Annoucement

ចំពោះ​ព័ត៌មាន​បន្ថែមអំពី​ការ​បិទ​​កម្មវិធី​ផ្សាយ​ចំនួន​៤​ភាសា​ ​សូម​មើល​ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្ដ្រ​ថ្មី​នៃ​អង្គភាព ABC International៖ http://ausp.lu/2fm5qSv

ប្រវត្ដិ​អ៊ីនធើរណិត​​ជា​សង្ខេប​

ប្រវត្ដិ​អ៊ីនធើរណិត​​ជា​សង្ខេប​

ប្រវត្ដិ​អ៊ីនធើរណិត​​ជា​សង្ខេប​

ដាក់បញ្ចូលថ្ងៃ 29 May 2014, 17:16 AEST

កាល​ពី​ពេល​២០​ឆ្នាំ​មុន លោក Tim Berners-Lee បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​ World Wide Web (WWW) ដែល​យើង​ស្គាល់​សព្វ​ថ្ងៃ​ថា​វ៉ិបសាថយ៍​ ឧទាហរណ៍ www.radioaustralia.net.au ជាដើម​ក្នុង​គោល​បំណង​ដើម្បី​ចែក​ចាយ​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​កាន់​តែ​​ប្រសើរ​ទាំង​ល្បឿន និង​បរិមាណ។

កាល​នោះ​ គេ​បាន​ដឹង​តិច​តួច​អំពី​បច្ចេក​វិទ្យា​ World Wide Web នេះ​ ក៏​ដូច​ជា​សក្កានុពល​ដែល​បច្ចេក​វិទ្យា​នេះ​អាច​នាំ​មក​ដល់​យើង​ទាំង​អស់​គ្នា​នៅ​ពេល​ក្រោយ​។ សព្វ​ថ្ងៃ​នេះ​បច្ចេក​វិទ្យា​នេះ​បាន​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​ការ​ងាយ​ស្រួល​ជាង​មុន​ដូច​ជា​ទិញ​ទំនិញ​ពី​ផ្ទះ​តាម​អ៊ីនធើរណិត, វេជ្ជបណ្ឌិត​អាច​ពិនិត្យ​ជំងឺ​ពី​ចម្ងាយ​បាន​រាប់​រយ​គីឡូម៉ែត្រ​ ហើយ​ព័ត៌មាន​ទាំង​ឡាយ​គឺ​យើង​អាច​ចូល​មើល​បាន​ដោយ​គ្រាន់​តែ​ចុច​នឹង​ម្រាម​ដៃ​របស់​យើង​ប៉ុណ្ណោះ។

តាម​រយៈ​ការ​ជួយ​គាំទ្រ​ពី​សំណាក់​និយោជក​របស់​គាត់ លោក Tim ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​ម្នាក់​នៅ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​នុយក្លេអ៊ែរ​អឺរ៉ុប​ហៅកាត់​ថា CERN នោះ​បាន​បង្កើត​ World Wide Web នេះ​នៅ​ឆ្នាំ​១៩៨៩។ ពាក្យ​ World Wide Web និង​យន្ដការ​បច្ចេក​ទេស​ HyperText Transfer Protocol ឬហៅកាត់​ថា HTTP នោះ​គឺជា​ភាសា​ និង​វិន័យ​កុំ​ព្យូទ័រ​ដែល​គេ​ប្រើ​ដើម្បី​ទំនាក់​ទំនង​នៅ​លើ​បណ្ដាញ​អ៊ីនធើរណិត​ ដោយ​នាំ​ឲ្យ​មាន​ការ​ចែក​ចាយ​ព័ត៌មាន​តាម​វិធី​ថ្មី​មិន​ធ្លាប់​មាន​ពី​មុន។

