ភាព​ចម្រូង​ចម្រាស​នៃ​ការ​ដែល​មន្រ្ដី​ប្រដាប់​អាវុធ​កម្ពុជា​ទៅ​ទទួល​អាំង​ប៉ាវ​ពី​សេដ្ឋី​ខ្មែរ​

ភាព​ចម្រូង​ចម្រាស​នៃ​ការ​ដែល​មន្រ្ដី​ប្រដាប់​អាវុធ​កម្ពុជា​ទៅ​ទទួល​អាំង​ប៉ាវ​ពី​សេដ្ឋី​ខ្មែរ​

ភាព​ចម្រូង​ចម្រាស​នៃ​ការ​ដែល​មន្រ្ដី​ប្រដាប់​អាវុធ​កម្ពុជា​ទៅ​ទទួល​អាំង​ប៉ាវ​ពី​សេដ្ឋី​ខ្មែរ​

ដាក់បញ្ចូលថ្ងៃ 15 February 2013, 17:39 AEDT

កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១០ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ នៅ​ក្នុង​ឱកាស​ថ្ងៃ​ដំបូង​នៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​ និង​វៀតណាម​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​មាន​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​ចាប់​ អារម្មណ៍​មួយ​បាន​កើត​ឡើង គឺ​ការ​ចែក​អំណោយ​អាំង​ប៉ាវ​របស់​សេដ្ឋី​ខ្មែរ គឺ​លោក​ស្រី ជឹង សុភាព ហៅ​ យាយ​ភូ ដែល​ជា​ភរិយា​របស់​លោក ឡៅ ម៉េង​ឃិន ព្រឹទ្ធ​សមាជិក​នៃ​ប្រទេស​កម្ពុជា។

តាម​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត The Cambodia Daily ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែ​កុម្ភៈ នៅ​ក្នុង​ព្រឹត្ដិការណ៍​នោះ​មាន​ទាហាន, ប៉ូលិស និង​មន្រ្ដី​កង​រាជ​អាវុធ​ហត្ថ​សរុប​ប្រមាណ​១០០០​នាក់​បាន​ទៅ​ទទួល​អាំង​ប៉ាវ​ពី​ក្រុម​គ្រួសារ​របស់​យាយ​ភូ​។

ទង្វើ​មនុស្ស​ធម៌​ដែល​គេ​ចាត់​ទុក​ថា​ជា​រឿង​ល្អ​គួរ​ធ្វើ​នោះ ក៏​បាន​ទទួល​ការ​រិះ​គន់​យ៉ាង​ច្រើន​ផង​ដែរ​ពី​អ្នក​សង្កេត​ការណ៍​តាម​ដាន​បញ្ហា​សង្គម​ ព្រោះ​ថា ជា​សកម្ម​ភាព​មួយ​ដែល​គេ​យល់​ថា ជា​ការ​ផ្ដល់​អំណោយ​ក្នុង​លក្ខណៈ​សូក​ប៉ាន់​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​ជាតិ និង​បង្អាប់​កិត្ដិយស​របស់​មន្រ្ដី​កម្ពុជា​ដែល​មាន​ប្រាក់​ខែ​តិច​ក្នុង​ឯក​សណ្ឋាន​តាម​អង្គ​ភាព​រៀង​ៗ​ខ្លួន​ ដែល​បាន​ទៅ​តម្រង់​ជួរ​ចាំ​ទទួល​អាំង​ប៉ាវ។

លោក ព្រាប កុល នាយក​ប្រតិបត្ដិ​នៃ​អង្គការ​តម្លា​ភាព​អន្ដរ​ជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ជុំវិញ​រឿង​នេះ។

(សំឡេង​លោក​ ព្រាប​ កុល)

