ការ​រក​ឃើញ​ និង​ការ​ស្រាវ​ជ្រាវ​ថ្មីៗ​ផ្នែក​សុខភាព​/​វិទ្យា​សាស្រ្ដ​

ការ​រក​ឃើញ​ និង​ការ​ស្រាវ​ជ្រាវ​ថ្មីៗ​ផ្នែក​សុខភាព​/​វិទ្យា​សាស្រ្ដ​

ការ​រក​ឃើញ​ និង​ការ​ស្រាវ​ជ្រាវ​ថ្មីៗ​ផ្នែក​សុខភាព​/​វិទ្យា​សាស្រ្ដ​

ដាក់បញ្ចូលថ្ងៃ 10 January 2013, 17:38 AEST

នៅ​ថ្ងៃ​នេះ​មាន​របាយការណ៍​ជា​ច្រើន​ដែល​ក្នុង​នោះ​មាន​ដូច​ជា អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​វីរុស​ម៉្យាង​ដែល​អាច​ជួយ​ព្យាបាល​រោគ​កើត​មុន​ ហើយ​ការ​ញុំា​អាហារ​ដែល​មិន​សូវ​សម្បូរ​ជាតិ​ខ្លាញ់​ ធ្វើ​ឲ្យ​ស្រក​ទម្ងន់។

អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​វីរុស​ម៉្យាង​ដែល​អាច​ជួយ​ព្យាបាល​រោគ​កើត​មុន

ក្រុម​អ្នក​វិទ្យា​សាស្រ្ដ​នៅ​អាម៉េរិក​បាន​រក​ឃើញ​នូវ​វិធី​ដែល​អាច​ព្យាបាល​រោគ​កើត​មុន​នៅ​លើ​មុខ​មនុស្ស​បាន។ គេ​បាន​រក​ឃើញ​នូវ​វីរុស​ម្យ៉ាង​ដែល​រស់​នៅ​លើ​ស្បែក​មុខ​មនុស្ស។

វេជ្ជបណ្ឌិត​ម្នាក់​នៅ​អាម៉េរិក​ថា រោគ​មុន​កើត​មាន​លើ​មុខ​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​ ប៉ុន្ដែ​គេ​មិន​សូវ​មាន​វិធី​សាស្រ្ដ​ក្នុង​ការ​ព្យាបាល​វា​ដោយ​ប្រសិទ្ធភាព និង​ដោយ​សុវត្ថិភាព​នោះ​ទេ។

មុន​កើត​ឡើង​នៅ​ពេល​ដែល​រន្ធ​រោម​ស្បែក​ (hair follicles) វា​ស្ទះ​ដោយ​សារ​សារ​ធាតុ​ប្រេង​ម្យ៉ាង​ដែល​អង់គ្លេស​គេ​ហៅ​ថា sebum ។ បាក់តេរី​ម្យ៉ាង​ដែល​គេ​រក​ឃើញ​នៅ​លើ​ស្បែក​ហៅ​ថា Propionibacterium acnes ក៏​ជាប់​នៅ​ក្នុង​រន្ធ​ដែល​កក​ស្ទះ​នោះ​ ដោយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ការ​ពារ​ខ្លួន​មនុស្ស។ ហេតុ​នេះ ហើយ​បាន​ជា​វា​ធ្វើ​ឲ្យ​មាន​ការ​ឡើង​ដុំ​ក្រហម​តូចៗ​ ឬ​ការ​ហើម​ប៉ោង​តូចៗ​នេះ​កើត​ឡើង​ដែល​យើង​និយម​ហៅ​ថា មុន ឬ Pimple ឬ​ acne នេះ​ឯង។

នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​៨៥​% នៃ​ពល​រដ្ឋ​កើត​មុន​នៅ​ក្នុង​ដំណាក់​កាល​ណា​មួយ​នៃ​ជីវិត​របស់​គេ​ ដោយ​ក្នុង​នោះ​មាន​ប្រមាណ​៥% ជួប​ប្រទះ​នឹង​បញ្ហា​មុខ​កើត​មុន​ខ្លាំង​។ អ្នក​ជំនាញ​ថា ការ​សិក្សា​ស្វែង​យល់​អំពី​វីរុស​ម្យ៉ាង​ដែល​កំទេច​ប៉ាក់តេរី​ដែល​បណ្ដាល​ឲ្យ​កើត​មុន​ អាច​ផ្ដល់​ជា​ចម្លើយ​ដល់​ការ​ព្យាបាល​រោគ​កើត​មុន​ និង​ជួយ​ដោះ​ស្រាយ​បញ្ហា​ជំងឺ​ចិត្ដ​ដែល​បណ្ដាល​មក​ពី​បញ្ហា​កើត​មុន។

