អូស្រ្ដាលី​អប​អរ​ទិវា​បុណ្យ​ជាតិ​ថ្ងៃ​ទី​២៦ ខែ​មករា​ចាប់​ពី​ថ្ងៃ​២៥​នេះ​ទៅ​​

អូស្រ្ដាលី​អប​អរ​ទិវា​បុណ្យ​ជាតិ​ថ្ងៃ​ទី​២៦ ខែ​មករា​ចាប់​ពី​ថ្ងៃ​២៥​នេះ​ទៅ​​

អូស្រ្ដាលី​អប​អរ​ទិវា​បុណ្យ​ជាតិ​ថ្ងៃ​ទី​២៦ ខែ​មករា​ចាប់​ពី​ថ្ងៃ​២៥​នេះ​ទៅ​​

ដាក់បញ្ចូលថ្ងៃ 25 January 2013, 17:20 AEST

នៅ​ថ្ងៃ​នេះ ប្រទេស​អូស្រ្ដាលី​មាន​រៀប​ចំ​កម្ម​វិធី​ជា​ច្រើន​ ហើយ​ពល​រដ្ឋ​អូស្រ្ដាលី​ក៏​បាន​ឈប់​សម្រាក​រយៈ​ពេល​៣​ថ្ងៃ​ផង​ដែរ​សម្រាប់​ ចុង​សប្ដាហ៍​នេះ ហើយ​ពួក​គេ​ត្រូវ​ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ។

ព្រឹត្ដិការណ៍​សំខាន់ៗ​នៃ​ការ​អប​អរ​ទិវា​ជាតិ​អូស្រ្ដាលី​នៅ​ថ្ងៃ​ស្អែក​នេះ​បាន​រៀប​ចំ​ធ្វើ​ចាប់ពី​ថ្ងៃ​នេះ​ទៅ​។ សម្រាប់​ប្រទេស​អូស្រ្ដាលី​ដោយ​សារ​ទិវា​បុណ្យ​ជាតិ​ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​ត្រូវ​ចំ​ថ្ងៃ​សៅរ៍​នោះ រដ្ឋាភិបាល​បាន​កំណត់​ឲ្យ​ពល​រដ្ឋ​ឈប់​សង​ថ្ងៃ​ចុង​សប្ដាហ៍​នេះ ដោយ​ឲ្យ​បាន​សម្រាក​ថ្ងៃ​ចន្ទ​ទី​២៨​វិញ។ ​

គ្រប់​មន្រ្ដី​រដ្ឋាភិបាល, ក្រសួង, អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯក​ជន​នៅ​ក្នុង​រដ្ឋ និង​ដែន​ដី​ទាំង​អស់​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី ត្រូវ​ឈប់​សម្រាក​នៅ​ថ្ងៃ​ទិវា​ជាតិ​អូស្រ្ដាលី​នេះ។ ប៉ុន្ដែ​សម្រាប់​បុគ្គលិក​ទីភ្នាក់​ងារ​ព័ត៌មាន​អូស្រ្ដាលី​យើង​នេះ​វិញ គឺ​អ្នក​ខ្លះ​មិន​បាន​ឈប់ទេ ដោយ​សារ​ត្រូវ​បំពេញ​តួនាទី​ផ្សាយ​ជូន​ប្រិយមិត្ដ។

ប្រវត្ដិ​ទិវា​ជាតិ​អូស្រ្ដាលី​នេះ កាល​ដើម​ឡើង​គឺ​គេ​រៀប​ចំ​ធ្វើ​ដើម្បី​ជា​ការ​រំលឹក​ដល់​​ថ្ងៃ​​ដែល​​មាន​ការ​មក​ដល់នូវ​ក្រុម​នាវា​លើក​ទី​១ នៅ​ឆក​សមុទ្ទ​ក្រុង​ស៊ីដនីយ៍​នៅ​ឆ្នាំ​១៧៨៨។ ហើយ​ជា​ហូរហែ​មក បណ្ដា​ជន​តែង​តែ​នាំ​គ្នា​ប្រារព្ធ​ពិធី និង​អប​អរ​ថ្ងៃ​ទី​២៦​ខែ​មករា​នេះ ក្នុង​លក្ខណៈ​មួយ​មិន​ផ្លូវ​ការ​។ ប៉ុន្ដែ​កាល​ពី​ពេល​មុន​គេ​មិន​បាន​ហៅ​ថ្ងៃ​ទី​២៦​មករា​នេះ​ថា​ជា​ទិវា​ជាតិ​អូស្រ្ដាលី​នៅ​ឡើយ​ទេ រហូត​ដល់​មាន​ការ​បង្កើត​រដ្ឋ​ NSW ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​១៨១៨។

