អត្ថបទតាមអ៊ីនធើរណិតមួយបានរាយការណ៍ថា លោក Roongrote Benjamasuthin ពីមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ានបានឲ្យដឹងថា សហគ្រិនថៃ និងក្រុមហ៊ុនថៃធន់តូច និងមធ្យមជាច្រើនកំពុងតែសំឡឹងមើលទីផ្សារកម្ពុជាថា ជាទីផ្សារមួយដែលមានការទុកចិត្ដ និងល្អជាងគេបំផុតសម្រាប់គម្រោងវិនិយោគរបស់ថៃ ហើយនេះជាកត្ដាមួយល្អក្នុងការជួយជំរុញដល់ការចាប់ផ្ដើមការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥។
លោកបានបន្ដឲ្យដឹងថា បណ្ដាវិនិយោគិនថៃ គួរតែយល់អំពីប្រយោជន៍ភូមិសាស្រ្ដនៃប្រទេសទាំងពីរដែលនៅជាប់គ្នា ហើយថា រដ្ឋាភិបាលថៃក៏មានផែនការផងដែរក្នុងការសាងសង់ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងផ្លូវដែកដើម្បីផ្សារភ្ជាប់វិស័យដឹកជញ្ជូនរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។
យ៉ាងណាក៏ដោយ នៅពេលឮដំណឹងល្អបែបនេះ មន្រ្ដីរដ្ឋាភិបាលខ្មែរមិនបានបង្អែបង្អង់ឡើយក្នុងការទទួលយកនូវភាពវិជ្ជមាននេះ។ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ប្រាប់វិទ្យុអូស្រ្ដាលីអំពីគុណសម្បត្ដិទាក់ទាញវិនិយោគរបស់កម្ពុជា។
(សំឡេងលោក ម៉ៅ ថូរ៉ា)
សម្រាប់លោកបណ្ឌិតសាស្រ្ដាចារ្យ សម្ពោធ ប្រសើរស្រី ក៏យល់ស្របផងដែរចំពោះការលើកឡើងរបស់អ្នកសេដ្ឋកិច្ចថៃរូបនេះ ហើយលោកក៏បានលើកឡើងនូវចំណុចជាច្រើនទៀតផងដែរអំពីគុណសម្បត្ដិល្អរបស់កម្ពុជា។
(សំឡេងលោក សម្ពោធ ប្រសើរស្រី)
ក្រៅពីនេះលោកក៏បានឲ្យដឹងថា គោលនយោបាយកម្ពុជាមានភាពធូររលុងច្រើន ហើយមិនមានលក្ខណៈការពារឧស្សាហកម្មនិយម (Protectinist Policy) ដូចនៅប្រទេសថៃទេ។ ច្បាប់នៅប្រទេសថៃមិនអនុញ្ញាតឲ្យរដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ចដូចនៅកម្ពុជាទេ។ វិនិយោគិនត្រូវទិញដីពីឯកជន ឬក៏ធ្វើការអភិវឌ្ឍរួមជាមួយនឹងដៃគូមូលដ្ឋាន។ ប៉ុន្ដែលោកក៏បានលើកឡើងនូវភាពអវិជ្ជមានមួយចំនួនផងដែរនៅកម្ពុជាដូចជាថាមពលប្រេង, ឧស្ម័ន និងអគ្គិសនីនៅមានតម្លៃខ្ពស់។
យ៉ាងណាក៏ដោយ លោក សុន ឆ័យ ពីគណបក្ស សម រង្ស៊ី ដែលបានច្របាច់បញ្ចូលជាមួយនឹងគណបក្សសិទ្ធិមនុស្ស បង្កើតជាគណបក្សសង្រ្គោះជាតិបានឲ្យដឹងថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលគួរតែមានសំណាង ដោយសារមានសម្បត្ដិធនធានធម្មជាតិច្រើន ហើយចំនួនប្រជាជនតិច។ ប៉ុន្ដែលោកថា ផលសេដ្ឋកិច្ចរបស់កម្ពុជាមិនបានជ្រាបដល់ពលរដ្ឋទូទៅគួរជាទីគាប់ចិត្ដនោះទេ។
(សំឡេងលោក សុន ឆ័យ)
កន្លងមកពលរដ្ឋខ្មែរនិយមប្រើប្រាស់ផលិតផលពីប្រទេសថៃ បើតាមតួលេខកាលពីឆ្នាំ២០១២ ប្រទេសថៃបាននាំចេញផលិតផលមកលក់នៅកម្ពុជាក្នុងទឹកប្រាក់៣ពាន់លានដុល្លារ។ ប៉ុន្ដែកម្ពុជាវិញបាននាំចេញទៅថៃវិញតិចជាង៥០០លានដុល្លារប៉ុណ្ណោះ។
កាលពីមុនព្រឹត្ដិការណ៍ដុតទូតថៃនៅឆ្នាំ២០០២ អ្នកជំនាញយល់ឃើញថា ការបណ្ដាក់ទុនរបស់ថៃនៅកម្ពុជាមានលក្ខណៈល្អប្រសើរ។ លោក ចាន់ សុផល អ្នកសេដ្ឋកិច្ចខ្មែរបានប្រាប់វិទ្យុអូស្រ្ដាលីតាមអ៊ីមែលថា តាំងពីពេលដុតទូតថៃមក គេសង្កេតឃើញមានការកើនឡើងនូវការនិយោគទុនពីប្រទេសវៀតណាមវិញ៕