ, ស្រុក​បវេល​ខេត្តបាត់​ដំបងជា​ច្រើន​គ្រួសារ​ដែល​មាន​បញ្ហា​ដីធ្លី​ដោះ​ស្រាយ ​មិន​ទាន់​ចប់​កំពុង​តែ​ដណ្តើម​កាន់​កាប់​ស្រូវ​រៀង​ខ្លួន។ បញ្ហា​នេះ​ធ្វើ​អោយ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ផ្ទុះ​អំពើ​ហិង្សា​កើត​ឡើង​ជា​ថ្មី។

ប្រជាពលរដ្ឋ​ប្រហែល​៧០​នាក់​នៅ​ភូមិ​បឹង​ពីរ, ឃុំ​បឹង​ប្រាំ, ស្រុក​បវេល​ខេត្ត​បាត់​ដំបង​បាន​ឆោ​ឡោ យ៉ាង​ខ្លាំង​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ទី៩ ខែធ្នូ ខណៈ​ដែល​ស្រូវ​តាម​ស្រែ​របស់​ពួក​គាត់​ត្រូវ​បាន​ស្រ្តី​ម្នាក់​ដែល​មាន​កម្លាំង​ប្រដាប់​អាវុធ​ការ​ពារ​បាន​ដឹក​ជញ្ជូន​ចេញ​ពី​ស្រែ​មក​ដាក់​ផ្ទះ​របស់​ខ្លួន។

តំណាងប្រជាពលរដ្ឋ​លោក ឈុត ម៉ៅ បាន​បន្ត​អោយ​ដឹង​ថា ក្រោយ​ពី​ដឹង​ថា ស្រូវ​របស់​ខ្លួន​ត្រូវ​បាន​ស្រ្តី​ម្នាក់​ឈ្មោះ ផេត ផារី ជា​មេការ​របស់​ឧកញ៉ា​មួយ​ក្រុម​បាន​ប្រើ​គោយន្ត​ជា​ច្រើន​គ្រឿង​ដឹក​ជញ្ជូន​យក​នោះ​ពួក​គាត់​បាន​លើក​គ្នា​ទៅ​ផ្ទះ​ស្រ្តី​នោះ​ដើម្បី​ទាម​ទារ​មក​វិញ​ដោយ​ហេតុ​ថា ពួក​ខ្លួន ​ជា​អ្នក​ដាំ​ដុះ​លើ​ស្រែ​ទំនាស់​នោះ។

(សំឡេង​លោក ឈុត ម៉ៅ)

នាយ​រង​ប៉ុស្ដិ៍​នគបាល​ឃុំបឹង​ប្រាំ លោក ម៉ូត ចំរើន បាន​ថ្លែង​ថា​លោក និង​ជំទប់​ទី​មួយ​ទីពីរ​ឃុំ​បាន​ទៅ​កាន់​កន្លែង​កើត​ហេតុ​ដើម្បី​សម្រប​សម្រួល និង​ស្វែង​រក​ម្ចាស់​ស្រូវ​ពិត​ប្រាកដ​។ លោក​ថ្លែង​ថា ក្រោយ​ពេល​សាក​សួរ​ទើប​ដឹង​ថា ស្រូវ​នៅ​ជា​របស់​ប្រជា​ពល​រដ្ឋ ហើយ​ក្រុម​ប្រជា​ពលរដ្ឋ​បាន​ដឹក​ជញ្ជូន​ស្រូវ​ទាំង​នោះ​ទៅ​វិញ​អស់​ហើយ។

ប្រជាពលរដ្ឋបាន​អោយ​ដឹង​ថា វិបត្តិ​ដណ្តើម​ស្រូវ​គ្នា​នេះ​បាន​កើត​ឡើង​ជា​ច្រើន​កន្លែង​រវាង​ប្រជា​ពលរដ្ឋ និង​ប្រជា​ពល​រដ្ឋ, ប្រជា​ពល​រដ្ឋ និង​ក្រុមឧកញ៉ា​ដែល​មាន​ដី​ធំៗ​ជា​ដើម​ ដែល​អាជ្ញាធរ​មិន​ទាន់​អាច​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​បាន​ចប់​នៅ​ឡើយ។