បច្ចេក​វិទ្យា World Wide Web នេះ​ត្រូវ​ស្ថាប័ន CERN នៅ​អឺរ៉ុប​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​សាធារណៈ​នៅ​ឆ្នាំ​១៩៩៣ ដោយ​ធ្វើ​ឲ្យ​មាន​ការ​ផុស​ឡើង​នូវ​ឧស្សាហកម្ម​បច្ចេក​វិទ្យា​ថ្មីៗ​ជា​ច្រើន ក៏​ដូច​ជា​ការ​ធ្វើ​បដិវត្ដន៍​ឧស្សាហកម្ម​ចាស់ៗ​ឲ្យ​កាន់​តែ​ជឿន​លឿន​ដែរ។ ហើយ​ឥឡូវ​យើង​មាន​អ្វី​ដែល​ហៅ​ថា អ៊ីនធើរណិត,​ បណ្ដាញ​កុំ​ព្យូទ័រ​ទូទាំង​ពិភព​លោក​ដោយ​រួម​ទាំង​ការ​ប្រើ​អ៊ីមែល និង​ការ​បញ្ជូន​សារ​ភ្លាមៗ​ផង​ដែរ។

ឥឡូវ​នេះ​យើង​នឹង​ពិនិត្យ​មើល​ទៅ​លើ​ការ​រីក​ចម្រើន​នៃ​យុគ​សម័យ​បច្ចេក​វិទ្យា​ឌីជីថល​នៅ​ចន្លោះ​ឆ្នាំ​១៩៩៥ និង​១៩៩៩ ក្រោយ​ពី​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់ World Wide Web នៅ​ឆ្នាំ​១៩៩៣ និង​១៩៩៤។

ដោយ​ការ​ទទួល​យក​នូវ​បច្ចេក​វិទ្យា​ថ្មី​សម័យ​ដើម​ទសវត្សរ៍​១៩៩០​ពីសំណាក់​អ្នក​និយម​បច្ចេក​វិទ្យា​នោះ​ អ៊ីនធើរណិត​ក្រោយ​មក​ក៏​បាន​ទាក់​ទាញ​អ្នក​ប្រើ​ប្រាស់​មាន​ចំណេះ​ដឹង​តិច​តួច​មធ្យម​តាម​រយៈ​ការ​រក​ស៊ី​របស់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ជា​ច្រើន​ដូច​ជា​ការ​ទិញ​សៀវភៅ​ពី​ក្រុមហ៊ុន​លក់​សៀវ​ភៅ​តាម​អ៊ីនធើរណិត​ឈ្មោះ Amazon និង AuctionWeb ជា​ដើម ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​ក្រុមហ៊ុន eBay ដែល​ប្រិយមិត្ដ​ជា​ច្រើន​ស្គាល់​ និងប្រើ​ប្រាស់​សេវា eBay នោះ។

នៅ​ក្នុង​ដំណាក់​កាល​នេះ​មាន​ការ​បង្កើត​កម្មវិធី​បើក​មើល​វ៉ិបសាយថ៍​ដូច​ជា Netscape's Navigator ដោយ​ផ្ដល់​ឱកាស​ឲ្យ​បណ្ដា​ជន​ជា​ច្រើន​នូវ​លទ្ធភាព​ក្នុង​ការ​ប្រើ​អ៊ីនធើរណិត​។ កាល​នោះ​ Netscape's Navigator គឺជា​ឧបករណ៍​មួយ​ដែល​ពេញ​និយម​ខ្លាំង។

ប៉ុន្ដែ​នៅ​ឆ្នាំ​១៩៩៦ គេ​ឃើញ​មាន​ការ​ដាក់​ចេញ​ឲ្យ​ប្រើ​នូវ​ Hotmail តាម​អ៊ីនធើរណិត​។ នេះ​មាន​ន័យ​ថា បណ្ដា​ជន​អាច​ប្រើ​ប្រាស់​អ៊ីមែល​បាន​គ្រប់​ពេល​វេលា និង​ទី​កន្លែង​ដែល​មាន​សេវាកម្ម​អ៊ីនធើរណិត​។ មួយ​ឆ្នាំ​ក្រោយ​មក​នៅ​ឆ្នាំ​១៩៩៧ ក្រុមហ៊ុន Microsoft ​ក៏​បាន​ទិញ​យក​ Hotmail នេះ​ក្នុង​តម្លៃ​ដែល​គេ​រាយការណ៍​ថា ៤០០​លាន​ដុល្លារ។