ទិវា​ជាតិ​អូស្រ្ដាលីនេះ​ Australia Day កាល​ពី​មុន​គេឲ្យ​ឈ្មោះ​ជា​ច្រើន​ដូច​ជា​ថា Anniversary Day ឬ​ថ្ងៃ​បុណ្យ​ខួប, Foundation Day ឬ​ថ្ងៃ​ចាប់​បដិសន្ធិ។ ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ​ ជា​ធម្មតា​មួយ​ថ្ងៃ​ មុន​ទិវា​បុណ្យ​ជាតិ​អូស្រ្ដាលី​នេះ គឺ​មាន​ការ​រៀប​ចំ​ប្រកាស​ផ្ដល់​នូវ​រង្វាន់​កិត្ដិយស​ល្បីៗ​ជា​ច្រើន​ដូច​ជា​ឈ្មោះ​ជ័យ​លាភី​ដែល​ត្រូវ​​ទទួល​រង្វាន់​ពលរដ្ឋ​ឆ្នើម​ប្រចាំ​ឆ្នាំ Australian of the Year ឬ​ក៏​រង្វាន់​ថ្នាក់​ជាតិ​ល្បីៗ​ជា​ច្រើន​ទៀត​ដូច​ជា Order of Australia ឬ​អាច​ប្រែថា​ជា​ គ្រឿង​ឥស្សរយស​ ឬ​រង្វាន់​វីរជន​ឆ្នើម​របស់​អូស្រ្ដាលី​ ដោយ​សារ​អ្នក​ទទួល​​បាន​ធ្វើ​ការ​ល្អ​ៗ​ដើម្បី​ជា​ប្រយោជន៍​ប្រទេស​ជាតិ​។ ការ​ផ្ដល់​រង្វាន់​យ៉ាង​នេះ ក៏​ដើម្បី​ជា​ការ​ទទួល​ស្គាល់ និង​ជំរុញ​លើក​ទឹក​ចិត្ដ​ឲ្យ​ពល​រដ្ឋ​អូស្រ្ដាលី​ខំ​ប្រឹង​ប្រែង​បញ្ចេញ​ស្នាដៃ​ដើម្បី​អភិវឌ្ឍ​ជាតិ​មាតុភូមិ​របស់​គេ។

នៅ​ថ្ងៃ​នេះ​ដែរ​ ក៏​មាន​ការ​ថ្លែង​សុន្ទរកថា ពី​អគ្គទេសាភិបាល​ជាតិ​អូស្រ្ដាលី​ដែល​ជា​តំណាង​ព្រះ​មហាក្សត្រិយានី និង​សុន្ទរក​ថា ពី​នាយករដ្ឋមន្រ្ដី​អូស្រ្ដាលី​ដល់​ប្រជា​ពល​រដ្ឋ​អូស្រ្ដាលី​ផង​ដែរ​ ដែល​គេ​នឹង​ធ្វើ​នៅ​ល្ងាច​នេះ​។ ក្រៅ​ពី​នេះ​ក៏មាន​កម្មវិធី​ជប់លៀង​ និង​ការ​ប្រគំតន្រ្ដី​កំដ​ដទៃ​ទៀត​ដែរ​ ដើម្បី​រៀប​ចំ​អប​អរ​បុណ្យ​ជាតិ​ ដែល​គេ​រៀប​ចំ​ធ្វើ​នៅ​តាម​សហគមន៍​នានា​ទូទាំង​ប្រទេស​។ ក្រៅ​ពី​នេះ ក៏មាន​ការ​ប្រកាស​នូវ​ឈ្មោះ​ពល​រដ្ឋ​អូស្រ្ដាលី​ថ្មីៗ​ដែល​បាន​ចូល​សញ្ជាតិ​អូស្រ្ដាលី។