ការ​ចែក​អាំង​ប៉ាវ​គឺជា​វប្បធម៌​របស់​ចិន និង​វៀតណាម ហើយ​តាម​ប្រពៃ​ណី​ចិន​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ការ​ឲ្យ​អាំង​ប៉ាវ​នេះ​គឺ​សម្រាប់​តែ​កូន​ចៅ​បង​ប្អូន​ញាតិ​ជិត​ស្និទ្ធ​របស់​ម្ចាស់​អំណោយ​តែ​ប៉ុណ្ណោះ​។ តាម​ការ​អះ​អាង​របស់​អ្នក​កាសែត​ចិន​បម្រើ​ការ​ងារ​នៅ​ក្នុង​វិទ្យុ​អូស្រ្ដាលី​បាន​ឲ្យ​ដឹង​ថា សូម្បី​តែ​នៅ​ប្រទេស​ចិន​ដែល​ជា​ម្ចាស់​កំណើត​នៃ​វប្បធម៌​ឲ្យ​អាំង​ប៉ាវ​ប៉ែប​នេះ ក៏​គេ​មិន​ដែល​ផ្ដល់​អាំង​ប៉ាវ​ក្នុង​លក្ខណៈ​បើក​ចំហរ​ទ្រង់​ទ្រាយ​ធំ ឬ​ក៏​ជូន​ដល់​មន្រ្ដី​យោធា ឬ​ប៉ូលិស​ក្នុង​ឯក​សណ្ឋាន​បែប​នេះ​ដែរ ពី​ព្រោះ​ថា នៅ​ប្រទេស​ចិន ប្រសិន​បើ​មាន​ទង្វើ​បែប​នេះ គឺ​គេ​ចាត់​ទុក​ថា​ជា​ការ​ប្រព្រឹត្ដ​សកម្មភាព​ស៊ីសំណូក​សូក​ប៉ាន់​ពិត​ប្រាកដ​ណាស់ នេះ​បើ​តាម​អ្នក​កាសែត​ចិន​បាន​ប្រាប់​វិទ្យុ​អូស្រ្ដាលី។

វិទ្យុ​អូស្រ្ដាលី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជុំវិញ​រឿង​នេះ​ថា​តើ​ជា​ទង្វើ​ខុស​ច្បាប់​ ឬ​យ៉ាង​ណា ប៉ុន្ដែ​លោក ឱម យិន​ទៀង​ បាន​ឆ្លើយ​ប្រាប់​វិទ្យុ​អូស្រ្ដាលី​នេះ រឿង​នេះ​មិន​មាន​ទាក់​ទង​អ្វី​នឹង​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​លោក​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ម៉ែន និមិត្ដ​ និស្សិត​ច្បាប់​ថ្នាក់​បណ្ឌិត​ម្នាក់​ដែល​កំពុង​បញ្ចប់​ការ​សិក្សា​នៅ​ក្រុង​មែល​ប៊ិន​បាន​បក​ស្រាយ​ពន្យល់​អំពី​សកម្មភាព​នៃ​ការ​ឲ្យ​អាំង​ប៉ាវ​ដល់​មន្រ្ដី​កង​កម្លាំង​ប្រដាប់​អាវុធ​ថា ជា​សកម្ម​ភាព​មួយ​ដែល​មាន​សក្ដានុពល​ធ្វើ​ឲ្យ​មាន​បញ្ហា​ប៉ះ​ពាល់​ផល​ប្រយោជន៍​សាធារណៈ​ ហើយ​លោក​ពន្យល់​អំពី​គោល​បំណង​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដូច​តទៅ។

(សំឡេង​លោក មែន និមិត្ដ)

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ប្រទេស​ថៃ នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ​ដែរ មាន​នគរ​បាល​ជាតិ​ថៃ​៣​រូប​មាន​ការ​ពាក់​ព័ន្ធ​ធ្វើ​ខុស​នឹង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​កង​នគរ​បាល​ ដោយ​បាន​ទទួល​អាំង​ប៉ាវ​ពី​ពាណិជ្ជ​ករ​ ដែល​តាម​ច្បាប់​ថៃ​ ​គេ​ការ​ហាម​ប្រាម​ដាច់​ខាត​មិន​ឲ្យ​មន្រ្ដី​ថៃ​ទទួល​អាំង​ប៉ាវ​ពី​នរណា​ឡើយ​។ តាម​ការ​ចុះ​ផ្សាយ​ព័ត៌មាន​​មន្រ្ដី​ថ្នាក់​វរៈ​សេនីយ៍ទោ​ថៃ​ត្រូវ​ជាប់​ទោស​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​ ហើយ​២​រូប​ទៀត​ត្រូវ​គេ​ដក​ហូត​ដំណែង​។ លោក​ជ័យ​មង្គល​ប្រធាន​សមាគម​ខ្មែរ​នៅ​ខេត្ដ​សុរិន្ទ​ប្រទេស​ថៃ​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អូស្រ្ដាលី​ជុំវិញ​រឿង​នេះ​។

(សំឡេង​លោក​ជ័យ​មង្គល)