នៅ​ខណៈ​ពេល​ដែល​អ៊ីមែល​មាន​ល្បឿន​លឿន​ជាង​សំបុត្រ​ប៉ុស្ដិ៍​ផ្ញើ​តាម​ប្រព័ន្ធ​ប្រៃសណី​នោះ ការ​ផ្ញើ​សារ​តាម​អ៊ីនធើរណិត​ភ្លាមៗ​ ក៏​បាន​ជួយ​ដល់​ទំនាក់​ទំនង​រវាង​បណ្ដា​ជន​ឲ្យ​អាច​ទាក់​ទង​គ្នា​បាន​លឿន​រហ័ស​ទាន់​ចិត្ដ​ផង​ដែរ។ ពេល​នោះ​ប្រិយ​មិត្ដ​ខ្លះ​ប្រហែល​ជា​ចាំ​ហើយ​ថា មាន​សេវា​ផ្ញើសារ​ភ្លាម​ៗ​តាម​អ៊ីនធើរណិត​ដែល​គេ​ហៅ​ថា ICQ ដែល​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ​១៩៩៦។

ពេល​នោះ​អ្នក​ខ្លះ​បាន​ប្រើ​អ៊ីនធើរណិត​ដើម្បី​ជជែក​គ្នា​លេង​ជា​ការ​សរសេរ​អក្សរ​ ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​បាន​បើក​ឱកាស​ឲ្យ​មាន​ការ​ទាក់​ទង​គ្នា​ភ្លាមៗ​ដោយ​ការ​និយាយ​ជា​សំឡេង​ឆ្លង​ឆ្លើយ​ ហើយ​ក៏​មាន​ការ​ផ្សាយ​​ចេញ​ភ្លាមៗ​នូវ​សំឡេង​នៃ​ការ​ប្រគំតន្រ្ដី​ផ្ទាល់​ និង​ព្រឹត្ដិការណ៍​ផ្សេងៗ​ទៀត​ផង​ដែរ​ដល់​អ្នក​ប្រើ​ប្រាស់​ជុំវិញ​ពិភព​លោក​​។

នៅ​ក្នុង​ទសវត្សរ៍​១៩៩០​នេះ​ដែរ​ ក្រោយ​ពី​មាន​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​អាសយដ្ឋាន​អ៊ីនធើរណិត​ Google.com ក្រុមហ៊ុន​ Google ក៏​បាន​ចាប់​ផ្ដើម​សន្ទុះ​របស់​ខ្លួន​តាម​រយៈ​ការ​បង្កើត​ប្រូក្រាម​រាវ​រក​ថ្មី​មួយ​ ដែល​ស​បញ្ជាក់​ឲ្យ​ឃើញ​នៅ​សម័យ​នេះ​ថា​ការ​រាវ​រក​តាម​ Google គឺជា​ជោគ​ជ័យ​មួយ​របស់​ក្រុម​ហ៊ុន​នៅ​ពេល​ដែល​ព័ត៌មាន​ជុំវិញ​ពិភព​លោក​កាន់​តែ​មាន​ច្រើន​ឡើង​ៗ​តាម​អ៊ីនធើរណិត។

