ទិវា​វិទ្យុ​ពិភពលោក (World Radio Day)

ទិវា​វិទ្យុ​ពិភពលោក (World Radio Day)

ទិវា​វិទ្យុ​ពិភពលោក (World Radio Day)

ដាក់បញ្ចូលថ្ងៃ 13 February 2013, 18:07 AEST

ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ គឺ​ជា​ទិវា​វិទ្យុ​ពិភព​លោក (World Radio Day)។ អង្គ​ការ​ UNESCO ដែល​ជា​ទីភ្នាក់​ងារ​មួយ​របស់​អង្គ​ការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ច​ការ​ អប់រំ វិទ្យាសាស្រ្ត​និង​វប្បធម៌ បានអនុម័ត​ដើម្បី​​កំណត់​​យក​ថ្ងៃ​សម្រាប់​ប្រារព្ធ​ទិវា​នេះ​ ក្នុង​​ឆ្នាំ​២០១១ និង​បាន​ចាប់​​​ប្រារព្ធ​ជា​ដំបូង​នៅ​ឆ្នាំ​២០១២។ ​ដើម្បី​ចូល​រួម​ប្រារព្ធ​ទិវាវិទ្យុ​ពិភព​លោក​ នៅ​ថ្ងៃ​នេះ Radio Australia បាន​រៀប​ចំ​កម្មវិធី​សន្ទនា​មតិ​ជា​មួយ​លោក​អ្នក​នាង​ប្រិយមិត្ត​អ្នក​​ ស្ដាប់​ ដើម្បី​ពិភាក្សា​អំពី​សារៈសំខាន់​របស់​វិទ្យុ និង​ចែក​រំលែក​នូវ​អនុស្សាវរីយ៍​ដែល​លោក​មាន​ឬ​អ្នក​​បាន​ទទួល​ពី​កម្មវិធី​ វិទ្យុ។

អង្គ​ការ​ UNESCO បំផុស​ឲ្យ​មាន​ទិវា​វិទ្យុ​ពិភពលោក​នេះ​ឡើង​ដោយ​យល់​ឃើញថា វិទ្យុ​គឺជា​មធ្យោបាយ​មួយ​សម្រាប់​ការ​ទទួលបាន​នូវ​ព័ត៌មាន​ក៏​ជា​ដូច​​ សេរីភាព​នៃការ​បញ្ចេញ​​មតិ។ ដូច្នេះ​ UNESCO លើក​ទឹក​ចិត្ត​​និង​សុំ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការលំដាប់​អន្តរ​ជាតិ​​ ប្រសើរ​ឡើង​ថែម​ទៀត​រវាង​ស្ថានីយ៍​វិទ្យុ​ដើម្បលើក​ស្ទួយ​​​សិទ្ធិទទួល​ ព័ត៌មាន​និង​សេរីភាព​បញ្ចេញ​មតិ​តាម​រយៈ​វិទ្យុ​​ ។ វិទ្យុ​បាន​ត្រូវ​គេ​ប្រើ​ប្រាស់​សម្រាប់​​ប្ដូ​រ​​ព័ត៌មាន ដូច​ជា​ការ​ព្រឹត្តិការណ៍​​សង្គម នយោបាយ ការ​អប់​រំ​តាម​វិទ្យុ សិល្បៈកម្សាន្ត បណ្ដុះ​បណ្ដាល​​ចំណេះ​​ដឹង​​កសិកម្ម សុខភាព ។ល។

ជា ​ដំបូង​សូម​ជម្រាប​ថា វិទ្យុ​អូស្រា្តលី​មាន​អាយុ​៧១​ឆ្នាំ ហើយផ្សាយ​ជា​ភាសា​ខ្មែរ​​បាន​២០​ឆ្នាំ​ដោយ​មាន​កិច្ច​សហការ​ជាមួយ​វិទ្យុ​ FM ​ចំនួន​១២​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។  

មនុស្ស​បាន​ស្រាវ​ជ្រាវ​ និង​បង្កើត​វិទ្យុ​ជិត​១២០​ឆ្នាំ​ហើយ។ កាលពី​ដើម​ឡើយ​វិទ្យុ​មាន​លក្ខណៈ​សាមញ្ញ ហើយ​បាន​ត្រូវ​គេ​ប្រើ​ប្រាស់​ក្នុង​គោល​បំណង​សម្រាប់​បញ្ជូន​រលក​សញ្ញា​ សំឡេង​​ក្នុង​ការ​​ធ្វើ​ទំនាក់​ទំនងរវាងនាវា​​និង​ភាគី​នៅ​លើ​គោក។ ក្រោយ​មក​មាន​​ការរីក​ចម្រើន​រហូត​ដល់​ វិទ្យុ​អាច​បញ្ជូន​សំឡេង​មនុស្ស​បាន​។