អ្នក​ជំនាញ​ថា វីរុស​នេះ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ទេ​ ប៉ុន្ដែ​វា​មាន​តួនាទី​ក្នុង​ការ​សម្លាប់​បាក់តេរី​ដែល​នាំ​ឲ្យ​កើត​មុន។

អ្នក​ស្រាវ​ជ្រាវ​បាន​ប្រមូល​សំណាក​​បាក់​តេរី និង​វីរុស​ពី​ចម្រុះ​របស់​បណ្ដា​អ្នក​ស្ម័គ្រចិត្ដ​ ដែល​មាន​រោគ​កើត​មុន និង​គ្មាន​រោគ​កើន​មុន ដើម្បី​ធ្វើ​ការ​ប្រៀប​ធៀប​។ គេ​បាន​ធ្វើ​ការ​សិក្សា​ DNA ឬពន្ធុ​របស់​វីរុស​ទាំង​នេះ ហើយ​បាន​រក​ឃើញ​ថា វា​មាន​ទំហំ​យ៉ាង​តូច​ ហើយ​ហ្សែន​វា​គ្មាន​លក្ខណៈ​ស្មុគ​ស្មាញ​ទេ។

អ្នក​ជំនាញ​ឲ្យ​ដឹង​ថា ដោយ​សារ​ប្រព័ន្ធ​ហ្សែន​វា​មិន​សម្បូរ​បែប​ដូច្នេះ វា​ទំនង​ជា​មិន​វាយ​ប្រហារ​ទៅ​លើ​ប្រភេទ​បាក់តេរី​ដទៃ​ទៀត​ឡើយ។

បច្ចុប្បន្ន​នេះ អ្នក​ជំនាញ​ជំងឺ​ស្បែក​ប្រើ​វិធី​ព្យាបាល​ច្រើន​យ៉ាង​ ដូច​ជា Benzoyl peroxide និង​អង់​ទី​ប៊ីយូទិក​ ដើម្បី​កាត់​បន្ថយ​ឥទ្ធិពល​របស់​រោគ​កើត​មុន។

ប៉ុន្ដែ​ថា គេ​មិន​និយម​ប្រើ​ថ្នាំ​អង់​ទី​ប៊ីយូទិក​រយៈ​ពេល​យូរអង្វែង​នោះ​ទេ ដោយ​សារ​តែ​អំបូរ​បាក់តេរី​ដែល​ធ្វើ​ឲ្យ​កើត​មុន​នោះ វា​មាន​ភាព​សុំា​នឹង​ថ្នាំ។

ការ​ញុំា​អាហារ​ដែល​មិន​សូវ​សម្បូរ​ជាតិ​ខ្លាញ់​ ធ្វើ​ឲ្យ​ស្រក​ទម្ងន់​

ការ​ស្រាវ​ជ្រាវ​មួយ​ដែល​មាន​ការ​គាំ​ទ្រ​ពី​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​រក​ឃើញ​ថា ការ​ប្ដូរ​ពី​ការ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន មក​អាហារ​ដែល​មិន​សូវ​មាន​ជាតិ​ខ្លាញ់ អាច​ជួយ​កាត់​បន្ថយ​ការ​ឡើង​ទម្ងន់​បាន។

ការ​សិក្សា​ស្រាវ​ជ្រាវ​លើ​មនុស្ស​ជិត​៧ម៉ឺន ៤សែន​នាក់​នៅ​អាម៉េរិក, អឺរ៉ុប និង​នូវ៉ែលហ្សេឡង់​ បាន​រក​ឃើញ​ថា ការ​ញុំា​អាហារ​ដែល​មិន​សូវ​សម្បូរ​ជាតិ​ខ្លាញ់​ធ្វើ​ឲ្យ​បណ្ដា​ជន​ចុះ​ទម្ងន់​ប្រមាណ​១គីឡូ​កន្លះ ធ្វើ​ឲ្យ​ចង្កេះ​តូច​ជាង​មុន ហើយ​ក៏​កាត់​បន្ថយ​សារ​ធាតុ​ខ្លាញ់​ក្នុង​ឈាម​ទៀត​ផង ដោយ​មិន​ចាំ​បាច់​នាំ​គ្នា​តម​អាហារ​។ មាន​ន័យ​ថា គេ​នៅ​តែ​អាច​ហូប​ចំនួន​អាហារ​បាន​ច្រើន​ដដែល​ ប៉ុន្ដែ​ហូប​តែ​អាហារ​ណា​ដែល​មិន​សូវ​មាន​ជាតិ​ខ្លាញ់​ច្រើន។