ក្រោយ​មក​សហគមន៍​អ្នក​និយម​ការសរសេរ​តាម​អ៊ីនធើរណិត​ក៏​បាន​ចែក​រំលែក​នូវ​អ្វី​ដែល​ជា​ចំណូល​ចិត្ដ​របស់​ខ្លួន, បទ​ពិសោធន៍​ជីវិត និង​គំនិត​នានា​របស់​ពួក​គេ​ឲ្យ​មិត្ដ​ភក្ដិ​ និង​ពិភព​លោក​បាន​ដឹង​តាម​រយៈ​ការ​សរសេរ​ Blog ដំបូង​នៅ​លើ​បណ្ដាញ World Wide Web កាល​ពី​ចុង​ទសវត្សរ៍​១៩៩០​នោះ។

នៅ​គ្រា​នោះ​ដែរ កម្មវិធី​ចែក​ចាយ​ព័ត៌មាន​ដែល​គេ​ប្រើ​បច្ចេក​វិទ្យា​ peer-to-peer ដូច​ជា​កម្មវិធី Napster បាន​មក​ដល់​នៅ​លើ​អ៊ីនធើរណិត​ ហើយ​បាន​ទទួល​ការ​ពេញ​និយម និង​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ខណៈ​ពេល​ដែល​អ្នក​និយម​បទ​ចម្រៀង​បាន​នាំ​គ្នា​ចែក​ចាយ​ចម្រៀង​ទាំង​ឡាយ​ដោយ​ខុស​ច្បាប់​ទៅ​វិញ​ទៅ​មក។ ក្រោយ​មក​វ៉ិបសាយថ៍​របស់​ Napster នេះ​ត្រូវ​បាន​តុលាការ​បញ្ជា​ឲ្យ​បិទ​ចោល​នៅ​ឆ្នាំ​២០០១។

នៅ​ចន្លោះ​ឆ្នាំ​២០០០​ ទៅ​ឆ្នាំ​២០០៤ គឺជា​ការ​ចេញ​ឡើង​នូវ​បណ្ដាញ​សង្គម Social Networking។

នៅ​ឆ្នាំ​២០០១ មណ្ឌល​ប្រមូល​ព័ត៌មាន​តាម​អ៊ីនធើរណិត​ហៅថា Wikipedia បាន​ផុស​ឡើង។ កាល​ដំបូង​គឺ​មាន​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ព័ត៌មាន​ Encyclopaedia របស់​កុមារ ប៉ុន្ដែ​ក្រោយ​មក​វ៉ិបសាថយ៍​នេះ​បាន​រីក​ចម្រើន​ឡើង​នៅ​ពេល​ដែល​ Encyclopaedia Britannica កំណែ​១៩១១​ បាន​ត្រូវ​គេ​ដាក់​ឲ្យ​សាធារណជន​ប្រើ​។ អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា គេ​មានការ​កត់​សម្គាល់​ឃើញ​នូវ​ការ​ប្រើ​ប្រាស់​យ៉ាង​ច្រើន​នៃព័ត៌មាន Encyclopaedia នេះ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០២ ទៅ​២០០៣។

ក្រោយ​មក​ទៀត​កម្មវិធី iTunes របស់​ក្រុម​ហ៊ុន Apple បាន​ផ្ដល់​លទ្ធភាព​ឲ្យ​បណ្ដាជន​អាច​ស្ដាប់​ចម្រៀង​តាម​អ៊ីនធើរណិត​បាន​ដោយ​ស្រប​ច្បាប់​ ហើយ​អាច​ទាញ​យក​បទ​ចម្រៀង​ទាំង​នោះ​ទុក​ស្ដាប់​តាម​ចំណង់​របស់​អ្នក​ប្រើ​ទៀត​ផង​ដោយ​មាន​ការ​បង់​ថ្លៃ​។