ប្រទេស​រុស្ស៊ី​ប្រារព្ធ​ទិវា​​ពលករ​​​គមនាគមន៍​នៅនៅ​ថ្ងៃ​ទី​៧​ខែ​ឧសភា​ដោយ​ជ្រើស​យក​ថ្ងៃ​ដែល​​អ្នក​ជ្រាជ្ញ​រុស្ស៊ី ​ឈ្មោះ Alexander Popov  បាន​បង្កើត​ឧបករណ៍​​មុន​គេ​ដើម្បី​ចាប់​យក​រលក​វិទ្យុ​​ កាល​ឆ្នាំ​១៨៩៥គឺជាពេល​​ប្រមាណ​​១០​ទៅ​២០​ឆ្នាំ​ក្រោយ​​​ពេល​ដែល​មាន​មនុស្ស ​​រួម​ទាំង​នៅ​អង់គ្លេស​និង​អាម្លឺម៉ង់​បាន​ចាប់​ផ្ដើម​ស្រាវ​ជ្រាវ​អំពី​ បច្ចេកទេស​បញ្ជូន​​និង​ទទួលរក​វិទ្យុ ដោយ​មិន​​ចាំ​បាច់​មាន​ខ្សែ​តឬ​ហៅថា​ចល័ត ។

ស្ថានីយ៍​បញ្ជូន​រលក​ វិទ្យុ​មុន​គេ​បង្កើត​ដោយ​អ្នក​វិទ្យាសាស្រ្ត​អ៊ីតាលី Marconi ដែល​​អាច​បញ្ជូន​រលក​សញ្ញា​សំឡេង​បាន​​២​គីឡូម៉ែត្រ​កន្លះ។

ប៉ុន្តែ​​មនុស្ស​ដែល​គេ​ដឹង​ថា​បាន​បង្កើត​​វិទ្យុ​​ដែល​​បញ្ជូន​សំឡេង​មនុស្ស​ដំបូង​គឺជន​ជាតិ​ប្រាស៊្សីល​ ឈ្មោះ Roberto Landell de Moura ។ នៅ​ថ្ងៃ​ទី​៣​ខែ​មិថុនា​ឆ្នាំ​១៩០០ លោក​បាន​ធ្វើ​​​ការ​​លាត​ត្រដាង​អំពី​ការ​ផ្សាយ​វិទ្យុ​បាន​ចម្ងាយ​៨​ គីម៉ែត្រ។ ១២​ឆ្នាំ​ក្រោយ​មក​លោក Marconi ​បាន​​ពង្រីក​សង្ខាក់​ផលិតកម្ម​សម្ភារៈវិទ្យុ​សម្រាប់​លក់​។ ចាប់​ពី​​​ឆ្នាំ​១៩២០​​ អ្នក​ស្រាវ​ជ្រាវ​បាន​បង្កើត​វិទ្យុ​ដែល​អាចចាប់​​មើល​រូប​ភាព​បាន​ដូច​ ទូរទស្សន៍​ផង​ដែរ។ ក្រោយ​មក​ទៀត​​​បច្ចេក​វិទ្យា​វិទ្យុ​​បាន​រីក​ចម្រើន​និង​មាន​សន្ទុះ​​ ​ឡើង​ខ្លាំង​​​រហូត​ដល់​ឆ្នាំ​១៩៥០។

បច្ចុប្បន្ន​វិទ្យុគេ​​អាច​ ស្ដាប់​បាន​តាម​​អ៊ីនធើរណិត​ឬ​ទូរសព្ទ​ដៃ។ យ៉ាង​ណាមិញ​អង្គ​ការ​ UNESCO ​និយាយថា មនុស្ស​ដល់​ទៅ​១​ពាន់​លាន​នាក់​​នៅ​លើ​ពិភពលោក​នេះ មិន​មាន​លទ្ធ​ភាព​ទទួល​បាន​ការ​ស្ដាប់​វិទ្យុ​ឬគ្មាន​​ប្រើ​ប្រាស់​វិទ្យុ​ នៅ​ឡើយ​។ ហេតុនេះ​ហើយ​ទើប​​អង្គ​ការ​សហប្រជាតិ​​បាន​រៀប​ចំ​ឲ្យ​មាន​​ទិវា​វិទ្យុ​ ពិភពលោក​​ធ្វើ​ឡើង​រៀងរាល់​ថ្ងៃ​១៣​ខែ​កុម្ភៈ​​ដើម្បី​បំផុស​ និង​លើក​ស្ទួយ​តម្លៃ​​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​និង​សេរីភាព​បញ្ចេញ​មតិ​ តាម​វិទ្យុ។

ប្រទេស​កម្ពុជា​បាន​មាន​ស្ថានីយ៍​វិទ្យុ​ជា​តិ​លើក​ដំបូង ​នៅ​​ក្នុង​ឆ្នាំ​១៩៤៧។ បន្ត​សព្វ​ថ្ងៃ​នេះ​កម្ពុជា​​មាន​ស្ថានីយ៍​​​ប្រមាណ​​មិន​តិច​ជាង​២០ឡើយ។ តើ​វិទ្យុ​នៅ​តែ​មាន​អត្ថ​ប្រយោជន៍​ប៉ុនណា​សម្រាប់​មនុស្ស​លោក ជាមួយ​គ្នា​នឹង​ការ​រីក​ចម្រើន​​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា?

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។