ព្រឹត្ដិការណ៍​ដ៏​ធំ​មួយ​ដែល​គេ​គិត​ថា លេច​ធ្លោ​ជាង​គេ​នៅ​ក្នុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ​អូស្រ្ដាលី​នេះ គឺ​ការ​ប្រកាស​ឈ្មោះ​បេក្ខជន​ដែល​ជា​ជ័យ​លាភី​ត្រូវ​ទទួល​រង្វាន់​ពល​រដ្ឋ​ឆ្នើម​អូស្រ្ដាលី ឬ​រង្វាន់​វីរជន​អូស្រ្ដាលី​សម្រាប់​ប្រទេស​អូស្រ្ដាលី​ទាំង​មូល​លើ​វិស័យ​សំខាន់​ៗ។ ក្រៅ​ពី​នេះ នៅ​តាម​រដ្ឋ​នីមួយ​ៗ​ក៏​មាន​ការ​ប្រកាស​រង្វាន់​ពល​រដ្ឋ​ឆ្នើម​សម្រាប់​រដ្ឋ​នីមួយៗ​ផង​ដែរ ដូច​ជា​ Victorian of the Year។

សម្រាប់​ឆ្នាំ​២០១៣​នេះ មាន​បេក្ខជន​ផ្ដាច់​ព្រ័ត្រ​ចំនួន​១៣២នាក់​ពី​គ្រប់​រដ្ឋ និង​ដែន​ដី​ទាំង​អស់ ដោយ​រើស​ពល​រដ្ឋ​ឆ្នើម​ពី​គ្រប់​មជ្ឈដ្ឋាន និង​ជំនាញ​បច្ចេក​ទេស​របស់​គេ ដូច​ជា​ពី​ខាង​គ្រូ​បង្រៀន, គ្រូពេទ្យ, កីឡា​, អ្នក​រចនា​សួន, អ្នក​ជួយ​បម្រើ​សង្គម, អ្នក​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ដ, ខាង​យុវជន និង​អ្នក​ពន្លត់​ភ្លើង​ជា​ដើម។

រង្វាន់​ធំៗ​៤​ផ្នែក​ដែល​គេ​បាន​ជ្រើសរើស​ និង​ប្រកាស​ឲ្យ​ដឹង​នូវ​ជ័យ​លាភី គឺ​ Australian of the Year ពលរដ្ឋ​ឆ្នើម​អូស្រ្ដាលី, Senior Australian of the Year ចាស់​ព្រឹទ្ធាចារ្យ​ឆ្នើម​របស់​អូស្រ្ដាលី​, Young Australian of the Year យុវជន​ឆ្នើម​របស់​អូស្រ្ដាលី និង Australia's Local Hero វីរជន​ក្នុង​តំបន់​របស់​អូស្រ្ដាលី សម្រាប់​រដ្ឋ​ និង​ដែន​ដី​នីមួយៗ។

ថ្ងៃ​នេះ សម្រាប់​ពល​រដ្ឋ​ជន​ជាតិ​ដើម មិន​ខុស​ពី​ថ្ងៃ​៧មករា នៅ​ប្រទេស​កម្ពុជា​ទេ គឺ​ថា ពល​រដ្ឋ​ជន​ជាតិ​ដើម​តែង​តែ​ចាត់​ទុក​ទិវា​បុណ្យ​ជាតិ​២៦​មករា ជា​ថ្ងៃ​ឈ្លាន​ពាន​របស់​ពួក​ជន​ជាតិ​ស្បែក​ស​ នៅ​លើ​ទឹក​ដី​អូស្រ្ដាលី។ ហើយ​ជា​រៀង​រាល់​ឆ្នាំ​តែង​តែ​ឃើញ​មាន​ការ​ធ្វើ​បាតុកម្ម​តិច​ក្ដី​ធំ​ក្ដី​ពី​ក្រុម​ជន​ជាតិ​ដើម​អូស្រ្ដាលី។ ពួក​គេ​សម្ដែង​នូវ​ការ​សោក​ស្ដាយ ដោយ​បាត់​បង់​វប្បធម៌​ជន​ជាតិ​ដើម។ ទិវា​បុណ្យ​ជាតិ​នេះ អ្នក​ខ្លះ​ក៏​ហៅ​ថា Survival Day ឬ​ថ្ងៃ​ដែល​នៅ​រស់​រាន​មាន​ជីវិត​ពី​ការ​បាត់​បង់​វប្បធម៌ និង​ពល​រដ្ឋ​ជន​ជាតិ​ដើម។

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។