ក្រោយ​ពី​ការ​ដាក់​បទ​ចម្រៀង​តែ​២សែន​បទ​នៅ​គ្រា​ដំបូង​ ចំនួន​នៃ​បទ​ចម្រៀង​នេះ​បាន​កើន​ដល់​២សែន ៥ម៉ឺន​បទ​ក្នុង​តែ​រយៈ​ពេល​២៤ម៉ោង​ប៉ុណ្ណោះ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​តម្រូវការ​ខ្ពស់​ពី​អ្នក​ប្រើ​ប្រាស់​ដែល​និយម​បទ​ចម្រៀង​គ្រប់​បែប​យ៉ាង។

ដោយ​ផ្អែក​លើ​ទស្សនទាន​នៃ​បណ្ដាញ​ peer-to-peer ដូច​ជា​កម្មវិធី​ Napster ក្រោយ​មក​មាន​ការ​បង្កើត​កម្មវិធី Skype ។ ដោយ​ប្រើ​បច្ចេក​វិទ្យា​ស្រដៀង​គ្នា​ កម្មវិធី Skype នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ហៅ​ទូរស័ព្ទ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ឥត​គិត​ថ្លៃ​ដោយ​ប្រើ​កម្មវិធី Skype នោះ។

ក្រោយ​មក​ទៀត​កម្មវិធី Skype ក៏​បែក​គំនិត​ និង​ប្រាជ្ញា​ដោយ​បាន​រួម​បញ្ចូល​ទាំង​ការ​ផ្ញើ​សារ ឬ​ការ​ឆ្លង​ឆ្លើយ​វីដេអូ​មើល​មុខ​គ្នា​ឃើញ​ភ្លាមៗ​ផង​ដែរ​។ នេះ​គឺជា​ជម្រើស​មួយ​ថ្មីខុស​ពី​ពី​ទំនាក់​ទំនង​ទូរគមនាគមន៍​ប្រពៃណី​ដូច​ជា​ទូរស័ព្ទ​លើ​តុ ឬទូរស័ព្ទ​ចល័ត។

ការ​ប្រើ​បច្ចេក​វិទ្យា​ទំនាក់​ទំនង​វីដេអូ​នេះ ក្រោយ​មក​ត្រូវ​គេ​យល់​ឃើញ​ថា មានប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​ឧស្សាហកម្ម​ជា​ច្រើន​ដូច​ជា​ផ្នែក​វេជ្ជ​សាស្រ្ដ ដែល​អនុញ្ញាត​ឲ្យ​វេជ្ជបណ្ឌិត​ពិនិត្យ​ជំងឺ​ពី​ចម្ងាយ ហើយ​ក្នុង​ករណី​ខ្លះ​ព្យាបាល​ជំងឺ​ពី​ចម្ងាយ​រាប់​ពាន់​គីឡូម៉ែត្រ​ផង។

ទោះ​បីជាបច្ចេក​វិទ្យា​ផ្ញើសារ​ភ្លាមៗ​បាន​មាន​ការ​ពេញ​និយម​សម័យ​នោះ​ក៏​ដោយ ក៏​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ប៉ុណ្ណោះ​បណ្ដាញ​សង្គម Social Networking បាន​ចាប់​ផ្ដើម​លេច​មុខ​ឡើង​ជា​ជម្រើស​មួយ​ថ្មី​ទៀត​សម្រាប់​អ្នក​ប្រើ​ប្រាស់។ បណ្ដាញ​សង្គម​សម្រាប់​អ្នក​មាន​អាជីព​ Professional Networking site ដូច​ជា LinkedIn ត្រូវ​បាន​គេ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ខែ​ឧសភា ឆ្នាំ​២០០៣ ហើយ​ក្រោយ​មក​នៅ​ខែ​សីហា បាន​លេច​មុខ MySpace។

