សមាជិក​ព្រឹទ្ធសភា​ឯករា​ជអូស្ត្រាលី​មួយរូប​ត្រូវ​ម៉ាឡេស៊ី​បញ្ជូន​ឲ្យត្រឡប់​មក​ស្រុក​វិញ

សមាជិក​ព្រឹទ្ធសភា​ឯករា​ជអូស្ត្រាលី​មួយរូប​ត្រូវ​ម៉ាឡេស៊ី​បញ្ជូន​ឲ្យត្រឡប់​មក​ស្រុក​វិញ

សមាជិក​ព្រឹទ្ធសភា​ឯករា​ជអូស្ត្រាលី​មួយរូប​ត្រូវ​ម៉ាឡេស៊ី​បញ្ជូន​ឲ្យត្រឡប់​មក​ស្រុក​វិញ

ដាក់បញ្ចូលថ្ងៃ 22 February 2013, 17:24 AEDT

ថ្ងៃនេះ យើង​ខ្ញុំ​សូម​អញ្ជើញ​លោក​អ្នក​នាងកញ្ញា​​ឲ្យ​ពិនិត្យ​មើល​​ជ្រុងមួយ​នៃ​​ឆាក​នយោបាយ​​​អូស្រ្តាលី  ដោយ​ផ្ដោតទៅលើ​​ក្រុម​អ្នកនយោបាយដែលនៅ​​ដាច់​តែ​ឯង មិនចូល​បក្ស​​សម្ពន្ធ​ណា ដែល​យើង​ហៅជា​ភាសា​អង់គ្លេស​ថា Independent politicians គឺ​​អ្នក​នយោបាយ​ឯករាជ។  ហើយ​នៅក្នុង​​ដំណើរ​សិក្សា​ស្វែង​យល់​អំពី​ជ្រុង​​នយោបាយមួយ​នេះ យើង​ខ្ញុំ​នឹង​បញ្ឆាប​ឬឈាង​ចូលទៅ​​មើល​ទំនាក់ទំនង​រវាង​ប្រទេស​អូស្រ្តាលី ​និង​ប្រទេស​ម៉ាឡេស៊ីបន្តិច​ ដោយសារថា​​នៅ​​ចុង​សប្ដាហ៍​កន្លង​ទៅនេះ សមាជិក​ព្រឹទ្ធ​សភា​ឯករាជ​មួយ​រូប​របស់​អូស្ត្រាលី​ត្រូវអាជ្ញាធរ​​ម៉ាឡេស៊ី​ឃាត់​​ខ្លួន​ទុក ហើយ​បញ្ជូន​ចេញ​ពី​ប្រទេស។

នៅ​​ក្នុង​ឆាក​នយោបាយ​អូស្រ្តាលី អ្នកនយោបាយ​ឯករាជ គឺជា​អ្នកនយោបាយ​គ្មាន​បក្ស​សម្ពន្ធភាព។  មូលហេតុ​ដែល​ធ្វើ​អ្នកនយោបាយ​ទាំងនោះ​ឋិតនៅ​ដាច់​ពី​គេ ឬ​​ផ្ដាច់​ខ្លួនពី​គេ គឺ​អាច​បណ្ដាលមកពី​គោល​នយោបាយ​ខុស​ពី​គណបក្ស​ឯទៀត ​ដែល​ធ្វើ​​ឲ្យ​អ្នក​នយោបាយ​​​រូប​នោះ​មិនអាច​ចូល​ទៅ​ក្នុង​គណបក្ស​ណាមួយ​​​កើត។ ហើយ​ជួន​កាល​​បណ្ដាល​មកពី​ទស្សនៈ​អ្នកនយោបាយនោះ​​​មិន​ស្រប​ជាមួយនឹង​​​កម្មវិធី​នយោបាយ​នៃ​បក្ស​​​​របស់​ខ្លួន ហើយ​ធ្វើ​ឲ្យ​ពួកគាត់​ផ្ដាច់​ខ្លួន​ចេញ​​នៅ​តែ​ឯង។

បច្ចុប្បន្ន​នេះ​​ប្រទេស​អូស្រ្តាលី ​មាន​សមាជិកសភា​ឯករាជ​ចំនួន​​៥នាក់ និង​សមាជិក​ព្រឹទ្ធ​សភាឯករាជ​​តែ​ម្នាក់​ទេ គឺ​លោក Nick Xenophon នៅ​ក្នុង​រដ្ឋ​អូស្ត្រាលី​ខាងត្បូង។ ឥឡូវ នេះ ខ្ញុំ​សុំ​​ទាញ​អារម្មណ៍​លោកអ្នកនាងកញ្ញា​ឲ្យ​មកពិនិត្យ​មើល​​ឧប្បត្តិហេតុ​មួយ​ដែលបាន​កើត​មាន​ឡើង​​កាលពី​ថ្ងៃ​សៅរ៍​ទី​១៦ ខែ​កុម្ភៈ​​​នៅពេល​ដែល​អ្នកនយោបាយ