វិទ្យុ​អូស្រ្ដាលី​បាន​ដាក់​សំណួរ​នេះ​ទៅ​ខាង​កង​រាជ​អាវុធ​ហត្ថ​កម្ពុជា​ថា តើ​ការ​ទៅ​ឈរ​ទទួល​អាំង​ប៉ាវ​ក្នុង​ឯក​សណ្ឋាន​ជា​មន្រ្ដី​រដ្ឋាភិបាល​បែប​នេះ ខុស​នឹង​ក្រម​សីលធម៌ ឬ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​កង​រាជ​អាវុធ​ហត្ថ​ ឬ​យ៉ាង​ណា? លោក​វរៈសេនីយ៍​ឯក​ ហេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​បាន​ផ្ដល់​ការ​ពន្យល់​យ៉ាង​នេះ។

(សំឡេង​លោក​ ហេង ទីតូ)

វិទ្យុ​អូស្រ្ដាលី​ក៏​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​អំពី​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​កង​នគរ​បាល​ជាតិ​កម្ពុជា​ផង​ដែរ​ ដោយ​បាន​ទាក់​ទង​ទៅ​លោក​ឧត្ដម​សេនីយ៍​ ជួន សុវណ្ណ អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ និង​ជា​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ ប៉ុន្ដែ​ព្រឹក​មិញ​នេះ លោក​ថា​ជាប់​រវល់​ប្រជុំ។

សូម​ជម្រាប​ថា លោក ឡៅ ម៉េង​ឃិន ដែល​ជា​ស្វាមី​របស់​លោក​ស្រី ជឹង សុភាព ហៅ​យាយ​ភូ គឺជា​ព្រឹទ្ធ​សមាជិក​កម្ពុជា​ ក៏​ជា​ម្ចាស់​ក្រុម​ហ៊ុន​ស៊ូ​កាគូ​ដែល​ធ្វើ​ការ​អភិវឌ្ឍ​តំបន់​បឹង​កក់​ផង​ដែរ​។ កាសែត​ The Cambodia Daily រាយការណ៍​ថា​កន្លង​ទៅ​នេះ​​មាន​ការ​ប្រើ​ប្រាស់​កង​កម្លាំង​សន្ដិសុខ​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​ពល​រដ្ឋ​អ្នក​ភូមិ​បឹង​កក់។

កាសែត​ជា​ភាសា​អង់គ្លេស​នេះ ក៏​បាន​ចុះ​ផ្សាយ​ផង​ដែរ​ថា ក្រុមហ៊ុន​ភាពីម៉ិច​របស់​យាយ​ភូ​ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​យ៉ាង​ច្រើន​ទូទាំង​ប្រទេស​កម្ពុជា​ ហើយ​ដី​ដែល​គេ​កត់​សម្គាល់​ឃើញ​ខ្លាំង​ជាង​គេ​គឺ​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​៣សែន ១ម៉ឺន ៦ពាន់​ហិចតារ​នៅ​ខេត្ដ​ពោធិសាត់​ ដោយ​ធ្វើ​ឲ្យ​មាន​ជម្លោះ​ដី​ធី្ល​យ៉ាង​ច្រើន​ធ្វើ​ឲ្យ​ពល​រដ្ឋ​កើត​ទុក្ខ​មិន​សុខ​ចិត្ដ។ ក្រៅ​ពី​នេះ​ក៏​មាន​របាយការណ៍​ជា​ច្រើន​ដែរ​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ក៏​ត្រូវ​គេ​ដាក់​ពង្រាយ​ដើម្បី​ការ​ពារ​ដី​ធ្លី​របស់​យាយ​ភូ​ផង​ដែរ។ ប៉ុន្ដែ​បើ​បែរ​ទៅ​ពិនិត្យ​មើល​ដី​ធ្លី​របស់​កសិករ​វិញ ស្ថិតិ​បង្ហាញ​ថា កសិករ​ខ្មែរ​ប្រមាណ​៤៧% មាន​ដី​ធ្លី​តិច​ជាង​១​ហិចតារ​សម្រាប់​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត។

តាម​ការ​ស្រង់​សម្ដី​របស់​កាសែត​នេះ​ឲ្យ​ដឹង​ថា មន្រ្ដី​សន្ដិសុខ​ដែល​បាន​ទៅ​ទទួល​អាំង​ប៉ាវ​ពី​ក្រុម​គ្រួសារ​យាយ​ភូ​បាន​និយាយ​ថា “មាន​ទៅ​មាន​មក​” គឺ​ចង់​មាន​ន័យ​ថា ពេល​ពួក​មន្រ្ដី​ប្រដាប់​អាវុធ​ទៅ​ទទួល​អំណោយ​បែប​នេះ ក៏​មាន​ការ​សង​គុណ​ជូន​ដល់​អ្នក​ផ្ដល់​អំណោយ​វិញ​ដែរ​៕

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​ និង​វ៉ិបសាយថ៍​។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។