នៅ​គ្នា​នោះ និស្សិត​ម្នាក់​ឈ្មោះ Mark Zuckerberg ពី​សកល​វិទ្យាល័យ Harvard ដ៏ល្បី​នៅ​អាម៉េរិក​ក៏​បាន​ណែនាំ​មិត្ដ​ភក្ដិ​របស់​លោក​ឲ្យ​ប្រើ​ Facebook ដែល​ជា​បណ្ដាញ​សង្គម​បង្កើត​ឡើង​សម្រាប់​ក្រុម​និស្សិត​នៅ​សកល​វិទ្យា​ល័យ​លោក​នៅ​ឆ្នាំ​២០០៤។ ថ្ងៃ​ដំបូង​មាន​និស្សិត​១០០០នាក់​បាន​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​បណ្ដាញ​នោះ។

ដំណាល​គ្នា​នេះ​ដែរ ការ​ប្រើ​ប្រាស់​អ៊ីមែល​តាម​រយៈ​វ៉ិបសាយថ៍​ក៏​មាន​ការ​ពេញ​និយម​។ ពេល​នោះ Gmail របស់​ក្រុមហ៊ុន Google ក៏​បាន​ឈាន​ជើង​ចូល​ទីផ្សារ​ដោយ​ទាក​ទាញ​ល្បួង​អ្នក​ប្រើ​កាន់​តែ​ច្រើន​តាម​រយៈ​ការ​ផ្ដល់​ទំហំ​ផ្ទុក​ទិន្នន័យ​អ៊ីមែល​កាន់​តែ​ច្រើន​ជាង​សេវា​អ៊ីមែល​ផ្សេងៗ​ទៀត​នៅ​ទសវត្សរ៍​២០០០​នោះ។

នៅ​ចន្លោះ​ឆ្នាំ​២០០៥ ដល់​២០០៩ គឺ​ជា​បដិវត្ដន៍​នៃ​ទូរស័ព្ទ​ទំនើប។ ១០​ឆ្នាំ​ក្រោយ​ពី​មាន​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា World Wide Web ជា​សាធារណៈ បណ្ដា​ជន​ជា​ច្រើន​បាន​ចាប់​ផ្ដើម​ប្រើ​ប្រាស់​អ៊ីនធើរណិត ដែលពេល​នោះ​មាន​ល្បឿន​យឺត​ដោយ​ប្រើ​បច្ចេក​វិទ្យា dial-up តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ទូរស័ព្ទ​លើ​តុ។ ក្រោយ​មក​ក៏​មាន​ការ​ប្រើ​អ៊ីនធើរណិត​តាម​បច្ចេក​វិទ្យា​ DSL និង​ខ្សែ​កាប​ដែល​ផ្ដល់ល្បឿន​លឿន​ជាង​ dial-up ។

ដោយ​មាន​ការ​ពេញ​និយម​ផ្នែក​បច្ចេក​វិទ្យា​ចែក​រំលែក​សំឡេង​ ក្រុម​អតីត​និយោជិត​ក្រុមហ៊ុន​ PayPal បាន​បង្កើត​បច្ចេក​វិទ្យា YouTube។ សក្កានុពល​នៃ​បច្ចេក​វិទ្យា​ YouTube នេះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន Google មាន​ការចាប់​អារម្មណ៍ ហើយ​ក៏​បាន​ទិញ​ក្រុម​ហ៊ុន​នេះ​យក​ក្នុង​តម្លៃ ១ពាន់ ៦រយ ៥០​លាន​ដុល្លារ។

នៅ​គ្រានោះ​ដែរ ​បច្ចេក​វិទ្យា​ Blogging ដែល​ជា​ការ​សរសេរ​ប្លុក​តាមអ៊ីនធើរណិត​ក៏​កាន់​តែ​រីក​ចម្រើន​ ហើយ​ក៏​នាំ​ឲ្យ​មាន​ការ​លេច​មុខ​បច្ចេក​វិទ្យា Twitter ផង​ដែរ​។