លោក ឈាន នី មេឃុំ​បឹង​ប្រាំ​បាន​ថ្លែង​ថា ប្រជា​ពល​រដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​នៅ​មាន​បញ្ហា​ទំនាស់​ដី​ធ្លី​ជា​មួយ​ក្រុម​ឧកញ៉ា​មួយ​ក្រុម​លើ​ផ្ទៃ​ដី​ជា​ច្រើន​រយ​ហិចតារ។ ភាគី​ទាំង​ពីរ​បាន​សម្រប​សម្រួល​គ្នា​ជា​ច្រើន​លើក​តែ​មិន​ទាន់​ត្រូវ​គ្នា​ ហើយ​លើក​ចុង​ក្រោយ​ថ្មីៗ​នេះ​ក្រុម​ឧកញ៉ា​បាន​សម្រេច​ចែក​ដី​ទំនាស់​ជា​ពីរ​គឺ​ម្នាក់​៥០​ភាគរយ តែ​ត្រូវ​ក្រុម​ប្រជា​ពល​រដ្ឋ​បដិសេធ​ដោយ​ក្រុម​ប្រជា​ពល​រដ្ឋ​ទាមទារ​ ៧០​ភាគរយ។

លោក ឈាន នី បាន​ថ្លែង​បន្ត​អោយ​ដឹង​ថា ដោយ​សារ​តែ​ការ​សម្រប​សម្រួល​គ្នា​មិន​ត្រូវ​ អាជ្ញាធរ និង​ក្រុម​មន្រ្តី​វាស់​វែង​ដីធ្លី នឹង​ចុះ​វាស់​វែង​ដី​លំ​នៅ​ដ្ឋាន​ដល់​ក្រុម​ប្រជា​ពល​រដ្ឋ​តាម​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​រាជ​រដ្ឋា​ភិបាល​សិន​នៅ​ថ្ងៃ​អង្គារ​ ទី១១ ខែធ្នូ ចំណែក​ដីស្រែ​ទំនាស់​គិត​តាម​ក្រោយ។

(សំឡេង​លោក ឈាន នី)

វិទ្យុ​អូស្រ្ដាលី​មិនអាច​ទំនាក់​ទំនង​អ្នក​ស្រី ផេត ផារី និង​លោក ឧកញ៉ា សន ថន​ បាន​នោះ​ទេ។ ទោះ​បី​យ៉ាង​ណា​លោក​ឧកញ៉ា សន ថន ធ្លាប់​អះ​អាង​ប្រាប់ Radio Australia កន្លង​ទៅ​អោយ​ដឹង​ថា ដីធ្លី​ជាង​៦០០​ហិចតារ​ លោក និង​បុរស​ពីរ​នាក់​ទៀត​ឈ្មោះ ទុន ប៊ុនធឿន និង​ប៉ែន កិ បាន​ទិញ​ពី​មន្រ្តី​ភូមិ​បាល​ស្រុក​បវេល និង​យោធិន តាំង​ពី​សម័យ​សមាហរណ​កម្ម​ ដោយ​មាន​អាជ្ញាធរ​ទទួល​ស្គាល់​។ លោក​បន្ត​ថា លោក​ព្យាយាម​សម្រប​សម្រួល​ជា​មួយ​ប្រជា​ពល​រដ្ឋ​ដើម្បី​បញ្ចប់​ជម្លោះ​តែ​បើ​មិន​ព្រម​មាន​តែ​ដើរ​តាម​ផ្លូវ​តុលាការ​បន្ត​ទៀត។

លោក យិន ម៉េងលី មន្រ្តី​ស៊ើប​អង្កេត​សមាគម​អាដហុក​បាន​ថ្លែង​ថា អោយ​តែ​ដល់​រដូវ​ច្រូត​កាត់​ មាន​ការ​ដណ្តើម​ស្រូវ​គ្នា​រាល់​ឆ្នាំ ដែល​ធ្វើ​អោយ​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​មាន​ផ្ទុះ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ដាក់​គ្នា។ លោក​សំណូមពរ​ដល់​អាជ្ញាធរ​គួរ​ពន្លឿន​ចំណាត់​ការ​របស់​ខ្លួន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​នេះ​អោយ​បាន​ឆាប់​ដើម្បី​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ។

(សំឡេង​លោក យិន ម៉េងលី)

អ្នក​ចូល​រួម​ចំណែក

សុខ សាវី

អ្នក​យក​ព័ត៌មាន​

លោក សុខ សាវី បាន​ចូល​មក​បម្រើ​ការ​ងារ​នៅ​វិទ្យុ​អូស្រ្តាលី​នា​ចុង​ឆ្នាំ​២០០៦។ បច្ចុប្បន្ន​នេះ លោក​កំពុង​បម្រើ​ការងារ​នៅ​វិទ្យុ​ជាតិ​ចម្ការ​ចេក FM៩២.៧៥ MHz នៅ​ខេត្ដ​បាត់​ដំបង ដែល​លោក​បាន​ធ្វើ​ការ​នៅ​ទី​នោះ​អស់​រយៈ​ពេល​​ច្រើន​ឆ្នាំ​​មក​ហើយ។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។