ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប លោក អ៊ុង សិរីឌី បានមានប្រសាសន៍ថា រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា បានផ្តល់នូវសិទ្ធិសេរីភាពជូនដល់ប្រជាពលរដ្ឋគ្រប់ៗរូប ទៅលើជំនឿផ្សេងៗតាមចំណង់ចំណូលចិត្តរបស់ពួកគេ ដូច្នេះប្រការដែលពលរដ្ឋណាម្នាក់ ព្រមទទួលយកនូវទិវានៃសេចក្តីស្រឡាញ់ ដែលជាវប្បធម៌របស់បរទេសនោះ ក៏មិនមានការហាមឃាត់ដែរ ប៉ុន្តែសុំកុំឲ្យប្រើប្រាស់ឱកាសនេះ ទៅបំផ្លាញដល់ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ។
( សំឡេង លោក អ៊ុង សិរីឌី )
សូមបញ្ជាក់ថា ស្ថានភាពនៃការលក់ផ្កា នៅក្នុងក្រុងសៀមរាប និង ស្ថានភាពនៃការចូលទិញផ្ការបស់យុវវ័យនៅវេលាព្រឹកនេះ មិនមានសកម្មភាពច្រើននោះទេ ហើយបើតាមការកត់សម្គាល់កាលពីឆ្នាំមុននោះ សកម្មភាពនៃការទិញលក់ផ្កា ច្រើនកើតឡើងគគ្រឹកគ្រែងនៅពេលរសៀល ឬពេលល្ងាចក្នុងថ្ងៃនេះហើយRadio Australia ក៏មិនអាចទទួលបានការបញ្ចេញទស្សនៈរបស់ពួកគេ ក្នុងខណៈពេលដែលពួកគេកំពុងទិញ និង លក់ផ្កា ចំពោះអត្ថន័យទិវានៃសេចក្តីស្រឡាញ់នេះដែរ ប៉ុន្តែប្អូនប្រុសឈ្មោះ ខុម ក្រឹម ជានិស្សិតនៃសកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀក្នុងក្រុងសៀមរាប បានបញ្ចេញនូវទស្សនៈរបស់ខ្លួនយ៉ាងដូច្នេះ ។
( សំឡេង ប្អូនប្រុស ខុម ក្រឹម )
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកស្រី ស៊ុន សុវណ្ណនី ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប បានមានប្រសាសន៍បញ្ជាក់បា្រប់ Radio Australia យ៉ាងដូច្នេះ។
( សំឡេង លោកស្រី ស៊ុន សុវណ្ណនី )
ទោះជាយ៉ាងនេះក្តី លោក អ៊ុង សិរីឌី បានមានប្រសាសន៍បញ្ជាក់ទៀតថា បើពិនិត្យទៅលើស្ថានភាពនៃសកម្មភាពជាក់ស្តែងនៅក្នុងឆ្នាំនេះ ហើយធ្វើការប្រៀបធៀបទៅនឹងឆ្នាំមុននោះ អាចកត់សម្គាល់បានថាមានការថយចុះច្រើន។
( សំឡេង លោក អ៊ុង សិរីឌី )
គួររំលឹកថា ទិវានៃសេចក្តីស្រឡាញ់នេះ ភាគច្រើនគេតែងតែប្រារព្ធឡើងនៅបណ្តាប្រទេសនៃទ្វីបអឺរ៉ុប ដែលគេយកឱកាសថ្ងៃនេះ ផ្តល់ជូននូវសេចក្តីស្រឡាញ់ចំពោះមនុស្សទូទៅ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា ការទទួលយកវប្បធម៌នេះភាគច្រើនជាយុវវ័យ ហើយក្នុងនោះយុវវ័យមួយចំនួន បានយកថ្ងៃនៃទិវានេះដើម្បីបញ្ជាក់ពីសេចក្តីស្នេហារបស់គេ ហើយរហូតដល់ទៅបណ្តែតបណ្តោយខ្លួនប្រព្រឹត្តនូវអំពើផ្តេសផ្តាស ដែលប្រាសចាកពីប្រពៃណីខ្មែរទៀតផង៕