អូស្ត្រាលី​​មួយ​ក្រុម​ធ្វើ​ដំណើរទៅ​ដល់​​ប្រទេស​ម៉ាឡេស៊ី។ ​ក្រុម​អ្នកនយោបាយ​​​អូស្ត្រាលី​មួយ​ក្រុម​នោះ​រួម​មាន​លោក Nick Xenophon ដែលជា​ព្រឹទ្ធសមាជិក​ឯករាជ,  លោក​ John Williams ព្រឹទ្ធសមាជិក​នៃ​គណបក្ស Nationals, លោក Steve Georganas ​ជា​សមាជិក​សភា​​នៃ​គណបក្ស Labor ដែល​កំពុងតែ​កាន់​អំណាច និង​លោក Mal Washer សមាជិក​សភា​​នៃ​​​គណបក្ស Liberal ដែលជា​បក្ស​ប្រឆាំង។ ​ក្នុង​ចំណោម​​អ្នកនយោបាយ​ទាំង​​៤​នាក់នោះ មាន​តែ​លោក​ព្រឹទ្ធសមាជិក Nick Xenophon ទេ ដែល​អាជ្ញាធរ​សន្តិសុខ​ម៉ាឡេស៊ី​ឃាត់​ខ្លួនទុក អស់ពេល​៩ម៉ោង មុននឹង​គេ​បញ្ជូន​ឲ្យ​មក​ប្រទេស​អូស្រ្តាលី​វិញ​។ អាជ្ញាធរ​ម៉ាឡេស៊ី​និយាយ​ថា ​លោក Nick Xenophon អាច​បង្ក​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ​ម៉ាឡេស៊ី។ លោកអ្នកនាងកញ្ញា មកទល់​ពេល​នេះ​ ​រដ្ឋាភិបាល អូស្ត្រាលី​នៅមិនទាន់​បាន​ទទួល​នូវ​ចម្លើយ​ច្បាស់​លាស់​ពី​រដ្ឋាភិបាល ​ម៉ាឡេស៊ី​នៅឡើយ​ថាតើ លោក Nick Xenophon បានធ្វើ​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​​រដ្ឋាភិបាល​​ម៉ាឡេស៊ី​ចាត់​ទុក​លោកថា​ជា​ហានិភ័យ​ដល់​សន្តិសុខ​​ម៉ាឡេស៊ីនោះ។  យ៉ាង​ណា​មិញ  មាន​ការសន្និដ្ឋាន​ថា​កាលពីពេល​ដែល​លោក​ធ្វើ​ដំណើរទៅ​ម៉ាឡេស៊ី​ក្នុង​ខែ​មេសា​ឆ្នាំមុន​នោះ លោក​បាន​​រិះគន់​​បណ្តាញ​ព័ត៌មាន​រដ្ឋ ហើយ​លោក​ក៏ជា​សមាជិក​ម្នាក់​​នៅក្នុង​​ក្រុម​អ្នក​សង្កេតការណ៍​​ទៅលើ​ប្រព័ន្ធ​បោះឆ្នោត​របស់​ម៉ាឡេស៊ីផងដែរ។ ម្យ៉ាងវិញ​ទៀត លោក​ក៏ជា​អ្នក​ដែល​ហ៊ាន​និយាយ​ដោយមិនកោត​ក្រែង​អំពី​បញ្ហា​សិទ្ធិ​​មនុស្ស នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ទៀត​ផង​។

ឥឡូវនេះ​ យើង​ងាក​មក​មើល​ប្រវត្តិ​រូប​របស់​សមាជិក​ព្រឹទ្ធ​សភា​ Nick Xenophon វិញ​ម្ដង ។  ឪ​ពុក​ម្ដាយ​របស់​លោក​មាន​ដើមកំណើត​ចេញ​ពី​ប្រទេស​ក្រិក។  លោក​គឺជា​មេធាវី ​ហើយ​មាន​ក្រុម​ហ៊ុន​ច្បាប់ផ្ទាល់​ខ្លួន​របស់​លោក​ផងដែរ​មុននឹង​លោក​​ចូល​ប្រឡូក​ក្នុង​ឆាក​នយោ​បាយ​​នៅក្នុង​ឆ្នាំ ១៩៩៧ ក្នុង​ឋានៈ​ជា​សមាជិក​សភា​​ប្រចាំ​រដ្ឋ​អូស្ត្រាលី​ខាងត្បូង ហើយ​ជាប់​ឆ្នោត​ជា​តំណាង​រាស្រ្ត​នៅ​ក្នុង​រដ្ឋ​អូស្ត្រាលី​ខាងត្បូង​នោះ​​បាន​​២​អាណត្តិ​ មុននឹង​លោក​ជាប់​ឆ្នោតជា​សមាជិក​ព្រឹទ្ធ​សភា​​ថ្នាក់​សហពន្ធ​នៅ​ឆ្នាំ​២០០៧។  កម្ម​វិធី​នយោបាយ​​​ដ៏​សំខាន់​​ដែលនាំ​ឲ្យ​លោក​ឈ្នះ​ឆ្នោត​​នោះ​ គឺ​លោក​ចង់​បំបាត់​មិន​ឲ្យ​មាន​ល្បែងស៊ី​សង​ ជាពិសេស គឺ​ម៉ាស៊ីន​ដាក់​កាក់ ដែល​បំផ្លិច​បំផ្លាញ​សង្គម​គ្រួសារ​ជាច្រើន​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។

 

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។