ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រព័ន្ធ​ទូរគមនាគមន៍​អេឡិច​ត្រូនិក​ និង​កិច្ច​ការ​សន្ដិសុខ​ជាតិ​

ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រព័ន្ធ​ទូរគមនាគមន៍​អេឡិច​ត្រូនិក​ និង​កិច្ច​ការ​សន្ដិសុខ​ជាតិ​

ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រព័ន្ធ​ទូរគមនាគមន៍​អេឡិច​ត្រូនិក​ និង​កិច្ច​ការ​សន្ដិសុខ​ជាតិ​

ដាក់​បញ្ចូល​ពេល 1 January 2013, 15:04 AEST

កិច្ច​ការ​សន្ដិសុខ​ជាតិ​គឺ​ជា​កិច្ច​ការ​ទូលំ​ទូលាយ ដែល​កន្លង​មក​គេ​ច្រើន​គិត​ថា បញ្ហា​សន្ដិសុខ​ជាតិ​គឺ​ភាគ​ច្រើន​ពាក់​ព័ន្ធ​តែ​នឹង​ផ្នែក​យោធា ឬ​សមត្ថកិច្ច​ប៉ូលិស ដោយ​មិន​សូវ​យក​ចិត្ដ​ទុក​ដាក់​លើ​វិស័យ​សន្ដិសុខ​ជាតិ​ដទៃ​ទៀត​។ ប៉ុន្ដែ​នៅ​ក្នុង​សតវត្សរ៍​ទី​២១​នេះ​ បញ្ហា​សន្ដិ​សុខ​ជាតិ​គ្រប​ដណ្ដប់​ទៅ​លើ​សឹង​គ្រប់​វិស័យ​រួម​ទាំង​កិច្ច​ ការ​សេដ្ឋកិច្ច, ការ​បណ្ដាក់​ទុន, វិស័យ​សន្ដិសុខ​ធនាគារ, ប្រព័ន្ធ​ទូរគមនាគមន៍​, សន្ដិ​សុខ​ប្រព័ន្ធ​អ៊ីនធើរណិត, បញ្ហា​សន្ដិសុខ​ថាមពល និង​សន្ដិ​សុខ​បរិស្ថាន​ជា​ដើម​។ល។

ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ និង​សហរដ្ឋ​អាម៉េរិក​បញ្ហា​សន្ដិ​សុខ​ជាតិ​គឺជា​កង្វល់​មួយ​ដែល​រា​រាំង​មិន​ឲ្យ​ក្រុម​ហ៊ុន​សហគ្រាស​ចិន​មក​បោះ​ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។ ជាក់​ស្ដែង​នៅ​ពេល​ដែល​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រព័ន្ធអ៊ីនធើរណិត​ល្បឿន​លឿន​ហៅ​ថា National Broadband ​ ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​នោះ មាន​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ Huawai របស់​ចិន​បាន​ចង់​មក​ដេញ​ថ្លៃ​ ដើម្បី​ធ្វើ​ការ​ងារ​គម្រោង​​ថ្នាក់​ជាតិ​នេះ។

ប៉ុន្ដែ​ត្រូវ​បាន​អាជ្ញាធរ​អូស្រ្ដាលី​ពាក់​ព័ន្ធ​ទប់​ស្កាត់​មិន​ឲ្យ​ក្រុម​ហ៊ុន​នេះ ​ចូល​រួម​អភិវឌ្ឍ​ប្រព័ន្ធ​ National Broadband ដោយ​លើក​ឡើង​អំពី​បញ្ហា​សន្ដិ​សុខ​ជាតិ ដោយ​ហេតុ​ថា ក្រុមហ៊ុន​ Huawei ជា​ក្រុម​ហ៊ុន​របស់​ចិន។ កង្វល់​គឺ​ត្រង់​ថា នៅ​ពេល​ក្រុមហ៊ុន​ចិន​ក្ដោប​ក្ដាប់​ហេដ្ឋារចនា​សម្ព័ន្ធ​អ៊ីនធើរណិត​ល្បឿន​លឿន​នោះ រាល់​ទិន្នន័យ​ទាំង​អស់​ដែល​បញ្ជូន​តាម​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្សែ​កាប​ទាំង​នោះ អាច​នឹង​ត្រូវ​គេ​ចាប់​ទុក ឬ​ថត​ទុក​ជា​សម្ងាត់​បាន​តាម​ចិត្ដ​ដោយ​អ្នក​ប្រើ​មិន​អាច​ដឹង​បាន​។

អ្នក​ជំនាញ​ខ្មែរ​ម្នាក់​ដែល​ធ្លាប់​បម្រើ​ក្នុង​វិស័យ​ទូរគមនាគមន៍​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា នេះ​គឺជា​កង្វល់​របស់​ប្រទេស​ធំ​ៗ​ជុំវិញ​បញ្ហា​សន្ដិសុខ​ជាតិ​ ដែល​គេ​ត្រូវ​គិត​ផល​ប្រយោជន៍​ជាតិ​របស់​គេ​ជា​ធំ​ក្នុង​រយៈ​ពេល​វែង​ឆ្ងាយ​ទៅ​អនាគត​។

(សំឡេង​អ្នក​ជំនាញ​)