នៅ​សកល​វិទ្យា​ល័យ Harvard ឯណោះ​វិញ ដោយ​សារ​តែ​មាន​ការ​ពេញ​និយម​ក្នុង​ចំណោម​និស្សិត​លើ​បណ្ដាញ Facebook នៅ​ទីនោះ។ បណ្ដាញ Facebook នោះ​ក៏​ត្រូវ​បាន​គេ​បើក​ឲ្យ​និស្សិត​ពី​សកល​វិទ្យា​ល័យ​ដទៃ​ទៀត​​ប្រើ​ប្រាស់​ មុន​នឹង​ចេញ​ឲ្យ​សាធារណៈ​ជន​ប្រើ​ទូទាំង​ពិភព​លោក។

នៅ​ឆ្នាំ​ដដែល​ដែល​មានការ​ចេញ​ Facebook ឲ្យ​សាលា​ដទៃ​ប្រើ​នោះ ក្រុមហ៊ុន Apple បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ទូរស័ព្ទ​ទំនើប​ iPhone ជា​លើក​ដំបូង​។ ក្រោយ​មក​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដទៃ​ទៀត​ក៏​បាន​ចេញ​ផលិត​ផល​ទូរស័ព្ទ​ទំនើប​ៗ​របស់​ខ្លួន​ដើម្បី​ប្រកួត​ប្រជែង​លើ​ទីផ្សារ​ ដោយ​ផ្ដល់​លទ្ធភាព​ឲ្យ​អ្នក​ប្រើ​អាច​ប្រើ​ប្រាស់​អ៊ីនធើរណិត​បាន​តាម​ទូរស័ព្ទ​ចល័ត​របស់​ខ្លួន។

ពេល​នោះ​ហើយ​ដែល​ជា​បដិវត្ដន៍​នៃ​ទូរស័ព្ទ​ទំនើបៗ។ ឆ្លៀត​ឱកាស​នេះ ក្រុមហ៊ុន Apple ក៏​បង្កើត App Store ដើម្បី​ដាក់​កម្មវិធី​ទូរស័ព្ទ​ចល័ត​ដល់​ទៅ​៥០០​កម្មវិធី សម្រាប់​ផ្ដល់​ដល់​អ្នក​ប្រើ​ប្រាស់​ទាញ​យក​ទៅ​ប្រើ។

ប្រព័ន្ធ​ទូរស័ព្ទ​ប្រភេទ Android ដែល​ជា​ដៃគូ​ប្រជែង​របស់​ iOS នៃ​ក្រុមហ៊ុន Apple ក៏​បាន​បង្កើត​ Application Store របស់​ខ្លួន​ផង​ដែរ​ដែល​ក្រោម​មក​ក៏​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ដោយ​ផ្ដល់​លទ្ធភាព​ឲ្យ​អ្នក​ប្រើ​អាច​លេង​ហ្គេម, ចែក​ចាយ​រូបភាព និង​វីដេអូ​, ឆែក​មើល​ជើង​ហោះ​ហើរ​ និង​អាច​ធ្វើ​ការ​ការ​ជា​ច្រើន​ទៀត​បាន​តាម​រយៈ​ទូរស័ព្ទ​ចល័ត​ទំនើប​ៗ​របស់​ខ្លួន។

ចំណែកអំឡុងពេល​២០១០ និង​២០១៤​នេះ គឺ​ជា​ពេល​មួយ​ដែល​ឃើញ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ទាំង​ផ្នែក​ការ​ប្រើ​បណ្ដាញ​សង្គមតាម​អ៊ីនធើរណិត ដើម្បី​ការ​ផ្លាស់​ប្ដូរ​របប​សង្គម​។ ក្នុង​នោះ​មាន​ដូច​ជា​ការ​ប្រើ​ Facebook និង Twitter ដើម្បី​រៀប​ចំ​បាតុកម្ម​ប្រឆាំង​នឹង​អតីតប្រធានាធិបតី​អេហ្ស៊ីប។