អ្នក​ស្រាវ​ជ្រាវ​ថា លទ្ធផល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ពល​រដ្ឋ​អាច​បញ្ចុះ​ទម្ងន់​របស់​គេ​បាន​ ដោយ​មិន​ចាំ​បាច់​ព្យាយាម​បញ្ចុះ​ទម្ងន់​តាម​វិធី​សាស្រ្ដ​ផ្សេងៗ។ លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ​នឹង​ក្លាយ​ទៅ​ជា​អនុសាសន៍​ និង​ការ​ណែ​នាំ​ដល់​ពល​រដ្ឋ​ទូទាំង​ពិភព​លោក​។

អ្នក​ជំនាញ​ពី​អង្គការ​សុខភាព​ពិភព​លោក​ថា ការ​មាន​ទម្ងន់​ធ្ងន់ ឬ​ធំ​ធាត់​ជ្រុល​ធ្វើ​ឲ្យ​មនុស្ស​ប្រឈមមុខ​ច្រើន​នឹង​ជំងឺ​សាហាវ​ៗ​ដូច​ជា​ជំងឺ​មហារីក, ជំងឺ​បេះដូង និង​ការ​គាំង​បេះ​ដូង​ផង​ដែរ។ ការ​គាំង​បេះ​ដូង, ការ​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​ជំងឺ​បេះ​ដូង​ដទៃ​ទៀត​ គឺជា​ឃាត​ករ​ធំ​ជាង​គេ​ទូទាំង​ពិភព​លោក ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជាង​១៧លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ។

នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​នេះ បុរស​ជាង​៦២% ​ និង​ស្រ្ដី ជិត​៤៨​% ត្រូវ​គេ​ចាត់​ទុក​ថា មាន​ទម្ងន់​ហួស​ធម្មតា ឬ​ក៏​ធំធាត់​ជ្រុល​។

គេ​ឲ្យ​និយម​ន័យ​ថា មនុស្ស​​ធាត់​គឺ​ប្រសិន​បើ​សន្ទស្សន៍​ម៉ាស់​រាង​កាយ​របស់​គេ (body mass index) ដែល​ជា​អត្រា​នៃ​ទម្ងន់ ទៅ​នឹង​កម្ពស់​ ហើយ​លើក​ជា​ការេ មាន​ចំនួន​ច្រើន​ជាង​២៥។ ហើយ​សម្រាប់​អ្នក​ដែល​ធាត់​ជ្រុល​ សន្ទស្សន៍​ម៉ាស់រាង​កាយ​ គឺ​ច្រើន​ជាង​៣០។

សម្រាប់​អ្នក​ដែល​ចូល​រួម​ការ​សិក្សា​នេះ គឺ​មាន​អាយុ​ខុសៗ​គ្នា ហើយ​បញ្ហា​សុខភាព​ក៏​ខុសៗ​គ្នា​ដែរ។ អ្នក​ស្រាវ​ជ្រាវ​ធ្វើ​ការ​ប្រៀប​ធៀប​ជន​ដែល​ញុំា​អាហារ​មាន​ជាតិ​ខ្លាញ់​តិច​តួច និង​អ្នក​ដែល​ញុំា​អាហារ​មាន​ជាតិ​ខ្លាញ់​ធម្មតា ហើយ​វាស់​វែង​ឥទ្ធិពល​នៃ​ជាតិ​ខ្លាញ់​ដែល​ធ្វើ​ឲ្យ​ចង្កេះ​ខោ​រីក​ធំ ក្រោយពី​ពេល​៦​ខែ។

លទ្ធផល​នៃ​ការ​សិក្សា​ថា ការ​ញុំា​អាហារ​ដែល​មិន​សប្បូរ​ជាតិ​ខ្លាញ់​កាត់​បន្ថយ​ទម្ងន់​បាន​១.៦គីឡូ​ក្រាម​, កាត់​បន្ថយ​សន្ទស្សន៍​ម៉ាស់​រាង​កាយ បាន​ ០.៥៦ និង​បន្ថយ​ចង្កេះ​ខោ​បាន​ ០.៥​ សង់​ទីម៉ែត្រ។

អង្គុយ​តិច កើន​អាយុ​វែង​

អ្នក​ស្រាវ​ជ្រាវ​ថា មនុស្ស​ចាស់​អាច​បង្កើនអាយុ​របស់​ខ្លួន​ឲ្យ​កាន់​តែ​វែង​បាន​២​ឆ្នាំ​ទៀត​ តាម​រយៈ​ការ​អង្គុយ​តិច​ម៉ោង​ គឺ​ថា​ត្រូ​វអង្គុយ​កុំ​ឲ្យ​លើស​ពី​៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ នេះ​ជា​ការ​លំបាក​!