សម្រាប់​ប្រទេស​កម្ពុជា​បញ្ហា​សន្ដិសុខ​ជាតិ​ហាក់​មិន​ទាន់​បាន​ទទួល​ការ​គិត​គូរ​ឲ្យ​បាន​ដិត​ដល់​នៅ​ឡើយ​ទេ។ បើ​ពិនិត្យ​មើល​ទៅ​លើ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដែល​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ភាគ​ច្រើន​គឺ​សុទ្ធ​តែ​ជា​ក្រុម​ហ៊ុន​បរទេស​ ដែល​ក្ដោប​ក្ដាប់​ប្រព័ន្ធ​ទំនាក់​ទំនង​នៅ​ក្នុង​ប្រទេស​សឹង​តែ​ទាំង​មូល​លើ​ផ្នែក​ហេដ្ឋា​រចនាសម្ព័ន្ធ​អ៊ីនធើរណិត និង​ទូរស័ព្ទ​ចល័ត​។ តួយ៉ាង​គឺ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ Metfone ដែល​គ្រប់​គ្រង់​ក្រោយ​ក្រុមហ៊ុន​ VietTel ដែល​ជា​ក្រុមហ៊ុន​កាន់​កាប់​ដោយ​យោធា​វៀតណាម។

ក្រុមហ៊ុន​ CamShin វិញ​គឺជា​ក្រុមហ៊ុន​របស់​លោក​ថាក់​ស៊ីន ស្ហ៊ីណាវ៉ាត្រ អតីត​នាយក​រដ្ឋមន្រ្ដី​ថៃ​ ដែលកាន់​កាប់​ក្រុមហ៊ុន Mfone នៅ​កម្ពុជា​បច្ចុប្បន្ន។ ក្រៅ​ពី​នេះ​មានក្រុម​ហ៊ុន Beeline ដែល​មាន​ម្ចាស់​ក្រុម​ហ៊ុន​បរទេស​ VimpelCom មក​ពី​រុស្ស៊ី។ រីឯ​ក្រុម​ហ៊ុន Hello គឺជា​ក្រុម​ហ៊ុន​មួយ​ដែល​គ្រប់​គ្រង​ដោយ​ Telekom Malaysia ​របស់​ម៉ាឡេស៊ី​។ ចំណែក​ក្រុម​ហ៊ុន​របស់​ប្រទេស​ហ្វាំង​ឡង់ និង​ស៊ុយអែដ TeliaSonera វិញ​គឺ​គ្រប់​គ្រង​ក្រុមហ៊ុន​ Star Cell នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ។ កម្ពុជា​មាន​តែ​ក្រុម​ហ៊ុន MobiTel មួយ​ទេ​ដែល​មាន​ម្ចាស់​ក្រុម​ហ៊ុន​ជា​ខ្មែរ ដែល​ក្ដោប​ក្ដាប់​ដោយ​ក្រុម​ហ៊ុន Royal Group របស់​លោក​ឧកញ៉ា គិត​ ម៉េង។ បើ​តាម​អ្នក​ជំនាញ​ ការ​មាន​ក្រុម​ហ៊ុន​បរទេស​កាន់​កាប់​ប្រព័ន្ធ​ទូរ​គមនាគមន៍​ខ្មែរ​បែប​នេះ គឺជា​កង្វល់​មួយ​ដល់​សន្ដិសុខ​ជាតិ ដែល​តម្រូវ​ឲ្យ​មាន​ការ​គិត​គូរ​យក​ចិត្ដ​ទុក​ដាក់​ពី​រដ្ឋាភិបាល​កម្ពុជា។ លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ បាន​ផ្ដល់​ការ​វិភាគ​ជុំវិញ​រឿង​នេះ។

(សំឡេង​លោក ឡៅ ម៉ុងហៃ)

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ដែល​ Radio Australia បាន​ដាក់​សំណួរ​អំពី​បញ្ហា​កង្វល់​សន្ដិ​សុខ​ជាតិ​នេះ ទៅ​ខាង​រដ្ឋមន្រ្ដី​ក្រសួង​ទូរគមនាគមន៍​កម្ពុជា លោក សូរ ឃុន បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អូស្រ្ដាលី​ថា ខាង​ក្រុម​ប្រឆាំង​អំពើ​ភរវកម្ម​ និង​ផ្នែក​ចារកម្ម​បាន​តាម​ដាន​ត្រួត​ពិនិត្យ​អំពី​បញ្ហា​នេះ​ហើយ​។

(សំឡេង​លោក សូរ ឃុន)

លោក​រដ្ឋមន្រ្ដី​ក្រសួង​ទូរគមនាគមន៍​ក៏បាន​មានប្រសាសន៍​ប្រាប់​វិទ្យុ​អូស្រ្ដាលី​ទៀត​ថា ខាង​រដ្ឋា​ភិបាល​កន្លង​ទៅ​បាន​ត្រៀម​រៀប​ចំ​ច្បាប់​គ្រប់​គ្រង​ប្រព័ន្ធ​អ៊ីនធើរណិត​ហើយ ហៅ​ថា Cyber Law។

(សំឡេង លោក សូរ ឃុន)

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​ជំនាញ​នៅ​តែ​មិន​អស់​ចិត្ដ​ ហើយ​មាន​ការ​បារម្ភ​អំពី​យន្ដ​ការ​ដែល​កម្ពុជា​មាន​សព្វ​ថ្ងៃ​ក្នុង​ការ​គ្រប់​គ្រង​កិច្ច​ការ​សន្ដិសុខ​ជាតិ​លើ​ប្រព័ន្ធ​អេឡិច​ត្រូនិក​ដូច​ជា​អ៊ីនធើរណិត និង​ទូរស័ព្ទ​ចល័ត​។

(សំឡេង​អ្នក​ជំនាញ​)

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ បាន​ផ្ដល់​ជា​គំនិត​សម្រាប់​ការ​បង្កើត​យន្ដ​ការ​ការ​ពារ​សន្ដិសុខ​ជាតិ​ខាង​វិស័យ​អេឡិច​ត្រូនិក​យ៉ាង​ដូច្នេះ។

(សំឡេង​លោក​ ឡៅ ម៉ុងហៃ)

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។