ក្រៅ​ពីនេះ​ក៏​ឃើញ​មានការ​កើន​ឡើង​នូវ​ការ​ប្រើ​ប្រាស់​អ៊ីនធើរណិត, ទូរស័ព្ទ​ចល័ត, ហើយ​ល្បឿន​អ៊ីនធើរណិត​ក៏​កាន់​តែ​លឿង​ខ្លាំង​ជាង​មុន គ្រាន់​តែ​វីដេអូ​របស់​លោក Psy's ហៅ​ថា បទ​ចម្រៀង Gangnam Style នោះ​ត្រូវ​គេ​មើល​២ពាន់​លាន​ដង​ទូទាំង​ពិភព​លោក​។ រីឯប្រូក្រាម​វិញ គឺ​មាន​សឹង​គ្រប់ប្រភេទ​គ្រប់​ភាសា​ទាំង​អស់។ ហើយ​ចំនួននៃ​ការ​ប្រើ​អ៊ីនធើរណិត, កុំ​ព្យូទ័រ, ទូរស័ព្ទ​ចល័ត​នឹង​មាន​ការ​កើន​ឡើង​កាន់​តែ​ខ្លាំង​ថែម​ទៀត​ទៅ​ថ្ងៃ​អនាគត៕

អ្នក​ចូល​រួម​ចំណែក

ឃុន អាឡិច

ឃុន អាឡិច

ពិធីករ/​ពិធីការិនី

លោក ឃុន អាឡិច បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ជា​មួយ Radio Australia តាំង​ពី​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​លោក​គឺជា​អ្នក​កាសែត និង​ផលិត​ករ​​​ម្នាក់​ដែល​មាន​ជំនាញ​ច្រើន​​មុខ​​ទាំង​ខាង​ការ​ផលិត​​កម្ម​វិធី​វិទ្យុ​ និង​មាតិកា​ Multimedia សម្រាប់​ភាសា​ខ្មែរ និង​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស​​សម្រាប់​វិទ្យុ​, ​វ៉ិបសាយថ៍​ និង​បណ្ដាញ​សង្គម។ មុន​ពេល​ចូល​ធ្វើ​ការ​ជា​មួយ​ Radio Australia លោក​ធ្លាប់​បាន​បម្រើ​ការ​ងារ​​ជា​អ្នក​បច្ចេក​ទេស​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា និង​ទូរ​គម​នាគមន៍​អេឡិចត្រូនិក​​ផង​ដែរ​។

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

ទាក់ទង​​មក​យើង​​​ក្នុងបន្ទប់ផ្សាយ

តើ​លោក​អ្នក​ចង់​បញ្ចេញ​គំនិត ឬ​មតិ​យោបល់​លើ​ប្រធាន​បទ​, បញ្ហា ឬ​អ្វី​ដែល​លោក​អ្នក​កំពុង​ស្ដាប់​ឮ​តាម​វិទ្យុ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ​ឬ​ទេ?

សារ​តាម​ទូរសព្ទ
សូម​ផ្ញើ​សារ​របស់​អ្នក​តាម​ទូរសព្ទ​ចល័ត​មក​លេខ +61 427 72 72 72

សារ​តាម​ Tweeter
របស់​លោក​អ្នក​សូម​សរសេរ​បញ្ចូល​នូវ​​ពាក្យ​ #raonair ផង​ដើម្បី​ចូល​រួម​ការ​សន្ទនា​​ជា​មួយ​យើង​ខ្ញុំ​។

តាម​រយៈ​អ៊ីមែល
សូម​អ៊ីមែល​គំនិត​ និង​មតិ​យោបល់​ផ្សេងៗ​របស់​អ្នក​អំពី​បញ្ហា​នោះ​មក​យើង​ខ្ញុំ​។ យើង​ខ្ញុំ​អាច​អាន​ ឬ​ប្រកាស​សារ​របស់​លោក​អ្នក​នៅ​ក្នុង​​​ពេល​កំពុង​​​ផ្សាយ​​វិទ្យុ​របស់​យើង។