ការ​សិក្សា​រក​ឃើញ​ថា មនុស្ស​ចាស់​ចំណាយ​ពេល​៧.៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ​អង្គុយ​ចុះ​នៅ​មួយ​កន្លែង​មិន​ធ្វើ​ចលនា​។

នេះ​ជា​បញ្ហា​មួយ​នៅ​ក្នុង​ប្រទេស​ដែល​រីក​ចម្រើន ដោយ​សារ​គេ​ច្រើន​អង្គុយ​ច្រើន​ម៉ោង​នៅ​តុ​ការិយាល័យ​ធ្វើ​ការ​ងារ​យូរ​ម៉ោង។

គេ​មាន​វិធី​សាស្រ្ដ​ជា​ច្រើន​ក្នុង​ការ​កាត់​បន្ថយ​ការ​អង្គុយ​ច្រើន​ម៉ោង​ដូច​ជា​ត្រូ​វឈរ​ឲ្យ​បាន​ច្រើន​នៅ​កន្លែង​ធ្វើ​ការ​ងារ​ ឬ​ធ្វើ​ការ​ហាត់​ប្រាណ​ឲ្យ​ច្រើន, ឬ​បើ​នៅ​កន្លែង​ការ​ងារ​ពេល​ប្រជុំ​ម្ដងៗ​អាច​ឈរ​ប្រជុំ​ ជា​ជាង​អង្គុយ​ប្រជុំ។ ហើយ​ដើរ​ជួប​សហការី​នៅ​កន្លែង​ការ​ងារ​ ជា​ជាង​ផ្ញើអ៊ីមែល។

អ្នក​ជំនាញ​ថា ការ​កាត់​បន្ថយ​ការ​មើល​ទូរទស្សន៍​ឲ្យ​តិច​ជាង​២​ម៉ោង​ក្នុង​ថ្ងៃ​អាច​បង្កើន​អាយុ​បាន​១.៤ឆ្នាំ។ ការ​សិក្សា​នេះ គឺ​ធ្វើឡើង​ដោយ​ការ​ប្រៀប​ធៀប​ ហើយ​មិន​សម្ដៅ​ទៅ​លើ​បុគ្គល​ម្នាក់​ៗ​ទេ វាគឺ​ជា​ស្ថិតិ​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​អំពី​រូប​ភាព​ធំ​ទូលាយ។

ការ​ជក់​បារី​ក្នុង​ឡាន​ធ្វើ​ឲ្យ​មាន​ជាតិ​ពុល​លើ​ស​កំណត់

បើ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​បាន​ឲ្យ​ដឹង​ថា​ការ​ជក់​បារី​ក្នុង​ឡាន​នៅ​ពេល​កំពុង​បើក​បរ​បាន​ធ្វើ​ឲ្យ​ភាគ​ល្អិត​ដែល​មាន​គ្រោះ​ថ្នាក់​ចេញ​មក​ពី​កំទេច​បារី​កើន​ឡើង​ខ្ពស់​ច្រើន​ដង​ជា​ង​អ្វី​ដែល​បាន​កំណត់​ដោយ​ទី​ភ្នាក់​ងារ​សុខភាព​ពិភព​លោក។

វេជ្ជ​បណ្ឌិត​មួយ​ចំនួន​បាន​វាស់​កំហាប់​ភាគ​ល្អិត​តូចៗ​នៅ​ក្នុង​ឡាន​ដែល​បើក​បរ​ដោយ​មនុស្ស​ចំនួន ១៧​នាក់ ដែល​១៤​នាក់​ក្នុង​ចំណោម​អ្នក​ទាំងអស់​នេះ​ជា​អ្នក​ជក់​បារី ដោយ​ប្រើ​ប្រាស់​អេ​ក្រង់​អេឡិច​ត្រូ​និច​នៅ​កៅ​អី​ឡាន​ផ្នែក​ខាង​ក្រោយ។

នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ អ្នក​ស្ម័គ្រ​ចិត្ត​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​ត្រូ​វគេ​ស្នើ​ឲ្យ​ធ្វើទៅ​តាម​ទម្លាប់​ដែល​គេ​ធ្វើ​នៅ​ពេ​ល​ដែល​ជក់​បារី ខណៈ​ពេល​ដែល​អេ​ក្រង់​នៅ​កៅ​អី​ខាង​ក្រោយ​ឡាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ពីកំហាប់​ភាគ​ល្អិត​រយៈ​ពេល​បី​ថ្ងៃ។

ក្នុង​ចំណោម​ការ​ធ្វើ​ដំណើរ​តាម​ឡាន​ទាំង​១០៤​ដង ដែល​ពេល​ធ្វើ​ដំណើរ​ម្តងៗ​មាន​រយៈ​ពេល​ជា​មធ្យម​ចំនួន ២៧​នាទី ការ​ធ្វើ​ដំណើរ​ចំនួន ៦៣ ដង​គ្មាន​ការ​ជក់​បារី។

នៅ​ពេល​ធ្វើ​ដំណើរ​តាម​ឡាន​ដោយ​ជក់​បារី កម្រិត​នៃ​ភាគ​ល្អិត​តូចៗ​មាន​ប្រមាណ ៨៥ ម៉ាយក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រ​គូម​ជា​មធ្យម បើ​ធៀប​ទៅ​នឹង​គោល​ការណ៍​ណែ​នាំ​ដាក់​ចេញ​ដោយ​អង្គការ​សុខភាពពិភព​លោក​ឲ្យ​មាន​ត្រឹម​តែ ២៥​ម៉ាយក្រូ​ក្រាម​ក្នុង​ខ្យល់​មួយ​ម៉ែត្រ​គូប​ប៉ុណ្ណោះ​សម្រាប់​ការ​បំពុល​ក្នុង​បន្ទប់។

ទោះ​បី​ជា​អ្នក​ជក់​បារី​បើក​កញ្ចក់​ឡាន ឬ​បើក​ខ្យល់​បឺត​ចេញ​ពី​ក្នុង​ឡាន​ក៏​ដោយ​ ក៏​កម្រិត​ជាតិ​ពុល​ក្នុ​ងឡាន​លើស​ពី​ចំនួន​ដែល​កំណត់​ដោយ​អង្គការ​សុខភាព​ពិភព​លោក​ផង​ដែរ។

ជា​មធ្យម​កំហាប់​ភាគ​ល្អិត​ក្នុង​ការ​ធ្វើ​ដំណើរ​ពេល​ជក់​បារី​នេះ​កើន​ដល់ ៣៨៥ ម៉ាយក្រូ​ក្រាម ក្នុង​ខ្យល់​មួយ​ម៉ែត្រ​គូប ហើយ​កម្រិត​ខ្ពស់​បំផុត​កើន​ដល់ ៨៨០ ម៉ាយ​ក្រូ​ក្រាម។

ផ្ទុយ​មក​វិញ​ភាគ​ល្អិត​​ដែល​មា​នក្នុង​ឡាន​សម្រាប់​អ្នក​មិន​ជក់​បារី​មាន​ត្រឹម​តែជា​មធ្យម ៧.៤​ម៉ាយ​ក្រូ​ក្រាម​តែ​ប៉ុណ្ណោះ​ក្នុង​ខ្យល់​មួយ​ម៉ែត្រ​គូប។ ប្រ​ភេទ​ភាគ​ល្អិត​ដែល​ការ​ស្រាវ​ជ្រាវ​នេះ​វាស់​គឺ​មាន​អង្កត់​ផ្ចិត​ត្រឹម​តែ ២.៥ ម៉ា​យក្រូម៉ែត្រ​តែ​ប៉ុណ្ណោះ ពី​ព្រោះ​គេ​គិត​ថា​ភាគ​ល្អិត​តូច​នេះ​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​ដោយ​វា​ចូល​ទៅ​ក្នុង​សួត។

កុមារ​ដែល​ដែល​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ដែល​មាន​ភាគ​ល្អិត​នេះ​ច្រើន​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ផ្សេងៗ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ Aberdeen នៅ​ចក្រ​ក្រ​ភព​អង់​គ្លេស​នេះ។

សូម​បញ្ជាក់​ថា​នៅ​ប្រ​ទេស​អូ​ស្ត្រាលី​ មាន​ច្បាប់​ហាម​មិន​ឲ្យ​អ្នក​បើក​បរ​ជក់​បារី​ទេ​ប្រសិន​បើ​មាន​ក្មេង​នៅ​ក្នុង​ឡាន។

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។