ក្រុមអ្នកធ្វើអាជីវកម្មអង្ករទៅក្រៅប្រទេស បានអះអាងថា តម្លៃទិញស្រូវឆ្នាំនេះ មិនមានការធ្លាក់ចុះនោះទេ តាំងពីដើមដៃរហូតមកដល់ពេលនេះ។
លោក សុក ហាច ប្រធានក្រុមហ៊ុនកែច្នៃអង្ករនាំចេញមួយ បានឲ្យដឹងថា ក្រុមហ៊ុននេះ បានដើរទិញស្រូវប្រភេទក្រអូបនៅតែមានតម្លៃខ្ពស់។
(សំឡេងលោក សុក ហាច)
សូម បញ្ជាក់ថា ការវិភាគចំពោះតម្លៃស្រូវនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយដឹកនាំដោយលោក ចន្ទ សារុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយមន្រ្តីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច ក្រសួងដឹកជញ្ជូន មន្រ្តីធនាគារ និងក្រុមអ្នកកែច្នៃអង្ករនាំចេញ ហើយកិច្ចប្រជុំនេះបានធ្វើឡើងក្រោយពេលដែលប្រមុខរដ្ឋាភិបាលបាន លើកអំពីការរអ៊ូរទាំរបស់កសិករដែលថាស្រូវឆ្នាំនេះបានធ្លាក់ ថ្លៃ។
យោងតាមការស្រាវជ្រាវបានឲ្យដឹងថា តម្លៃស្រូវអីអ៊ែរ ឆ្នាំនេះ មានតម្លៃពី៨២៥ដល់៨៥០រៀលក្នុងមួយគីឡូក្រាម។ ស្រូវចម្រុះមានតម្លៃពី៩១០ ដល់៩៤៥រៀល និងស្រូវប្រភេទក្រអូប មានតម្លៃពី១៣៣០ ដល់១៤០០រៀល។
យោងតាមការស្រាវជ្រាវបានឲ្យ ដឹងទៀតថា ជារួមតម្លៃស្រូវឆ្នាំនេះបានធ្លាក់ថ្លៃមិនលើសពី១០០រៀលក្នុង មួយគីឡូក្រាម បើធៀបឆ្នាំ២០១១កន្លងនេះ។
លោក គីម សាវុធ ប្រធានសហព័ន្ធអ្នកនាំអង្ករចេញកម្ពុជា បានបញ្ជាក់ថា ការធ្លាក់តម្លៃស្រូវគឺមានតែចំពោះស្រូវចម្រុះនោះទេ ដោយស្រូវក្រអូបនៅមានតម្លៃថេរនៅឡើយ។
(សំឡេងលោក គីម សាវុធ)
លោក គីម សាវុធបានបញ្ជាក់អំពីការជំរុញឲ្យកសិករធ្វើស្រូវក្រអូបដែលមានតម្លៃខ្ពស់។
(សំឡេងលោក គីម សាវុធ)
យោង តាមកិច្ចប្រជុំកន្លងមកនៃក្រុមមន្រ្តីមន្ទីរកសិកម្មទូទាំងប្រ ទេស បានឲ្យដឹងថា មានមូលហេតុ២ដែលនាំឲ្យស្រូវឆ្នាំនេះ ធ្លាក់ថ្លៃ។ ទីមួយប្រទេសថៃអនុវត្តន៍គោលនយោបាយកំណត់តម្លៃស្រូវទិញពីកសិករ ហើយប្រទេសវៀតណាម បិទមិនឲ្យទិញស្រូវចូលប្រទេសគេ លុះណាតែ អស់ស្រូវក្នុងស្រុកសិន។ ហើយទី២ គឺកសិករខ្មែរ គ្មានឃ្លាំងស្តុកស្រូវ ហើយរោងម៉ាស៊ីនកិនស្រូវក៏ខ្វះទុនទិញស្រូវស្តុកបន្ថែម។
លោក ចន្ទ សារុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់អំពីផែនការពង្រីកផ្ទៃដីដាំដុះស្រូវក្រអូប ដើម្បីឲ្យប្រជាកសិករមានចំណូលខ្ពស់។
(សំឡេង លោក ចន្ទ សារុន)
មន្រ្តីកសិកម្មបានឲ្យដឹងថា ក្រសួងនឹងខិតខំផ្តល់ពូជស្រូវប្រភេទក្រអូប ដល់ប្រជាកសិករ៕